អន្តរជាតិ
ឌូ​ទើ​តេ ចំអក​អ៊ី​ស្លង់​ថា​ជា​«​រដ្ឋ​គ្មានអ្វី​ក្រៅពី​ទឹកកក​» ក្រោយ​អ៊ី​ស្លង់​ដឹកនាំ​ប្រជុំ​វាយតម្លៃ​សង្គ្រាម​គ្រឿងញៀន​
14, Jul 2019 , 3:35 pm        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចំអក​ប្រទេស​អ៊ី​ស្លង់ ដោយ​ប្រដូច​រដ្ឋ​មួយ​នេះ ជា​រដ្ឋ​ដែល​គ្មានអ្វី​ធ្វើ ក្រៅពី​រឿង​ទឹកកក​។ ភាសា​ដែល​គ្មាន​លក្ខណៈ​ការទូត​របស់​មេដឹកនាំ​រូបនេះ ផ្ទុះ​ចេញ​ឡើង បន្ទាប់ពី​អ៊ី​ស្លង់ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស និង​ជាពិសេស​នោះ​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក​។

 
​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​១២ កក្កដា បាន​ថ្លែង​ប្រតិកម្ម​ទៅនឹង​ចំណាត់ការ​របស់​អ៊ី​ស្លង់ ដែល​ដឹកនាំ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដោយ​ថែមទាំង​មាន​សេចក្តីសម្រេច​ផ្លូវការ​មួយ ក្នុង​ការបើក​ការស៊ើបអង្កេត​លើ​សង្គ្រាម​គ្រឿងញៀន​របស់​ហ្វីលីពីន​ទៀតផង​។ នេះ​បើ​យោង​ការចុះផ្សាយរ​ប់​សារព័ត៌មាន​អូស្ត្រាលី ABC ។ 
« អ្វី​ជា​បញ្ហា​របស់​អ៊ី​ស្លង់​? មានតែ​ទឹកកក​ប៉ុណ្ណោះ​។ នេះ គឺជា​បញ្ហា​តែមួយគត់​របស់​អ៊ី​ស្លង់​។ អ្នកមាន​ទឹកកក​ច្រើន​លើសលប់ ហើយ​រឿង​យប់​ថ្ងៃ ក៏​បែង​ចែកគ្នា​មិនទាន់​ដាច់​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​ចំអក​របស់លោក​ប្រធានាធិបតី តប​ទៅនឹង​ចំណាត់ការ​អ៊ី​ស្លង់​។​
 
​លោក​ប្រធានាធិបតី បាន​បន្តទៀតថា ដោយសារតែ​គ្រប់គ្នា​នៅ​ទីនោះ គិតតែ​ពី​រឿង​ទទួលទាន​ទឹកកក ទើបបានជា​គ្មាន​បទល្មើស និង​ប៉ូលិស​នៅ​ទីនោះ ហើយ​នេះ ក៏​ជា​ហេតុផល ដែល​អ៊ី​ស្លង់ មិនអាច​យល់​ពី​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​របស់​ហ្វីលីពីន​បាន​។ 
 
​យ៉ាងណា​តប​ជាមួយនឹង​ការ​ចំអក​របស់​ប្រមុខ​កំពូល​ហ្វីលីពីន​រូបនេះ ប្រមុខ​ការទូត​អ៊ី​ស្លង់ លោក Gudlaugur Thor Thordarson បាន​អះអាងថា រដ្ឋាភិបាល​របស់លោក ពិតជា​រីករាយ​ដែល​សេចក្តីសម្រេច​ត្រូវបាន​អនុម័ត​ចេញ​។ លោក រំពឹង​ផងដែរ​ថា អាជ្ញាធរ​ហ្វីលីពីន នឹង​សហការ​ជាមួយនឹង​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​ការពិត​លើ​ករណីនេះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា នេះ មិនមែនជា​លើកដំបូង​នោះទេ ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ហ្វីលីពីន ប្រតិកម្ម​ដោយ​មិនសូវមាន​លក្ខណៈ​ការទូត​ទៅនឹង​បណ្តា​មេដឹកនាំ​ប្រទេស ឬ​អង្ក​ការ ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​។ 
 
​អតីត​ប្រធានាធិបតី​អាមេរិក និង​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សុទ្ធសឹងតែ​ធ្លា​ប់រង​ការប្រមាថ​ពាក្យសម្តី​អសុរោះ ដោយសារតែ​ការលើកឡើង​ពី​បញ្ហា​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ដែល​បច្ចុប្បន្ន មាន​របាយការណ៍​អង្គការសិទ្ធិមនុស្ស អះអាង​បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​ហើយ​នោះ​។ សម្រាប់​លោក ឌូ​ទើ​តេ បើ​លោក មិន​អនុវត្ត​គោលនយោបាយ​តឹងរឹង​បែបនេះ​នោះទេ អនាគត​ក្មេងជំនាន់ក្រោយ​របស់​ហ្វីលីពីន នឹងត្រូវ​ជួប​បញ្ហា​ហើយ​៕ 

Tag:
 ហ្វីលីពីន​
  អ៊ី​ស្លង់​
  សង្គ្រាម​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com