អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់ ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ហៃ​ទី ខណៈ​ភូមិសាស្ត្រ​កា​រ៉ា​អ៊ី​ប​កំពុង​ប្រឈមមុខ​ការអូសទាញ​ពី​ចិន​
15, Jul 2019 , 2:43 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចាប់ដៃសមភាគីហៃទី Jovenel Moise ។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចាប់ដៃសមភាគីហៃទី Jovenel Moise ។ រូបភាព AFP
ដោយ:
​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-Wen បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ហៃ​ទី ដែលជា​ផ្នែក​មួយ នៃ​ទស្សន​កិច្ចពង្រឹង​ចំណងមិត្តភាព​ជាមួយនឹង​ប្រទេស​ដៃគូ និង​ជា​សម្ព័ន្ធមិត្ត​ដែល​មិន​ប្រែប្រួល​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​។ ទស្សនកិច្ច​នេះ ធ្វើឡើង​ស្របពេល​ដែល​តៃវ៉ាន់ កំពុង​ប្រឈម​នឹង​ការបាត់បង់​ដៃគូ​ស្ទើរតែ​គ្រប់​តំបន់ ដោយសារតែ​ឥទ្ធិពល​ការទូត​អូសទាញ​របស់​ចិន​។​

 
​នា​ជំនួប​ជាមួយនឹង​សម​ភាគី​ហៃ​ទី​នៅ​ថ្ងៃ​១៣ ខែកក្កដា លោកស្រី​ប្រធានាធិបតី Tsai Ing-Wen បានលើកឡើង​នៅ​ចំពោះមុខ​លោក​ប្រធានាធិបតី Jovenel Moise ពី​សារសំខាន់​នៃ​ការពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដែលមាន​អាយុកាល​៦៣​ឆ្នាំ​ហើយ​នោះ​។ លោកស្រី​ប្រធានាធិបតី បាន​សន្យា​ធ្វើជា​ដៃគូ​ដ៏​ស្មោះស្ម័គ្រ​របស់​ហៃ​ទី​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​បារាំង France 24 ក្នុងជំនួប​នេះដែរ លោកស្រី​ប្រធានាធិបតី បាន​ជជែក​ពី​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រមុខ​ហៃ​ទី​លើ​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ តៃវ៉ាន់ ក៏បាន​ត្រៀម​ផ្តល់ជំនួយ​ប្រមាណ ១៥០​លាន​ដុល្លារ ដល់​ហៃ​ទី​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ក៏ប៉ុន្តែ​ជំនួយ​នេះ ត្រូវ​រង់ចាំ​ការពិភាក្សា និង​អនុម័ត​ពី​សភា​របស់​ហៃ​ទី​។ 
 
​គួរ​ជម្រាប​ថា លោក​ប្រធានាធិបតី Tsai Ing-Wen កំពុងតែបន្ត​ដំណើរ​ទ​ស្សន​កិច្ច​រយៈពេល​១២​ថ្ងៃ​ក្នុង​តំបន់​ខា​រ៉ា​ប៊ី​ន ដែលជា​តំបន់​ភូមិសាស្ត្រ​នយោបាយ​មួយ​កំពុងតែ​រង​ការគំរាមកំហែង​ការទូត​សម្រាប់​តៃវ៉ាន់ ។ ទិសដៅ​បន្ទាប់​របស់លោក​ស្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​រដ្ឋ St Vincent និង the Grenadines, St Lucia, St Kitts និង Nevis ។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បច្ចុប្បន្ន តៃវ៉ាន់ នៅសល់តែ​១៧​ប្រទេស​ទៀត​ប៉ុណ្ណោះ ដែល​នៅមាន​សម្ព័ន្ធភាព​ការទូត និង​ទទួលស្គាល់ថា តៃវ៉ាន់ ជា​រដ្ឋ​ស្របច្បាប់​របស់​ពិភពលោក​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តៃវ៉ាន់ បាន​បាត់បង់​សម្ព័ន្ធមិត្ត​ជា​បន្តបន្ទាប់ រួមមាន​ដូចជា ប៉ា​ណា​ម៉ា​, អែល​សាល់​វាល់​ឌ័​រ និង​សាធារណរដ្ឋ​ដូ​មី​និក ដែលជា​រដ្ឋ​ជិតខាង​របស់​ហៃ​ទី​តែម្តង​។​
 
​ការបាត់បង់​សម្ព័ន្ធមិត្ត​ជា​បន្តបន្ទាប់​នេះ ត្រូវបាន​តៃវ៉ាន់​ចោទថា ដោយសារតែ​នយោបាយ​ការទូត​ទឹក​លុយ​របស់​ចិន​។ ពោលគឺ ដោយសារតែ​ចិន ព្យាយាម​ចែចូវ​ជាមួយនឹង​រដ្ឋ​ដៃគូ​របស់​តៃវ៉ាន់ ដោយ​ត្រូវអនុវត្ត​គោលនយោបាយ​ចិន​តែមួយ (​តៃវ៉ាន់ គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​) ជាមួយនឹង​ថ្នូរ​ជំនួយ និង​កម្ចី​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ចិន​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com