អន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បន្តរងគ្រោះដោយសារព្យុះភ្លៀង ខណៈមីយ៉ាន់ម៉ានៅមិនទាន់មានដំណោះស្រាយ
× ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ កំពុងតែរងការវាយប្រហារពីអាកាសធាតុមូសុង ដែលបង្កឲ្យមានទឹកជំនន់ និងខ្យល់ព្យុះ ក៏ដូចជាការបាក់ស្រុតដី និងទីជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេនៅក្នុងទឹកដីបង់ក្លាដែស។ ហេតុការណ៍នេះ មិនត្រឹមតែបង្កឲ្យមានការជម្លៀសខ្លួនរបស់ជនភៀសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ថែមទាំងបង្កឲ្យមានអ្នកស្លាប់ទៀតផង។
តាមការអះអាងរបស់អង្គការស្បៀងអាហារពិភពលោករបស់អង្គការការសហប្រជាជាតិ(WFP) គិតចាប់ពីថ្ងៃ៤ កក្កដា មកជំនោរមូសុង ដែលនាំមកជាមួយនឹងទឹកភ្លៀងលើសលប់ និងខ្យល់បក់បោកខ្លាំងនោះ បានវាយប្រហារទៅលើជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងតំបន់ Cox’s Bazar របស់បង់ក្លាដែស ដោយបានបង្កឲ្យមានការបំផ្លាញធ្ងន់ធ្ងរ ការជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និងថែមទាំងបានឆក់យកអាយុជីវិតរបស់ជនភៀសខ្លួនមួយចំនួនទៀតផង។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិនៅថ្ងៃ១២ កក្កដា អ្នកនាំពាក្យ WFP Herve Verhoosel បានកត់សម្គាល់ថា មានជនភៀសខ្លួនប្រមាណ ៤៥០០០ នាក់បានរងការប៉ះពាល់ ដោយក្នុងនោះមាន ៥៦០០នាក់ ដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះបំផុតនោះ ត្រូវបង្ខំចេញជម្លៀសខ្លួនបន្តទៀតដើម្បីស្វែងរកកន្លែងសុវត្ថិភាព។
តាមអ្នកនាំពាក្យដដែលនោះ បច្ចុប្បន្នក្រុមការងារជំនាញ កំពុងតែដុតដៃដុតជើងដើម្បីសង្គ្រោះជនរងគ្រោះ តាមរយៈការផ្តល់ជំនួយ ដែលជាប្រភេទចំណីអាហារហូបចុកចំអិនហើយស្រាប់ និងជាប្រភេទដែលមានលក្ខណៈថាមពលខ្ពស់។ មកទល់ពេលនេះ អ្នកនាំពាក្យ ហ៊ានអះអាងថា ជំនួយសម្រាប់ជនរងគ្រោះ មានគ្រប់គ្រាន់ និងអាចបម្រុងទុកសម្រាប់ស្ថានភាពអាក្រក់ ដែលអាចនឹងអូសបន្លាយក្នុងរយៈពេលវែងបាន។
គួរជម្រាបផងដែរ តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា កំពុងតែរស់នៅក្នុងជំរំបណ្តោះអាសន្នក្នុងទឹកដីបង់ក្លាដែស។ គិតចាប់ពីហេតុការណ៍ចុងឆ្នាំ២០១៧មក ជនភៀសខ្លួនទាំងនេះ តែងតែទទួលរងការវាយប្រហារពីគ្រោះធម្មជាតិនេះ។ នេះ នៅមិនទាន់រាប់បញ្ចូលការរស់នៅជាមួយនឹងមជ្ឈដ្ឋានមិនមានអនាម័យ និងសុខមាលភាពផង។
អ្វីគួរឲ្យកត់សម្គាល់នោះ ខណៈពួកគេកំពុងតែរស់នៅក្នុងស្ថានភាពលំបាក រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅមិនទាន់អាចបញ្ជាក់ពីគោលជំហរច្បាស់លាស់ណាមួយសម្រាប់ការវិលត្រឡប់របស់ពួកគេទៅមីយ៉ាន់ម៉ាវិញបាននៅឡើយនោះទេ។ ការរស់នៅរបស់ពួកគេបច្ចុប្បន្ន ស្ទើរតែពឹងផ្អែកទាំងស្រុងពីការគាំពាររបស់រដ្ឋាភិបាលបង់ក្លាដែស និងជំនួយរបស់អង្គការ ដែលមានអង្គការសហប្រជាជាតិជាជំហរ៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com