ជាតិ
ចិន​នឹងពិចារណាបើក​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សហការ​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន​
16, Jul 2019 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖លោក គួច ចំរើន  អភិបាលខេត្តព្រះសីហនុ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
​ភ្នំពេញ​៖ ចិននឹង​ពិចារណាបើក​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សហការ​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន ដែល​កំពុង​រស់នៅ និង​រកស៊ី​នៅ​កម្ពុជា​។ ចិន​ទទួលយក​សំណើ​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ពិភាក្សា​ជាមួយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភា​ព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពីពេល​ថ្មីៗ​នេះ​។


អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃៀង ភារ​ម្យ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗថា អាជ្ញាធរ​ កំ​ពុ​ងសិក្សា​ទីតាំង សម្រាប់​ផ្ដល់​ឲ្យ​ចិន​ បើក​ស្ថាន​កុងស៊ុល​នេះ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ច្បាស់​ថា ភាគី​ចិន​នឹង​បើក​ស្ថាន​កុងស៊ុលនៅពេលណា​ឡើយ​។ សម្រាប់​លោក ភារ​ម្យ ការបង្កើត​ស្ថាន​កុងស៊ុល​ចិន​នេះ នឹង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​​​ចំនួន​ប្រជាជន​ចិន អ្នកទេសចរ និង​អ្នកវិនិយោគ ជាពិសេស​ផ្សព្វផ្សាយ​អប់រំ​ចែករំលែក ព័ត៌មាន វប្បធម៌ ច្បាប់​ជាដើម​។ លោក ឃៀង ភារម្យ បញ្ជាក់ទៀតថា៖«​​ប្រជាជន​ចិន ដែលមាន​វត្តមាន ​(​នៅ​កម្ពុជា​) ​ងាយស្រួល​សម្រាប់​ដោះស្រាយ​គ្រប់​បញ្ហា ឬ​រឿងរ៉ាវ​ដែល​កើតមាន ​ក្នុង​ខេត្ត​ព្រះសីហនុ​»​។ ​
 
​សូមរំឭកថា កាលពី​ថ្ងៃទី​១០ កក្កដា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និងលោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន បាន​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈមដែល​​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ ក្រោយមានសន្ទុះ​ខ្លាំង​ក្នុងការ​អភិវឌ្ឍ នៅក្នុងរយៈពេល​ជាង​២ឆ្នាំមកនេះ។ នៅក្នុងកិច្ចពិភាក្សានោះ លោក គួចចំរើន បាន​ប្រាប់ទៅលោកឯកអគ្គរដ្ឋទូតចិនថា បញ្ហាដែលខេត្តព្រះសីហនុ បាន​ប្រឈម មានដូចជា​ ​ការគ្រប់គ្រង​សំណង់​អគារ លូ ប្រព័ន្ធ​ទឹក និង​បញ្ហា​ផ្សេងៗ។ ជាការ​ឆ្លើយតប​របស់​ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ បាន​សន្យាថា នឹង​ជួយ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ តាមរយៈ​គម្រោង«​កម្មវិធី​ខេត្ត​ព្រះសីហនុ មាន​សុវត្ថិភាព​»ដែលមាន​បញ្ចូល​ទាំង​ការបណ្តុះបណ្តាល ការប្រើប្រាស់​សម្ភារ បច្ចេកទេស និង​សណ្តាប់ធ្នាប់​ជាដើម​៕

Tag:
 ស្ថាន​កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com