ជាតិ
គម្រោងរីស៊តផ្កាឈូករ័ត្ននៅកំពតក្នុងទំហំទឹកប្រាក់៤លានដុល្លារ ផ្តើមដំណើរការសាងសង់
× រីស៊តផ្កាឈូករ័ត្ន (Sunflowers Resort) ដែលជាគម្រោងរបស់កំពតឋានសួគ៌ (Kompot Paradise Residences and Resort) ដែលមានទីតាំងនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានប្រារព្ធពិធីក្រុងពាលីបុកគ្រឹះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
រីស៊តផ្កាឈូករ័ត្ន នឹងមានផ្ទះបណ្ដែតទឹក សណ្ឋាគារលំដាប់ផ្កាយ៤ និងសួនបឹងហ្គាឡូជាង៣០០កន្លែង។ លោក នួន អក អគ្គនាយក រីស៊តផ្កាឈូករ័ត្ន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គម្រោងនៃការសាងសង់រីស៊តនេះ ចំណាយទំហំទឹកប្រាក់ប្រមាណ៤លានដុល្លារអាមេរិក។
មូលហេតុចម្បងទាក់ទងនឹងការជ្រើសរើសទីតាំងរីស៊តនេះ ត្រូវបានលោក នួន អក ពន្យល់ថា «គឺដើម្បីបំពេញតម្រូវការនៃកន្លែងសម្រាកលំហែកាយរបស់ភ្ញៀវទេសចរ ហើយលក្ខណៈពិសេសនោះ តំបន់រីស៊ត មានដៃសមុទ្រខ្វាត់ខ្វែងដ៏ទាក់ទាញ»។ ក្រុមហ៊ុននឹងសាងសង់ រីស៊តជាង២០កន្លែង ក្នុងទីតាំងលើដីជាច្រើនហិកតានេះ ហើយរយៈពេល២ឆ្នាំនឹងសាងសង់ឲ្យបាន៥កន្លែង។
គម្រោងរីស៊តខាងលើនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ និងប្រជាពលរដ្ឋក្នុងខេត្តកំពត។ លោក នួន អក បានសង្កត់ធ្ងន់ថា៖ «ពលរដ្ឋក្នុងសហគមន៍នេសាទជាប្រភពនៃការផ្គត់ផ្គង់គ្រឿងសមុទ្រ និងបន្លែដល់រីស៊ត ថែមទាំងចូលរួមបម្រើការងារក្នុងទីតាំងនេះជាច្រើន ដោយគ្រាន់តែសួនក្នុងរីស៊តមានជាង១០ហិកតាត្រូវការមនុស្សរាប់រយនាក់ថែរក្សា»។
ទន្ទឹមនឹងនេះ លោក ស៊ឹម សុខជា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ខេត្តកំពត បានបញ្ជាក់ពីស្ថានភាពការអភិវឌ្ឍក្នុងខេត្តថា បច្ចុប្បន្នមានក្រុមហ៊ុនសាងសង់ជាច្រើន ហើយដីធ្លីកំពុងឡើងថ្លៃដូចគ្នា។ លោក សុខជា បានអះអាងថា «គម្រោងរីស៊តផ្កាឈូករ័ត្ននេះ មានលិខិតអនុញ្ញាតសម្រាប់សាងសង់ត្រឹមត្រូវ ដែលបានអនុញ្ញាតពីខាងរដ្ឋបាលក្រុង។»
រីស៊តផ្កាឈូករ័ត្ន ផ្តោតយ៉ាងសំខាន់ទៅលើ អេកូអទេសចរណ៍ធម្មជាតិដែលស្ថិតនៅលើកោះមួយដែលមានទំហំជិត៥ហិកតា មានព្រែកធម្មជាតិដៃសមុទ្រខ្វាត់ខ្វែង មានដំណាក់លំហែឧទ្យានទឹក ឧទ្យានព្រែកចាករីសតភូមិខ្មែរផ្សារក្ដាម សួនហាត់ប្រាណ និងសួនបឹងហ្គាឡូជាច្រើន។
ភ្ញៀទេសចរ អាចជិះទូកលេងតាមដៃសមុទ្រ សម្រាកនៅសណ្ឋាគារផ្កាយ៤និងផ្ទះបណ្តែតទឹក បោះតង់សម្រាក់ ទស្សនាសួនផ្កា និងបរិភោគគ្រឿងសមុទ្រ។ លើសពីនេះ ភ្ញៀទេសចរ អាចធ្ចើដំណើរទៅទស្សនារីស៊តតាមរយៈការជិះទូកក៏បាន៕
Tag:
ខេត្តកំពត់
រីស៊តផ្កាឈូករ័ត្ន
ក្រុពាលីបុកគ្រឹះ
© រក្សាសិទ្ធិដោយ thmeythmey.com