អន្តរជាតិ
UN បារម្ភ ក្រោយអាមេរិកវាស់ដីឲ្យប្រមុខការទូតអុីរ៉ង់ដើរនៅ New York រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ។ រូបភាព AFP
× អង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែកក្កដា បានបង្ហាញក្ដីបារម្ភជុំវិញចំណាត់ការរបស់រដ្ឋាភិបាលអាមេរិកដែលកំណត់ទីតាំងធ្វើដំណើរឲ្យប្រមុខការទូតអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ។ ការរឹតត្បិតនេះ ជារឿងមិនធម្មតាមួយ ដ្បិតលោក ហ្សារីហ្វ ត្រូវចូលរួមកិច្ចប្រជុំសំខាន់មួយរបស់អង្គការសហប្រជាជាតិនៅបុរី New York ។ អង្គការសហប្រជាជាតិ កំពុងជជែកជាមួយបេសកកម្មអ៊ីរ៉ង់ប្រចាំ New York និងអាជ្ញាធរអាមេរិកពីការរឹតត្បិតនេះ។
ជារឿងកម្រមាន អាមេរិក បានវាស់ដីឲ្យមន្ត្រីបរទេសជាន់ខ្ពស់ដើរ ទោះជាភ្ញៀវរបស់អង្គការសហប្រជាជាតិ (UN) ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ត្រូវបានអាមេរិកហាមឃាត់មិនធ្វើឲ្យដំណើរទៅណាមកណាឡើយក្រៅពីទីតាំងស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិក្នុងសង្កាត់ Manhattan ទីក្រុង New York ។ លោក ហ្សារីហ្វ កំពុងស្ថិតនៅទឹកដីអាមេរិកដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមស្ដីពីការអភិវឌ្ឍដោយចីរភាព។
ពាក់ព័ន្ធការរឹតត្បិតការធ្វើដំណើរនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ប្រាប់កាសែត Washington Post ថា អាមេរិកផ្ដល់ទិដ្ឋាការឲ្យលោក ហ្សារីហ្វ មែន តែមន្ត្រីអ៊ីរ៉ង់រូបនេះមិនអាចដើរហើរដោយសេរីក្នុងទីក្រុង New York បានឡើយ ព្រោះមន្ត្រីអាមេរិកក៏មិនអាចដើរលេងនៅទីក្រុងតេហេរ៉ង់ដែរ។ លោក ប៉ុមប៉េអូ ចោទលោក ហ្សារីហ្វ ថា ប្រើប្រាស់សេរីភាពដែលអាមេរិកផ្ដល់ឲ្យដើម្បីឃោសនារឿងមិនល្អ។
ជុំវិញការកំណត់ទីតាំងដើរហើរលើភ្ញៀវរបស់ខ្លួននេះ អង្គការសហប្រជាជាតិក៏បានសួរនាំអាមេរិកដែរ។ អ្នកនាំពាក្យ UN លោក Farhan Haq ប្រាប់អ្នកសារព័ត៌មានថា លេខាធិការដ្ឋាន UN បានទាក់ទងទៅកាន់ស្ថានតំណាងរបស់អ៊ីរ៉ង់ និងអាមេរិកអំពីការរឹតត្បិតការធ្វើដំណើររបស់លោក ហ្សារីហ្វ និងបានបង្ហាញការព្រួយបារម្ភទៅកាន់អាមេរិកដែលជាម្ចាស់ផ្ទះផងដែរ។
ជាប្រទេសម្ចាស់ផ្ទះ និងជាទីតាំងធំរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមួយនេះក្នុងការផ្ដល់ទិដ្ឋាការរហ័សឲ្យមន្ត្រីបរទេសដែលមានការងារជាមួយអង្គការសហប្រជាជាតិ ហើយជារឿងកម្រទិដ្ឋាការត្រូវបានបដិសេធនោះ។ ប៉ុន្តែជាញឹកញយ មន្ត្រីបរទេសដែលមានទំនាក់ទំនងមិនល្អជាមួយអាមេរិក មិនត្រូវបានអនុញ្ញាតឲ្យដើរហើរចេញក្រៅពីតំបន់Columbus Circle ឡើយ។
ទោះត្រូវបង្ខាំងឲ្យស្ថិតក្នុងបរិវេណស្ថានបេសកកម្មខ្លួនក្ដី លោក ហ្សារីហ្វ នៅតែអាចរកផ្លូវដើម្បីបញ្ចេញសាររបស់ខ្លួនបានដដែល។ ដូចទម្លាប់ពេលទៅប្រជុំនៅស្នាក់ការអង្គការសហប្រជាជាតិរាល់ដង ប្រមុខការទូតអ៊ីរ៉ង់ដែលនិយាយភាសាអង់គ្លេសរអិលមាត់ បានទទួលកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកដដែល។ លោក ហ្សារីហ្វ ដែលជាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នោះ ក៏រងទណ្ឌកម្មរឹបអូសទ្រព្យសម្បត្តិដែលដាក់រដ្ឋបាលអាមេរិកផងដែរ៕
Tag:
UN
អាមេរិក
អ៊ីរ៉ង់
ចាវ៉ាដ ហ្សារីហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com