អន្តរជាតិ
ហ្វេសប៊ុក ប្រឈមនឹងពិន័យ ៥ពាន់លានដុល្លារ ចំពោះរឿងអាស្រូវ Cambridge Analytical ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg (AFP)
× អាជ្ញាធរអាមេរិក បានសម្រេចដាក់ពិន័យក្រុមហ៊ុន Facebook ចំនួន៥ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ចប់ការស៊ើបអង្កេតលើករណីរំលោភទិន្នន័យឯកជនភាព។ ការដាក់ពិន័យលើក្រុមហ៊ុន Facebook នេះ គឺជាការពិន័យធំបំផុតដែលពុំធ្លាប់មានពីមុនមកឡើយពីសំណាក់អាជ្ញាធរអាមេរិក FTC ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា គិតចាប់ពីឆ្នាំ ២០១២មក។
នៅថ្ងៃសុក្រទី ១២ ខែកក្កដា គណៈកម្មាធិការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានអនុម័តដំណោះស្រាយបញ្ចប់រឿងជាមួយក្រុមហ៊ុន Facebook ជុំវិញករណីរឿងអាស្រូវ Cambridge Analytica កាលពីឆ្នាំ២០១៨ ដោយតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបង់ពិន័យជាប្រាក់ ៥ពាន់លានដុល្លារ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដំណោះស្រាយបញ្ចប់រឿងតម្លៃ៥ពាន់លានដុល្លារនេះ ត្រូវបានអនុម័តដោយជោគជ័យក្នុងសំឡេងឆ្នោត ៣ ទល់នឹង ២ សំឡេង ដោយមានការសំឡេងគាំទ្រពីសំណាក់សមាជិកបក្សសាធារណរដ្ឋ តែទទួលរងសំឡេងប្រឆាំងពីសមាជិកបក្សប្រជាធិបតេយ្យអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិក នឹងអនុម័តជាលើកចុងក្រោយលើការពិន័យនេះ។
ការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិក FTC បានចាប់ផ្តើមឡើង ក្នុងខែមីនា ឆ្នាំ២០១៨ ក្រោយពីក្រុមអ្នកឃ្លាំមើល បានទម្លាយថា ភ្នាក់ងារប្រឹក្សានយោបាយ ដែលមានទីតាំងនៅចក្រភពអង់គ្លេស Cambridge Analytica ទទួលបានទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ច្រើនជាង ៥០លានគណនី ដោយមិនត្រឹមត្រូវ។
ការស៊ើបអង្កេតនេះ បានផ្តោតសំខាន់លើការស្វែងរកចម្លើយថា តើក្រុមហ៊ុន Facebook បានល្មើសកិច្ចព្រមព្រៀងឆ្នាំ២០១១ ដោយចែងថា ខ្លួនតម្រូវឲ្យផ្តល់ដំណឹងទៅដល់អ្នកប្រើប្រាស់ និងស្នើសុំការយល់ព្រមជាមុនសិន ដើម្បីអាចចែករំលែកទិន្នន័យរបស់ពួកគេជាមួយនឹងភាគីទីបី។
មែនទែនទៅ ការដាក់ពិន័យលើក្រុមហ៊ុន Facebook នេះ គឺជាការពិន័យធំបំផុតដែលពុំធ្លាប់មានពីមុនមកឡើយពីសំណាក់អាជ្ញាធរអាមេរិក FTC ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា។ កន្លងទៅ ការដាក់ពិន័យច្រើនបំផុតរបស់ភ្នាក់ងារនេះ បានធ្វើឡើងកាលពីឆ្នាំ ២០១២ ដោយកាលនោះក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ពិន័យ ២២,៥លានដុល្លារ ចំពោះករណីការអនុវត្តឯកជនភាពរបស់ខ្លួន។
សូមបញ្ជាក់ថា រឿងអាស្រូវ Cambridge Analytical គឺជាការលួចទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ ដើម្បីជួយទាញប្រជាប្រិយភាពអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ទាំងនោះ ត្រូវលួចតាមរយៈការធ្វើ Quiz តាមប្រព័ន្ធអនឡាញ ដែលតម្រូវឲ្យពួកគេបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន៕
Tag:
Facebook
Data privacy
Cambridge Analytical
© រក្សាសិទ្ធិដោយ thmeythmey.com