កីឡាអន្តរជាតិ
អន្តរជាតិ
Africa Cup៖ Mahrez ស៊ុត Free kick ដ៏អស្ចារ្យ នាំអាល់ហ្សេរីទៅជួបសេណេហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ
× ការទាត់បាល់ពិន័យ Free-kick ដ៏ល្អរបស់ Riyad Mahrez នៅចុងម៉ោងបានជួយឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល់ហ្សេរីយកឈ្នះនីហ្សេរីយ៉ាដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាហ្វ្រិក Africa Cup of Nations ឆ្នាំ២០១៩ ដែលត្រូវតទល់ជាមួយសេណេហ្គាល់។
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Cairo Int'l Stadium យប់ថ្ងៃទី១៤ ខែកក្កដា ខ្សែការពារ William Troost-Ekong បានធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី៤០ បន្ទាប់ពី Mahrez ទាត់បាល់កាត់ពីជ្រុងខាងស្តាំចូលទៅមុខទីរបស់នីហ្សេរីយ៉ាដែលធ្វើឲ្យអាល់ហ្សេរីនាំមុខ ១-០។
ឈានដល់វគ្គទី២ ខណៈការប្រកួតដំណើរដល់នាទី៧២ នីហ្សេរីយ៉ាបានរកគ្រាប់បាល់តាមស្មើវិញតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទីពីខ្សែប្រយុទ្ធ Odion Ighalo ក្រោយ VAR ពិនិត្យឃើញថាខ្សែការពារ Aissa Mandi របស់អាល់ហ្សេរីធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។
យ៉ាងណាក៏ដោយការប្រកួតបានឈានដល់ម៉ោងបន្ថែម៩០+ ទៅហើយ ខ្សែបម្រើរបស់ក្រុម Manchester City ដែលបង្កើតឲ្យកាសឲ្យមានគ្រាប់បាល់ដំបូងសម្រាប់អាល់ហ្សេរីនោះបានបន្ថែមគ្រាប់បាល់ជ័យជម្នះដោយការទាត់បាល់ Free kick ដ៏អស្ចារ្យដើម្បីជួយក្រុមយកឈ្នះនីហ្សេរីយ៉ា ២-១ ហើយបានកៅអីទៅដណ្តើមពានប្រចាំតំបន់អាហ្វ្រិកឆ្នាំ២០១៩ ដែលអេហ្ស៊ីបធ្វើម្ចាស់ផ្ទះនេះ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ អាល់ហ្សេរីត្រូវជួបសេណេហ្គាល់ដែលទម្លាក់ទុយនីស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ នីហ្សេរីយ៉ាត្រូវប្រជែងជាមួយទុយនីស៊ីដើម្បីដណ្តើមចំណាត់ថ្នាក់ទី៣ ឬមេដាយ សំរឹទ្ធ នៃព្រឹត្តិការណ៍នេះនៅមុនពីថ្ងៃនៃជំនួបផ្តាច់ព្រ័ត្រ៕
Tag:
បាល់ទាត់
Riyad Mahrez
Africa Cup
អាល់ហ្សេរី
© រក្សាសិទ្ធិដោយ thmeythmey.com