អាមេរិក​បារម្ភ ព្រោះ​យល់ថា​រដ្ឋាភិបាល​ខ្មែរ ចោទប្រកាន់​ពលរដ្ឋ​ដោយ​គ្មាន​មូលដ្ឋាន​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​បារម្ភ ព្រោះ​យល់ថា​រដ្ឋាភិបាល​ខ្មែរ ចោទប្រកាន់​ពលរដ្ឋ​ដោយ​គ្មាន​មូលដ្ឋាន​
15, Jul 2019 , 6:13 pm        
រូបភាព
យុវជន គង់ រ៉ៃយ៉ា (ខាងឆ្វេង) និង យុវជន សួង នាគព័ន្ធ
យុវជន គង់ រ៉ៃយ៉ា (ខាងឆ្វេង) និង យុវជន សួង នាគព័ន្ធ
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​ខ្លួន បានបង្ហាញ​ក្តីបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​យល់ថា​រដ្ឋាភិបាល​កម្ពុជា ចោទប្រកាន់​ប្រជាពលរដ្ឋ ដោយ​គ្មាន​មូលដ្ឋាន ដូចជា ការចាប់​មនុស្ស​មួយចំនួន ក្នុង​ថ្ងៃ​រម្លឹក​ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នាពេល​ថ្មីៗ​នេះ​។


 
​សហរដ្ឋអាមេរិក ចាត់ទុក​ការចោទប្រកាន់​ទាំងនោះ ថា​មាន​លក្ខណៈ​នយោបាយ ដើម្បី​យាយី​ប្រជាពលរដ្ឋ​។ សេចក្តីថ្លែងការណ៍ ដែល​ស្ថានទូត​អាមេរិក ផ្ញើមក​សារព័ត៌មាន​ថ្មីៗ នា​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប គួរតែ​អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន ក្នុងការ​បញ្ចេញមតិ ដោយ​សេរី និង​សិទ្ធិ​ក្នុងការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​»​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឆ្លើយតប​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច ក៏ដូចជា​តុលាការ គឺធ្វើឡើង​ដោយមាន​ព័ត៌មាន និង​មូលដ្ឋាន​ច្បាស់លាស់ តែ​ផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍​រប​ស់​សហរដ្ឋអាមេរិក​ទេ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​ដ​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ឃើញតែ​គាត់ ចោទប្រកាន់ មិនដែល​ឃើញ​ពន្យល់ និង​លើក​ទឡ្ហី​ការណ៍​ច្បាស់​នោះទេ​»​។ 
 
​លោក ជិន ម៉ា​លីន បន្តថា បើ​គ្រាន់តែ​ប្រារព្ធ​ខួប​និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី គឺ​មិន​ខុសច្បាប់​ឡើយ ប៉ុន្តែ វា មានរឿង​ផ្សេង​នៅ​ពីក្រោយ​។ បន្ថែមថា ពិធី​រម្លឹក​ខួប​នោះ គឺមាន​ចេតនា​បង្កចលាចល​ដល់​សង្គម ដែល​រៀបចំ​ដោយ​អង្គការ​ចាត់តាំង និង​មាន​បណ្តាញ​នៅ​ពី​ខាងក្រោយ​។ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងយុត្តិធម៌​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​មិន​ទប់ស្កាត់​ទេ នឹងមាន​ចលាចល​ដល់​សង្គម​»​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​សហរដ្ឋអាមេរិក សរសេរ​ទៀតថា​៖«​យើង​តែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រឹតត្បិត​នយោបាយ​ហួសហេតុ ហើយ​ដោះលែង​អ្នក​ជាប់ពន្ធនាគា​រទាំង​ឡាយ​ណា ដែល​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុសច្បាប់ ហើយ​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​»​។​
 
​លោក គង់ រ៉ៃ​យ៉ា និង ភរិយា រួមទាំង​គ្នីគ្នា​ពីរ​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ គឺ​មុន​មួយថ្ងៃ​នៃ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​។ ពួកគេ ត្រូវ​ចាប់ខ្លួន ដោយសារតែ​ផលិត​អាវយឺត​លក់​តាម​បណ្តាញ​សង្គម ដោយ​អាវ​ទាំងនោះ​មាន​រូប​និង​ទ្រឹស្តី​របស់លោក​បណ្ឌិត កែម ឡី​។ 
 
​ប៉ុន្តែ​ភរិយា​របស់លោក និង​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​វិញ​។ ចំពោះ លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​។ 
 
​ចំណែក យុវជន​បីនាក់​ទៀត គឺ ជុំ ហួត និង ជុំ ហួរ (​បងប្អូន​ភ្លោះ​) និង យុវជន សួង នាគព័ន្ធ ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​រម្លឹក​ខួប​លោក​បណ្ឌិត កែម ឡី (១០​កក្កដា​) នៅ​ស្តារ​ម៉ា​ត​ស្តុ​ប​បូកគោ ពេល​ពួកគេ និង​ប្រជាពលរដ្ឋ យក​កម្រងផ្កា​ទៅកាន់​ទីនោះ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី​។ ក្រៅពី​ការគោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី យុវជន សួង នាគព័ន្ធ មាន​ខិត្តប័ណ្ណ​ប្រមាណ​១០​សន្លឹក យកទៅ​ចែកចាយ ដោយ​ខិត្តប័ណ្ណ សរសេរថា «​បញ្ឈប់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​»​។ 
 
​យុវជន ជុំ ហួត និង ជុំ ហួរ ត្រូវបាន​ដោះលែង​វិញ ក្រោយ​រកឃើញថា ពួកគេ មិនបាន​ចូលរួម​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​នោះទេ​។ ដោយឡែក យុវជន សួង នាគព័ន្ធ ត្រូវបាន​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដូច​លោក គង់ រ៉ៃ​យ៉ា ដែរ និង​ត្រូវបាន​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​។ 
​គេ​ដឹងថា​យុវជន​ទាំងពីរ ធ្លាប់ជា​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង និង​ជា​អ្នក​កែម​ឡី​និយម​៕ 

Tag:
 អាមេរិក​
  កម្ពុជា​
  សិទ្ធិមនុស្ស​
  កែម ឡី​
  ជិន ម៉ា​លីន
© រក្សាសិទ្ធិដោយ thmeythmey.com