អន្តរជាតិ
សិង្ហ​បុរី សន្យា​ជ្រោមជ្រែង​ការអភិវឌ្ឍ​ទី​ម័​រ​ខាងកើត តែ​មិនទាន់​បញ្ជា​ក់រឿង​គាំទ្រ​ជា​សមាជិក​អាស៊ាន​ទី​១១
15, Jul 2019 , 9:19 pm        
រូបភាព
ប្រមុខការទូតទីម័រខាងកើត និងសមភាគីសិង្ហបុរី។ រូបភាពពីកវេបសាយក្រសួងការបរទេសសិង្ហបុរី
ប្រមុខការទូតទីម័រខាងកើត និងសមភាគីសិង្ហបុរី។ រូបភាពពីកវេបសាយក្រសួងការបរទេសសិង្ហបុរី
ដោយ:
​ប្រមុខ​ការទូត​ទី​ម័​រ​ខាងកើត ថ្មីៗ​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​សិង្ហ​បុរី​ជាមួយ​កិច្ច​សហប្រតិបត្តិ​គួរកត់សម្គាល់ តែ​មិនទាន់​ផ្លែផ្កា​។ ដំណើរ​ទស្សនកិច្ច​នេះ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ការទូត​របស់​រដ្ឋ​ក្មេង​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដើម្បី​ពង្រឹង​ចំណង​ការទូត និង​ស្វែងយល់​ជំហរ​របស់​ប្រទេស​អាស៊ាន​លើ​ទី​ម័​រ​ខាងកើត​ក្នុង​ដំណើរ​ការចូល​ជា​សមាជិក​អាស៊ាន​។

 
​តាមរយៈ​ជំនួប​ជាមួយនឹង​សម​ភាគី​សិង្ហ​បុរី លោក​រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត Dionísio da Costa Babo Soares និង​លោក​រដ្ឋមន្ត្រី Vivian Balakrishnan បាន​អះអាង​ជាថ្មី​ពី​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​។ លោក​រដ្ឋមន្ត្រី Soares ក៏បាន​ទទួល​ថា សិង្ហ​បុរី ក៏​ជា​អ្នកវិនិយោគ​ធំ​មួយ​នៅ​ទី​ម័​រ​ខាងកើត​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Strait Times​។ 
 
​នា​ជំនួប​ដដែល​នោះ ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ បាន​ពិភាក្សា​ពី​លទ្ធភាព​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​បច្ចេកទេស​ផ្សេងទៀត​។ ភាគី​ទាំងពីរ ក៏បាន​ជជែក​បន្តិច​ពី​សំណើ​របស់​ទី​ម័​រ​ខាងកើត​សុំចូល​ជា​សមាជិក​អាស៊ាន ដែល​បច្ចុប្បន្ន​អាស៊ាន​កំពុងតែបន្ត​អនុវត្ត​នីតិវិធី​សិក្សា តាមដាន និង​វាយតម្លៃ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខុសពី​បណ្តា​រដ្ឋ​អាស៊ាន​ផ្សេងទៀត សិង្ហ​បុរី ក្នុងដំណាក់កាល​នេះ​បានត្រឹមតែ​អះអាង​ពី​ការប្តេជ្ញាចិត្ត​ជួយ​ជ្រោមជ្រែង​ទី​ម័​រ​ខាងកើត​ដើម្បី​កសាង​សមត្ថភាព​ចាំបាច់ តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​សិង្ហ​បុរី​ប៉ុណ្ណោះ​។ ពោលគឺ​សិង្ហ​បុរី នៅតែ​មិនទាន់​អះអាង​គាំទ្រ និង​ជួយ​ព​ន្លឿ​ន​នីតិវិធី​ធ្វើការ​សម្រេចចិត្ត​បញ្ចូល​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១​ផ្លូវការ​របស់​អាស៊ាន​បាន​នោះទេ​។ 
 
​បើតាម​ការអះអាង​រប​ស់​ប្រមុខ​ការទូត​ទី​ម័​រ​ខាងកើត​លោក Soares មុនពេល​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​សិង្ហ​បុរី លោក បាន​ទៅដល់​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបី​រួចទៅហើយ​។ ជា​លទ្ធផល លោក ហ៊ាន​អះអាងថា ទី​ម័​រ​ខាងកើត​ទទួលបាន​សញ្ញា​វិជ្ជមាន​ច្រើន ដោយ​ពួកគេ សុទ្ធសឹង​គាំទ្រ​មិន​ផ្លាស់ប្តូរ​ក្នុងការ​បញ្ចូល​ទី​ម័​រ​ខាង​កើតជា​សមាជិក​អាស៊ាន​។ 
 
​តាម​លោក Soares ប្រទេស​ទាំង​ប្រាំបី​នោះ រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ បើ​អាស៊ាន ដែលមាន​សមាជិក​សរុប​១០​ប្រទេស មិនទាន់មាន​ឯកច្ឆន្ទ​ជាមួយនឹង​គ្នា​នោះទេ ទី​ម័​រ​ខាងកើត ក៏​មិនអាច​ក្លាយជា​សមាជិក​ផ្លូវការ​របស់​អាស៊ាន​បានឡើយ បើទោះបីជា​សំណើសុំ​ជា​សមាជិក​អាស៊ាន និង​នីតិ​វ​ធី​វាយតម្លៃ ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១១​ក៏ដោយ​៕ 

Tag:
 សិង្ហ​បុរី​
  ទី​ម័​រ​ខាងកើត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com