ជាតិ
សង្គមជាតិ
ក្រុម​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ពិភពលោក​ជិត​៥០០​នាក់ មក​ចែករំលែក​ពិសោធន៍​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​
16, Jul 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ជិត​៥០០​នាក់ ដែល​មកពី​ទូទាំង​ពិភពលោក បានមក​ជួបជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ នៅក្នុង​សន្និសីទ​មួយ​ស្តីពី​«​ការពិចារណា​ឡើងវិញ អំពី​ការបង្ការ​អំពើ​ប្រល័យពូជសាសន៍​»​ចាប់ពី​ថ្ងៃទី​១៤-១៧ ខែកក្កដា នៅ​សកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។ សន្និសីទ​មាន​គោលដៅ​ចែករំលែក​ការស្រាវជ្រាវ និង​បទពិសោធន៍​ការងារ​របស់​ពួកគេ ជុំវិញ​អំពើ​ប្រល័យពូជសាសន៍​។

 
​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា គឺជា​ប្រធានបទ​មួយ ក្នុងចំណោម​ប្រធានបទ​ជាច្រើន នៃ​អំពើ​ប្រល័យពូជសាសន៍ ដែល​ត្រូវ​លើក​មក​ពិភាក្សា ដូចជា នៅ​សេ​រ៉ា​ឡេ​អន រ៉ូ​វ៉ាន់ដា ជាដើម​។ ឆ្នាំនេះ​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជាទី​កន្លែង សម្រាប់​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ «​បង្ការ​អំពើ​ប្រល័យពូជសាសន៍​» វា​ក៏​ជា​ខួប​លើក​ទី​៤០ ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ដែល​បាន​កាប់សម្លាប់​ពលរដ្ឋ​កម្ពុជា អស់​ជាង ៣​លាន​នាក់ ក្នុងអំឡុងពេល​នៃ​ការ​កាន់អំណាច​របស់​ពួកគេ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​


ក្រុមអ្នកស្រាវជ្រាវដែល​មកពី​ទូទាំង​ប្រទេស កំពុង​មាន​វត្តមាន​នៅក្នុង​សន្និសីទស្តីពី«ការពិចារណាឡើង​វិញ អំពី​ការ​ទប់ស្កាត់​អំពើប្រល័យពូជសាសន៍»
 
​លោក Kenneth Dunn ប្រធាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដែល​ធ្វើជា​ម្ចាស់ផ្ទះ ជាមួយ​សាកលវិទ្យាល័យ Rutgers មកពី​អាមេរិក បាន​និយាយថា ប្រទេស​កម្ពុជា​បានក្លាយ​ជា​មេរៀន​ដ៏​សំខាន់ ដើម្បី​ចែករំលែក​ជាមួយ​ពិភពលោក ពី​ការ​ស្តារឡើងវិញ​ក្រោយ​របប​ប្រល័យពូជសាសន៍​។  
 
​ប្រធាន​សាកលវិទ្យាល័យ​មេ​រិ​កាំ​ង​ភ្នំពេញ​រូបនេះ​បញ្ជាក់ថា​៖«​យើង​ចង់​ចូលរួម​ក្នុងការ​សន្ទនា​ជាស​កល ស្តីអំពី​ការទប់ស្កាត់​វិបត្តិ​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​។ កាលពី​៤០​ឆ្នាំមុន កម្ពុជា​ជា​កន្លែង​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​។ ថ្ងៃនេះ យើង​សូម​ស្វាគមន៍​អ្នក ក្នុងនាម​ជា​ប្រទេស​កម្ពុ​ជាថ្មី ដែល​បាន​ក្លាយជា​គំរូ​មួយ​អំពី​របៀប​ដែល​ប្រទេសមួយ​នេះ អាច​កសាង​លើ​គំនរ​ផេះផង់​កាលពី​អតីតកាល​ដ៏​សោកសៅ ដើម្បី​អនាគត​ថ្មី​ប្រកបដោយ​សុទិដ្ឋិនិយម​»​។ 
 
​ការផ្តន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដោយ​សាលាក្តី​ខ្មែរក្រហម​នាពេល​ថ្មីៗ​នេះ ជាការ​រួមចំណែក​ដ៏​សំខាន់ ដល់​ការប្តេជ្ញា​ចិត្តជា​សាកល ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ឃោរឃៅ​ជាច្រើន​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក Kenneth Dunn ប្រធាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។​
 
​សមាគម​អន្តរជាតិ នៃ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ គឺជា​អង្គការ​អន្តរជាតិ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ដែលមាន​គោលបំណង​ស្វែងរក​ការស្រាវជ្រាវ​បន្ថែម និង​ការបង្រៀន​អំពី​ធម្មជាតិ​បុព្វហេតុ និង​ផលវិបាក​នៃ​អំពើ​ប្រល័យពូជសាសន៍ ព្រមទាំង​ដើម្បី​ជំរុញ​ការសិក្សា​គោលនយោបាយ ស្តីពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​៕  
 

Tag:
 ប៉ុលពត
© រក្សាសិទ្ធិដោយ thmeythmey.com