អន្តរជាតិ
ត្រី​បា​ឡែ​ន​ប្រើប្រាស់​សំឡេង​ដើម្បី​មើល​ជំនួស​ភ្នែក​
15, Jul 2019 , 8:39 am        
រូបភាព
​មិនមាន​សត្វ​ច្រើន​ប៉ុន្មាន​នោះទេ​នៅក្នុង​ធម្មជាតិ ដែល​អាច​ប្រើប្រាស់​រលក​សំឡេង​ក្នុងការ​ពិនិត្យមើល​បរិ​វេណ​ជុំវិញ ជំនួស​ឲ្យ​ការប្រើប្រាស់​ភ្នែក​។ សម្រាប់​មនុស្ស និង​សត្វ​ជាច្រើន​ទៀត ភ្នែក គឺជា​វិញ្ញាណ​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុងការ​ទទួលយក​ទិន្នន័យ​អំពី​បរិស្ថាន​ជុំវិញ សម្រាប់​រក​ចំណី និង​សម្រាប់​ការពារ​ខ្លួន​ពី​សត្វ​កាច​សាហាវ​។​

 
​សម្រាប់​ថនិកសត្វ​មួយចំនួនទៀត ការមើល​ដោយ​ភ្នែក​មិនទាន់​គ្រប់​គ្រាប់​សម្រាប់​កន្លែង​រស់នៅ​របស់​ពួកគេ​នោះទេ​។ ក្នុងនោះ​មានដូចជា ត្រី​បា​ឡែ​ន ផ្សោត​ដូ​ហ្វី​ន និង​ប្រចៀវ​ជាដើម​។ ថនិកសត្វ​ទាំងនេះ ប្រើប្រាស់​រលក​សំឡេង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ 
 
​គេហទំព័រ whalseforever.com បាន​ពន្យល់ថា ដោយសារតែ​នៅ​ជម្រៅ​ជ្រៅ ទឹកសមុទ្រ​មិនអាច​ទទួល​ពន្លឺព្រះអាទិត្យ​បាន​គ្រប់គ្រាន់​នោះទេ​។ ពេលខ្លះ ទឹកសមុទ្រ​នៅក្នុង​កន្លែង​មួយចំនួន ក៏មាន​ភាពល្អក់​ផងដែរ​។ ហេតុដូចនេះ ពពួកសត្វ​ត្រី​បា​ឡែ​ន​ប្រើប្រាស់​លំនាំ​ស្រូប និង​បញ្ចេញ​សំឡេង​ម្យ៉ាង​ហៅថា Echolocation ឬ​ជា​ភាសា​ខ្មែរ​មានន័យថា «​ការកំណត់​ទីតាំង​ដោយ​ប្រើប្រាស់​ការ​ផ្លាត​នៃ​រលក​សំឡេង​»​។ 
 
​ត្រី​បា​ឡែ​ន ជាមួយនឹង​អំបូរ​បា​ឡែ​ន​ប្រមាណ ៦០​ប្រភេទ​ដទៃទៀត ធំធាត់​ជាមួយនឹង​សរីរាង្គ​ជីវសាស្ត្រ​ពិសេស​ម្យ៉ាង អាច​ផលិត​រលក​សំឡេង​ដែលមាន​កម្រិត​ហ្វ្រេ​កង់​ពិសេស​មួយបែប​។ សម្លេង​ទាំងនេះ​មាន​ប្រភព​ចេញពី​ស្រទាប់​ជាលិកា​ដ៏​ស្មុគស្មាញ​មួយ មាន​ទីតាំង​នៅក្បែរ​ប្រអប់​ខួរ ហើយ​ជាលិកា​ទាំងនេះ ប្រើប្រាស់​ការប្រែប្រួល​នៃ​សម្ពាធ​ខ្យល់​ដើម្បី​ផលិត​សំឡេង​។  
 
​សំឡេង​ដែល​ផលិត​បាន នឹង​ដាល​ចេញពី​ជាលិកា​ទាំងនោះ ទៅតាម​ទឹក រួច​រលក​សំឡេង​នោះ នឹង​ផ្លាត​មក​បា​ឡែ​ន​វិញ នៅពេល​ដែលមាន​អ្វី​នៅខាងមុខ​។ វត្ថុ ឬ​សត្វ​ដែល​រូបរាង​ខុសគ្នា ផលិត​ឲ្យ​មានការ​ផ្លាត​សំឡេង​ផ្សេងៗ​ពីគ្នា​។ សំឡេង​ដែល​ត្រលប់​មកវិញ​នោះ ត្រូវបាន​ចាប់យក​ដោយ​ជាលិកា​មួយ​ប្រភេទ​ផ្សេងទៀត​ដែលមាន​ទីតាំងនៅ​ខាងក្រោម​ថ្គាម​។ 
 
​ជាមួយនឹង​សំឡេង​ង ត្រី​បា​ឡែ​ន​អាច​ដឹង​ពី​ល្បឿន ទំហំ រូបរាង សត្វ​ដទៃទៀត​នៅក្នុង​ទឹក​។ អ្នកវិទ្យាសាស្ត្រ ក៏បាន​ប្រើប្រាស់​លំនាំ​ស្រដៀង​គ្នា​នេះដែរ ក្នុងការ​ពិនិត្យមើល​ជម្រៅ​ទឹក​ផងដែរ​។ ចំពោះ​ឧបករណ៍​រ៉ា​ដា ដែល​គេ​បំពាក់​តាម​នាវាចម្បាំង​វិញ គេ​ប្រើប្រាស់​លំនាំ​ផ្លាត​នៃ​រលក​វិទ្យុ ជំនួស​ឲ្យ​រលក​សំឡេង​៕

Tag:
 ត្រី​បា​ឡែ​ន​
  ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com