អន្តរជាតិ
ព្យុះមូសុង សម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់នៅណេប៉ាល់ រូបថត AFP
× ទឹកជំនន់ និងបាក់ដី ដែលបង្កឡើងដោយខ្យល់ព្យុះមូសុង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥០នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួននៅប្រទេសណេប៉ាល់ទាំងមូល។ នេះបើតាមការផ្សាយរបស់ AFP ដោយផ្អែកលើរបាយការណ៍មន្ត្រីមូលដ្ឋាននាថ្ងៃអាទិត្យ។
ភ្លៀងធ្លាក់ និងខ្យល់បោកបក់ដ៏ខ្លាំង បានវាយប្រហារតំបន់មួយចំនួននៅណេប៉ាល់ ជាពិសេសនៅភាគខាងកើត និងខាងត្បូងនៃប្រទេស។ អ្នកនាំពាក្យប៉ូលិសណេប៉ាល់ លោក Bishwaraj Pokharel បានអះអាងថា មនុស្សជាង៣០នាក់ បន្តបាត់ខ្លួន ខណៈជាង១០០០នាក់ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានព្យាករថា ស្ថានភាពនឹងវិលទៅរកប្រក្រតីវិញនៅថ្ងៃចន្ទ។
ភ្ញៀង និងខ្យល់មូសុង ពីខែមិថុនា ដល់ខែកញ្ញា បានបង្កមហន្តរាយយ៉ាងធំធេងសម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូង។ នៅភាគឦសានប្រទេសឥណ្ឌា ក៏មានមនុស្សយ៉ាងហោចជាង១០នាក់ស្លាប់ និងផ្ទះជាង២០០០០ខ្នង រងការបំផ្លាញផងដែរ។
នៅបង់ក្លាដែស ភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក អង្គការសហប្រជាជាតិ កំពុងព្យាយាមជួយដល់ក្រុមជនភៀសខ្លួន Rohingya ខណៈកាលពីថ្ងៃសុក្រ មានមនុស្ស២នាក់ បានស្លាប់ ដែលក្នុងនោះមានក្មេងម្នាក់។
កាលពីឆ្នាំមុន មនុស្សជាង១២០០នាក់ បានស្លាប់ដោយសារព្យុះមូសុង នៅទូទាំងតំបន់អាស៊ីខាងត្បូង ដោយរដ្ឋ Kerala របស់ឥណ្ឌា រងការវាយប្រហារដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com