អន្តរជាតិ
វៀតណាម ដាក់ផែនការក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលនាំមុខនៅអាស៊ានត្រឹមឆ្នាំ២០៣០ រូបភាព ៖ VietnamNet
× រដ្ឋាភិបាលក្រុងហាណូយ កំពុងតែរៀបចំផែនការត្រួសត្រាយផ្លូវដើម្បីប្រែក្លាយប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែកៀកក្នុងសេដ្ឋកិច្ចសកល និងនាំមុខគេនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ាននៅត្រឹមឆ្នាំ២០៣០។ ក្រុងហាណូយ ក៏បានដាក់ផែនការពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋដើម្បីប្រកួតប្រជែងនៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចឌីជីថលផងដែរ។
តាមរយៈសិក្ខាសាលាស្តីពីការត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ក្រសួងព័ត៌មានវៀតណាមនៅថ្ងៃ១២ កក្កដា លោក Nguyễn Thành Phúc បានឲ្យដឹងថា វៀតណាម កំពុងតែរៀបចំគម្រោងមួយដើម្បីកសាងផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយផែ្អកលើមូលដ្ឋានបច្ចេកវិទ្យា ក្នុងគោលដៅចូលរួមប្រកួតប្រជែងទាំងក្នុងសេដ្ឋកិច្ចសកលផង និងក្នុងតំបន់ផង។ នេះបើយោងតាម Vietnam News។
តាមប្រភពព័ត៌មានដដែលនោះ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្នុងគម្រោងដែលគ្រោងអនុម័តផ្លូវការនៅបំណាច់ឆ្នាំ២០១៩នេះ វៀតណាម មានគោលដៅចម្បងជាច្រើនរាប់បញ្ចូលទាំងការធ្វើឲ្យល្អប្រសើរនៃការប្រកួតប្រជែងជាមួយនឹងកំណើនជាមធ្យម នៃសេដ្ឋកិច្ចឌីជីថលឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ និងកំណើនផលិតភាពកម្លាំងពលកម្មពី៧ ទៅ១០ភាគរយនៅត្រឹមឆ្នាំ២០៣០។
ផែនការដដែលនោះ ក៏មានគោលដៅប្រែក្លាយវៀតណាមឲ្យទៅជាប្រទេសដែលមានការប្រកួតប្រជែងសេដ្ឋកិច្ចកំពូលទាំង២០របស់សកល និងលំដាប់កំពូលទាំងបីរបស់អាស៊ាន ក៏ដូចជាកសាងរដ្ឋាភិបាលមួយប្រកបដោយតម្លាភាព និងប្រសិទ្ធភាព តាមលក្ខណៈរដ្ឋាភិបាលអេឡិចត្រូនិកលេចធ្លោរបស់ពិភពលោកផងដែរ ។
ដើម្បីសម្រេចបានគោលដៅនេះ ក្នុងផែនការនេះ វៀតណាម បានដាក់ទិសដៅអនុវត្តប្រែក្លាយសេដ្ឋកិច្ចឌីជីថលជាបីដំណាក់កាល។ ដំណាក់កាលទី១ ពីឆ្នាំ២០២០-២០២២ ធ្វើឲ្យវិស័យឧស្សាហកម្មឲ្យចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។ ដំណាក់កាលទី២ ដែលត្រូវចាប់ផ្តើមពីឆ្នាំ២០២៣-២០២៥ ត្រូវផ្តោតលើការបង្កើនផលិតភាពការងារ ខណៈដំណាក់កាលទី៣ គឺជាពេលដែលវៀតណាមអភិវឌ្ឍឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលគ្រប់ជ្រុងជ្រោយក្នុងរយៈពេលឆ្នាំ២០២៦-២០៣០៕
Tag:
វៀតណាម
អាស៊ាន
សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com