ជាតិ
សង្គមជាតិ
​ប៉េស្ត​ជ្រូក​៖ រដ្ឋមន្ត្រី​កសិកម្ម​ឲ្យ​មន្ត្រី​ចុះ​តាម​កសិដ្ឋាន​ដើម្បី​យក​សំណាក​ឈាមជ្រូក​ទៅ​វិភាគ​
14, Jul 2019 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្គាប់​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ និង​យក​ឈាមជ្រូក​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នានា សម្រាប់ធ្វើ​តេស្ត​រកមើល​ថា​ជ្រូក​នៅ​កន្លែង​ណាមួយ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ បើ​លទ្ធផល​រកឃើញថា​តំបន់​ណាមួយ​មាន​ផ្ទុះ​ជំងឺ​នេះ ក្រសួង​នឹង​ទប់ស្កាត់​ភ្លាម​។

 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រួយបារម្ភ​អំពី​ការទប់ស្កាត់ ចរាចរ ទិញ និង​លក់​សត្វ​ជ្រូក ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ដែលមាន​ជ្រូក​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ លោក​បញ្ជាក់ថា​៖« ក្រសួង​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​ពី​ផលប៉ះពាល់​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​»​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​នឹង​ចាត់វិធានការ​ឲ្យ​ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​បសុព្យាបាល និង​ឧបករណ៍​សម្រាប់​វិភាគ ចុះ​ពិនិត្យ​ជាបន្ទាន់​ដល់​កន្លែង និង​យក​សំណាក​ឈាមស​ត្វ​ជ្រូក​ធ្វើការ​វិភាគ រក​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ បើ​លទ្ធផល​នៅ​តំបន់​ណាមួយ​មិនមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​មានការ​លក់​សត្វ​ជ្រូក​វិញ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​។ 
 
​ក្រសួង​ចាត់​វិធាន​នេះ ក៏​ព្រោះតែ​ក្រសួង​ចង់​សម្រួល​ដល់​ពលរដ្ឋ​អាច​លក់​ចេញ​នូវ​ជ្រូក​ដែល​មិនទាន់​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ចំពោះ​តំបន់​ដែលមាន​ជ្រូក​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រសួង​ឲ្យ​ពលរដ្ឋ​ផ្អាក ចិញ្ចឹម ទិញ លក់ និង​ដឹក​ជ​ញ្ចូ​នស​ត្វ​ជ្រូក​ជា​បណ្តោះអាសន្ន​សិន​។  
 
​នា​ថ្ងៃទី​១៣ ខែកក្កដា ផងដែរ លោក វេ​ង សាខុន បាន​ចុះទៅពិនិត្យ​សកម្មភាព​យក​សំណាក​ឈាមជ្រូក​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដោយ​នាឱកាស​នោះ លោក​បានស្នើ​ឲ្យ​ម្ចាស់​សត្វ​ចូលរួម​សហការ​អនុវត្ត​វិធាន​បច្ចេកទេស​ដែល​មន្ត្រី​ជំនាញ​ណែនាំ​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បង្កា​ទប់ស្កាត់​ការ​រាល់​ឆ្លង​ជំងឺ​នេះ​។ 
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លើកដំបូង​នៅ​ខេត្តរតនគិរី រួច​បន្ត​មក​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល ដែល​បណ្តាល​ឲ្យ​ងាប់​ជ្រូក​សរុប​ប្រមាណ​២៥០០​ក្បាល​។ ទោះជា​យ៉ាងណា មិនទាន់​ដឹង​ពី​ចំនួន​ខាតបង់​ជា​ទំហំ​ទឹក​ប្រាប់​ប៉ុន្មាន​ទេ គ្រាន់តែ​ដឹងថា​ជ្រូក​ក្នុង​មួយ​ក្បាល​អាច​លក់​ចេញ​ក្នុងតម្លៃ​២០០​ដុល្លារ​៕    
 

Tag:
 វេ​ង សាខុន​
 ​ជ្រូក​
  ប៉េស្ត​ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com