ជាតិ
បាក់ឌុប
DMC នឹងរៀបចំវេទិកាតម្រង់ទិសសម្រាប់សិស្ស ដែលចង់រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយ
15, Jul 2019 , 3:00 pm        
រូបភាព
ដោយ៖ ឃុន សម្ផស្ស 

ភ្នំពេញ៖ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍(DMC) នឹងរៀបចំកម្មវិធីផ្តល់ព័ត៌មានអំពីការប្រឡងចូល និងការសិក្សានៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០១៩ ។ វគ្គតម្រង់ទិសនេះ ប្រព្រឹត្តទៅនៅថ្ងៃទី0៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ ព្រឹក នៅ DMC ។



កម្មវិធីនេះបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានដល់សិស្សានុសិស្សទាំងអស់ ដែលមានបំណងចង់សិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅ DMC ។ ជាពិសេស សិស្សវិទ្យាល័យដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នេះ។

នៅក្នុងវេទិកានេះ នឹងមានវាគ្មិនធ្វើបទបង្ហាញពីរបៀបត្រៀមខ្លួន និងដំណើរការប្រឡងចូលសិក្សានៅ DMC រួមទាំងមានការចែករំលែកបទពិសោធន៍ពីនិស្សិត និងអតីតនិស្សិត DMC ផងដែរ។

គួរបញ្ជាក់ផងដែរថា ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងត្រូវបានគេទទួលស្គាល់ជាគ្រឹះស្ថានអប់រំដំបូងបំផុតរបស់រដ្ឋ ដែលបណ្តុះបណ្តាលផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំ DMC បានរៀបចំឲ្យបេក្ខជនធ្វើការដាក់ពាក្យប្រឡងអាហារូបករណ៍ មុននឹងមានសិទ្ធិចូលរៀន។ ដោយឡែក កាលពីឆ្នាំ២០១៨ DMC បានបង្កើតថ្នាក់បង់ថ្លៃដំបូងរបស់ខ្លួន ពោលគឺបេក្ខជនមានសិទ្ធិប្រឡងដូចសិស្សថ្នាក់អាហារូបករណ៍ដែរ៕
 

Tag:
 (ជាតិ
  បាក់ឌុប
  អប់រំ
  DMC)
© រក្សាសិទ្ធិដោយ thmeythmey.com