អន្តរជាតិ
កំណើនសេដ្ឋកិច្ច​ចិន ធ្លាក់ចុះ​ដល់​អត្រា​ទាប​បំផុត ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​ចុងក្រោយ​នេះ
15, Jul 2019 , 11:19 pm        
រូបភាព
នាវាដឹកទំនិញចិន នៅកំពង់ផែ Qingdao (AFP)
នាវាដឹកទំនិញចិន នៅកំពង់ផែ Qingdao (AFP)
ដោយ:
​ចិន បាន​ចុះផ្សាយ តួលេខ​ប្រចាំត្រីមាស​ទី​ពីរ នៅ​ថ្ងៃ​ចន្ទ​ទី ១៥ កក្កដា ដែល​បង្ហាញថា សេដ្ឋកិច្ច​របស់ខ្លួន បាន​ធ្លាក់​ថយចុះ​មក​មក​ត្រឹម ៦,២​ភាគរយ​។ អត្រា​នៃ​កំណើនសេដ្ឋកិច្ច​នេះ បាន​ធ្លាក់ចុះ​ទាប​បំផុត ក្នុង​រយៈពេល ២៧​ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​របស់​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​នេះ​ជាមួយ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ជះឥទ្ធិពល​អវិជ្ជមាន​។​

 
​ចាប់ពី​ខែមេសា ដល់ ខែមិថុនា ឆ្នាំ​២០១៩ សេដ្ឋកិច្ច​ចិន បាន​កើនឡើង ៦,២​ភាគរយ បើ​ធៀប​ទៅនឹង​កំណើន​ឆ្នាំមុន ។ នេះ​បើតាម​របាយការណ៍​រប​ស់​ការិយាល័យ​ស្ថិតិ​ចិន​។ តួលេខ​ថ្មី បាន​ធ្លាក់​ថយចុះ​ពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ ដែល​ស្មើនឹង ៦,៤​ភាគរយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កំណើនសេដ្ឋកិច្ច​ប្រចាំត្រីមាស​ទី ២ របស់ «​មហា​យក្ស​ចិន​»  គឺជា​ជំហាន​យឺត​បំផុត​របស់​ប្រទេស​នេះ គិត​ចាប់ពី​១៩៩២​មក ដែល​កាលនោះ ស្មើនឹង ៦,៣​ភាគរយ ។ 
 
​ទាក់ទិន​នឹង​តួលេខ​ថ្មី​នេះ ការិយាល័យ​ស្ថិតិ​របស់​ចិន បាន​លើកឡើងថា សេដ្ឋកិច្ច​ចិន កំពុង​ប្រឈមមុខ​នឹង​ស្ថានការណ៍​ស្មុគស្មាញ ជាមួយ​កំណើន​នៃ​ភាពមិនច្បាស់លាស់​ពី​ខាងក្រៅ​។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ច​របស់​មហាអំណាច​លំដាប់​ទី​២​របស់​ពិភពលោក​នេះ ក៏​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ឆ្ពោះទៅ​ចំណុច​ទាប​បំផុត​ថ្មី ហើយ​ខ្លួន នឹង​ព្យាយាម​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ផងដែរ​។ 
 
​ជម្លោះ​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ជាមួយ​សហរដ្ឋអាមេរិក បាន​ជះ​ទ្ធិ​ពល​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​ចិន​។ ត្រង់ចំណុច​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​ម្នាក់​ប្រចាំ​វេ​ប​សាយ The Economist Intelligence Unit លោក Tom Rafferty បាន​ប្រាប់​ទូរទស្សន៍​អាមេរិក CNBC ដូច្នេះ​ថា ភាពមិនច្បាស់លាស់ ដែល​បង្កឡើង​ដោយ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន គឺជា​កត្តា​ចម្បង​មួយ ដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ថមថយ​សន្ទុះ​។ លោក បាន​ពន្យល់ថា ដោយសារតែ​ប្រទេស​ទាំងពីរ ពុំទាន់​បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ទូលាយ​ណាមួយ​ជាមួយគ្នា​ទេនោះ វា​បាន​បង្ក​ភាព​អាប់អួរ​ដល់​បរិយាកាស​នៃ​ការធ្វើ​ជំនួញ​នានា​។  
 
​ដោយឡែក ក្រសួងពាណិជ្ជកម្ម​ចិន បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ទី​១២ កក្កដា ថា ការនាំចេញ​របស់​ចិន អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ ដោយសារ​ការដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក ហើយ​ការ​នាំចូល​ទៅកាន់​ប្រទេស​ចិន ក៏មាន​ការធ្លាក់ចុះ​ផងដែរ ព្រោះថា តម្រូវការ​ក្នុងស្រុក​ចាប់ផ្តើម​ថយចុះ​៕
 

Tag:
 ចិន​
  កំណើនសេដ្ឋកិច្ច​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com