លោក សៅ សុខា​៖ មាន​មន្ត្រី​មួយចំនួន​ធ្វើ​ប្រធាន​សហព័ន្ធ ដើម្បី​បង្កើត​មុខរបរ​រកស៊ី​
កីឡាជាតិ
ជាតិ
លោក សៅ សុខា​៖ មាន​មន្ត្រី​មួយចំនួន​ធ្វើ​ប្រធាន​សហព័ន្ធ ដើម្បី​បង្កើត​មុខរបរ​រកស៊ី​
15, Jul 2019 , 10:19 pm        
រូបភាព
លោក សៅ​ សុខា ថ្លែងក្នុងអង្គប្រជុំបូកសរុបការងារប្រចាំត្រីមាសរបស់ CAMSOC នៅទីស្តីការគណៈរដ្ឋមន្ត្រី, រូបភាពពីហ្វេសប៊ុក SEA Games 2023
លោក សៅ​ សុខា ថ្លែងក្នុងអង្គប្រជុំបូកសរុបការងារប្រចាំត្រីមាសរបស់ CAMSOC នៅទីស្តីការគណៈរដ្ឋមន្ត្រី, រូបភាពពីហ្វេសប៊ុក SEA Games 2023
​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក សៅ សុខា កត់សម្គាល់​ឃើញថា មាន​មន្ត្រី​មួយចំនួន​បាន​ប្រើប្រាស់​វិស័យ​កីឡា​ក្រោមរូបភាព​ឈរឈ្មោះ​ជា​ប្រធាន ឬ​អគ្គលេខាធិការ​សហព័ន្ធ ដើម្បី​បង្កើត​មុខរបរ​រក​ផលចំណេញ​។ សម្រាប់​លោក កត្តា​នេះ ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​គ្មាន​ភាព​រីកចម្រើន​។ ជាមួយគ្នានេះ លោក បានផ្តល់​ដំបូន្មាន​ដល់​សហព័ន្ធ​ទាំងនោះ ដោយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ និង​សមាជិក​អសកម្ម​។​

 
​នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(CAMSOC)​កាលពី​ព្រឹក​ថ្ងៃទី​១៥ កក្កដា លោក សៅ សុខា សមាជិក​ប្រតិបត្តិ CAMSOC បានកត់សម្គាល់​ឃើញថា មាន​សហព័ន្ធ​មួយចំនួន​មានការ​រីកចម្រើន ហើយ​ក៏មាន​សហព័ន្ធ​ខ្លះ​គ្មាន​ការរីកចម្រើន​ផងដែរ​។ គ្មាន​រីកចម្រើន ក៏​ដោយសារ​សហព័ន្ធ​ទាំងនោះ​មាន​ថ្នាក់ដឹកនាំ និង​សមាជិក​ប្រតិបត្តិ​គ្មាន​ស្មារតី​ជួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​។​


 
​ទន្ទឹមនឹង​លើក​ពី​អត្ថប្រយោជន៍​របស់​ប្រធាន និង​អគ្គលេខាធិការ មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សហព័ន្ធ លោក សៅ សុខា ដែលជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើកឡើងថា​៖«​ខ្ញុំ​គិតថា សហព័ន្ធ​មួយចំនួន ដែល​គិតថា​ខ្លួន​មិនអាច​ទៅរួច​គួរ​មានការ​ផ្លាស់ប្តូរ ព្រោះ​យើង​មិនមែន​ធ្វើ​លេងៗ​នោះទេ គឺ​ធ្វើ​មែនទែន​។ បើ​សហព័ន្ធ​ធ្វើ​លេងៗ​គ្រាន់តែ​ចង់​ពាក់​អាវធំ​និង​ក្រវាត់ក ដើម្បី​ថតរូប​បង្ហោះ​បង្អួត​គេ គឺ​មិនបាច់​ធ្វើ​ទេ​។ មាន​បងៗ​មួយចំនួន​គាត់​ធ្វើ​ប្រធាន​សហព័ន្ធ គ្រាន់តែ​ដើម្បី​បង្កើត​មុខរបរ​រកស៊ី និង​ឲ្យ​ស្គាល់​គេ​នោះទេ ព្រោះ​មក​គាត់​ប្តឹង​ខ្ញុំ ទើប​ខ្ញុំ​ដឹង​»​។​
 
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រូបនេះ​បាន​បញ្ជាក់ថា ការលើកឡើង​របស់ លោក មិន​ចង់​សំដៅ​ទៅលើ​សហព័ន្ធ​ណាមួយ ហើយក៏​មិនមែន​ដើម្បី​ប​ន្ទុ​ច​បង្អាក់​ការខិតខំ​អភិវឌ្ឍ​ផងដែរ​។ ពោលគឺ​ការលើកឡើង​នេះ គឺ​ក្នុងន័យ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តែប៉ុណ្ណោះ​។ 
 
​សម្រាប់​លោក សៅ សុខា ការរៀបចំ​ផែនការ​អនុវត្ត និង​កំណត់​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជ្រើសរើស​កីឡាករ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅក្នុង​ស្រុក ឬ​បញ្ជូនទៅ​ក្រៅប្រទេស នឹង​ជួយ​ឲ្យ​សហព័ន្ធ ក៏ដូចជា​វិស័យ​កីឡា​កម្ពុជា​ទាំងមូល​កាន់តែ​មានការ​រីកចម្រើន​។ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ការហ្វឹកហាត់​ឲ្យ​គ្រប់គ្រាន់ និង​រៀបចំ​ការប្រកួត​ឲ្យ​បាន​ច្រើន ក៏​ជា​កត្តា​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ផងដែរ​។ លោក​ជឿជាក់ថា បើ​គ្រាន់តែ​ហ្វឹកហាត់​គ្មាន​ការប្រកួតប្រជែង គឺ​សមត្ថភាព​កីឡាករ​មិនអាច​រីកចម្រើន​បានឡើយ​៕ 

Tag:
 CAMSOC
  សៅ សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម