ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡាវ ចំរើន បង្កើត​សិប្បកម្ម​ច្នៃ​សំរាម​ជា​សម្ភារ​ប្រើប្រាស់ លក់​ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស​
14, Jul 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ឡាវ ចំរើន ក្នុង​វ័យ​៤០ ឆ្នាំ មាន​ពិការភាព​ដៃ​ម្ខាង​តាំងពី​តូច​ម្ល៉េះ ប៉ុន្តែ​លោក​តែងមាន​គំនិត​ច្នៃប្រឌិត​ជានិច្ច​។ លោក ចំរើន បាន​បង្កើត​សិប្បកម្ម​កែច្នៃ​សំរាម​ជា​វត្ថ​ប្រើប្រាស់ ឈ្មោះថា​«​ឈ្លាសវៃ​»(SmartCraft) រយៈពេល​៧​ឆ្នាំ​មកហើយ ដោយ​ប្រមូល​ពលរដ្ឋ​ពិការ និង​ក្រីក្រ​ជាច្រើន​នាក់ មក​ធ្វើការ​នៅ​សិប្បកម្ម​ខ្លួន ដែលមាន​កែច្នៃ​សំរាម​ធ្វើ​ជាការ​បូ​បដា​ក់​ប្រាក់​,​កាបូបស្ពាយ និង​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត​។ បច្ចុប្បន្ន​ផលិតផល​កែច្នៃ​ចេញពី​សិប្បក​កម្ម​របស់លោក ចំរើន ទទួលបាន​ការគាំទ្រ ពី​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។


 
​ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡាវ ចំរើន ស្ថាបនិក SmartCraft ដូចតទៅ​៖ 



 
​លោក ឡាវ ចំរើន គឺជា​ជនពិការ​ដៃ​ម្ខាង (​ស្វិតដៃ​) ប៉ុន្តែ​គាត់​បាន​ខិតខំ​តស៊ូ​រហូត​ក្លាយ​ស្ថាបនិក​សិប្បកម្ម SmartCraft​។ សិប្បកម្ម SmartCraft ដែលមាន​ទីតាំងនៅ​ជិត​វត្ត​សន្សំ​កុសល បាន​យក​សំរាម​ដូចជា ពោះវៀន​កង់ឡាន កែបម៉ូតូ និង​ប៉ា​ស៊ីម៉ង់ត៍​…​មក​កែច្នៃ​ជា​វត្ថុ​ប្រើប្រាស់​រួមមាន​កាបូបដៃ និង​កាបូបស្ពាយ​ជាដើម​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ​នៃ​ការបង្កើត​សិប្បកម្ម​នេះ គឺ​ខ្ញុំ​ចង់​បង្កើត​ការងារ​ដល់​ជនពិការ​ដូចគ្នា ព្រោះ ជនពិការ​ពេល​ទៅធ្វើ​ការ​ជាមួយ​អ្នក​មិន​ពិការ ពួកគេ​ពិបាក​ធ្វើការ​ណាស់ ដោយសារ​មានការ​រើសអើង​ពួកគាត់​។ មួយទៀត ខ្ញុំ​យក​សំរាម​មក​កែច្នៃ​ឡើងវិញ គឺជា​ការជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​»​។   


 
​បច្ចុប្បន្ន ផលិតផល​របស់​សិប្ប​កម្ម SmartCraft បានទទួល​ការគាំទ្រ​ជាច្រើន​ទាំង​ក្នុងស្រុក និង​ទីផ្សារ​ក្រៅប្រទេស ដូចជា​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ជាដើម​។ នៅក្នុង​មួយខែ លោក​អាច​នាំចេញ​ផលិតផល​កាបូប ទៅ​ក្រៅប្រទេស ចន្លោះ​ពី​៧០០ ទៅ​១​ពាន់​កាបូប​។ 
 
​លោក ឡាវ ចំរើន បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ​។ ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៥​នាក់ លោក​ចំរើន អះអាងថា លោក​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុងការ​រស់នៅ និង​ទម្រាំ​រៀន​ចប់​បរិញ្ញាបត្រ​ជំនាញ​គ្រប់គ្រង​។ លោក ចំរើន បាន​បង្កើត​សិប្បកម្ម​ឈ្លាសវៃ​នេះ តាំងពី​ឆ្នាំ​២០១២​មក ទាំង​ខ្វះខាត​ដើមទុន​ផង​។ នៅពេល​បើក​សិប្បកម្ម​ដំបូងៗ លោក ក៏​ប្រឈម​នឹង​បញ្ហា​ធំ​មួយទៀត​ដែរ នោះ​គឺ​មិនសូវមាន​អតិថិជន​។​
 
​តែ​យ៉ាងណាក៏ដោយ លោក​បាន​ជួល​តូប​នៅ​ផ្សារ​ទួល​ទំពូង និង​បាន​លក់រាយ​នូវ​ផលិតផល​របស់​សិប្បក​ម្ម SmartCraft រហូត​មានការ​គាំទ្រ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន សិប្បកម្ម​របស់លោក មាន​កម្មករ​៨​នាក់ ហើយ​ផលិតផល​របស់លោក​បាន​ដាក់លក់​នៅតាម​តំបន់​ទេសចរណ៍​មួយចំនួន​នៅ​ក្រុងភ្នំពេញ និង​បាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ 


 
​បើតាម​ស្ថាបនិក​សិប្បកម្ម SmartCraft ផលិតផល​ផលិត​ពី​សំរាម មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ឡើយ ប៉ុន្តែ​សម្រាប់​ជនបរទេស ពួកគេ​ពិតជា​ឲ្យ​តម្លៃ​ផលិតផល​ដែល​ផលិត​ដោយ​ដៃ​នេះ​ណាស់​។ យ៉ាងណា​លោក​សំណូមពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ផលិតផល​របស់គាត់ ពីព្រោះ វា​មានគុណ​ភាពល្អ និង​អាចជួយ​ផ្តល់​ចំណូល​ដល់​ជនពិការ និង​ពលរដ្ឋ​ក្រីក្រ​ផ្សេងទៀត​។     
 
​ជា​ជនពិការ​រាងកាយ តែ​លោក​មិន​ពិការ​គំនិត​ច្នៃប្រឌិត​ឡើយ​។ លើសពីនេះ មិន​ត្រឹមតែ​ជួយ​ខ្លួនឯងបាន​នោះទេ លោក​បាន​ជួយផ្តល់​ការងារ​ដល់​អ្នកដទៃ​ជាច្រើន​ទៀតផង​។ លោក​បាន​ផ្តាំផ្ញើ​ដល់​ជនពិការ​ផ្សេងទៀត សូមកុំ​អស់សង្ឃឹម ត្រូវខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ទៅ​ស្វែងរក​របរ​មួយ​ចិញ្ចឹម​ខ្លួនឯង និង​ជួយ​ដល់​សង្គម​៕       





Tag:
 ជនពិការ​
 ​ឡាវ ចំរើន​
 ​កែច្នៃ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com