ជាតិ
ឱកាសស្វែងយល់ពីវប្បធម៌ខ្មែរថ្ងៃទី៨-១០ខែសីហានៅសាលាមធ្យមវិចិត្រសិល្បៈ រូបពីសាលាមធ្យមវិចិត្រសិល្បៈ
× ភ្នំពេញ៖ ផ្ទាំងសិល្បៈទស្សនីយភាពជាង១០ទម្រង់ ទាំងបុរាណនិងសម័យ ព្រមទាំងការតាំងពិព័រណ៍ស្នាដៃសិល្បៈ របស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ នឹងសម្ដែងជូនសាធារណជនទស្សនាដោយមិនគិតថ្លៃ។ នេះជាឱកាសដ៏វិសេសសម្រាប់ជនរួមជាតិខ្មែរ ក្នុងការសិក្សាស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែច្បាស់បន្ថែមទៀត។
សិល្បៈទស្សនីយភាពដែលត្រូវសម្ដែងនៅសាលាមធ្យមវិចិត្រសិល្បៈមានដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ តន្ត្រីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត។ បន្ថែមពីនោះការតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រកម្មគំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដែលជាស្នាដៃរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ក៏មានតាំងបង្ហាញនៅថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ ផងដែរ។
ផ្ទាំងសិល្បៈទស្សនីយភាពនេះចាប់សម្ដែងពីម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀល នៅសាលាមធ្យមវិចិត្រសិល្បៈបឹងបាយ៉ាប៕
Tag:
វប្បធម៌
សិល្បៈ
មធ្យមវិចិត្រសិល្បៈ
ល្ខោន
ពិព័រណ៍
ទស្សនីយភាព
របាំបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com