ជាតិ
ភ្នំ​គូលែន បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​អង្គរ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី
15, Jul 2019 , 1:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប នឹង​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​បន្ថែមទៀត ។ នេះ​ជា​គម្រោង​អភិវឌ្ឍន៍​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

 
​លោក ថោង ខុន បាន​និយាយថា កំណើន​ភ្ញៀវទេសចរ​ជា​រៀងរាល់​ឆ្នាំនេះ វា​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់​អង្គរ ដែល​កំពុង​ទាក់ទាញ​ចិត្ត​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​ប្រាសាទបុរាណ​នៅ​ខេត្តសៀមរាប​នេះ​។ ដ្បិត​មើលឃើញ​ពី​ភាព​វិជ្ជមាន​ច្រើនក្តី ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ នៅតែ​បារម្ភ​ពី​ការធ្លាក់ចុះ​ភ្ញៀវ ដោយសារតែ​កង្វះខាត​ការអភិវឌ្ឍ​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ បាន​ស្រង់​សម្តី​លោក ថោង ខុន នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប មក​សរសេរ​ដូច្នេះ​៖« កំណើន​នេះ​អាច​នឹង​ថមថយ​ទៅវិញ ប្រសិនបើ​កម្ពុជា​មិន​ព្រម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រាប់​ជា​កត្តា​ទាក់ទាញ​បន្ថែម ពីព្រោះ​ភ្ញៀវទេសចរ​មួយចំនួន​មិន​ប្រាកដថា មក​មើល​តែ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ដទៃទៀត ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​នោះឡើយ ពោលគឺ​ពួកគេ​ប្រាកដជា​ត្រូវ​ការដើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេងទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​»​។​
 
​ដោយ​យល់ឃើញ​ពី​និន្នាការ​របស់​ភ្ញៀវទេសចរ​បែបនេះ ទើប​រដ្ឋមន្ត្រី​ទេសចរណ៍ ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​អភិវឌ្ឍ និង​ពង្រីក​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដោយ​ក្នុងនោះ​រួមមាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន (​ម​ហិ​ន្ទ្រ​ប​ព៌​ត​) តំបន់​បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​អង្គរ​។ សម្រាប់​លោក ថោង ខុន តំបន់​ទាំងនេះ គឺជា​ទីតាំង​ដ៏​មាន​សក្ដានុពល សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​
 
 
​លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បាន​និយាយថា ក្រុម​ជំនាញការ​អន្តរក្រសួង បាន​ចុះ​សិក្សា​តំបន់​ខាងលើ​ហើយ ដោយ​ពិនិត្យឃើញ​ភាព​វិជ្ជមាន​នៃ​ភ្ញៀវទេសចរ ដែល​និយម​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​បឹង​ទន្លេសាប ក្រៅពី​តំបន់​អង្គរ ។ តាមរយៈ​ការសិក្សា​នេះ លោក សាមុត ហ៊ាន​អះអាងថា តំបន់​ទាំងនោះ​ពិត​ជាមាន​សក្ដានុពល​ខ្លាំង ទាំង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយក៏​អាច​អភិវឌ្ឍន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ទៀតផង​។ 
 
​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឲ្យ​មាន​សក្ដានុពល​ថែមទៀត​នោះ រដ្ឋាភិបាល បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​មួយ សម្រាប់​អនុវត្ត​លើ​ផែនការមេ ដែល​មិន​ត្រឹមតែ​ផ្ដោតលើ​វិស័យ​ទេសចរណ៍​ទេ ពោលគឺ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ នេះ​បើតាម​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ ។​
 
​រដ្ឋលេខាធិការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការអភិវឌ្ឍ​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​យ៉ាងណាខ្លះ​នោះ គឺ​ត្រូវ​គិតគូរ​ដល់​បញ្ហា «​ស្អាត និង​បៃតង​» ធ្វើយ៉ាងណា​ត្រូវ​ធានា​ឱ្យបាន​ថា ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​សៀមរាប​-​អង្គ​រហើយ ត្រឡប់​ទៅវិញ​នឹង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ល្អៗ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​»​។​
 
​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ មាន​ភ្ញៀវទេសចរ​ប្រមាណ ៥​លាន​នាក់ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​-​អង្គរ ដោយ​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​៥០​ម៉ឺន​នាក់​ផងដែរ​។ ដោយ​មើលឃើញ​ពី​សក្ដានុពល​នេះ ទើប​រដ្ឋាភិបាល បានកំណត់​ចក្ខុវិស័យ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕

Tag:
 ថោង ខុន​
  ទេសចរណ៍​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com