ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំបើកកម្មវិធី«គ្រាប់ពូជដើម្បីអនាគត ឆ្នាំ២០១៩» ក្រោមប្រធានបទ«Digital Aspiration»។ កម្មវិធីបានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលផ្តល់បទពិសោធន៍ និងដំណោះស្រាយដល់អតិថិជន(CSIC) នៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតនៃចិននៅកម្ពុជា និង លោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា។
កម្មវិធី«គ្រាប់ពូជដើម្បីអនាគត» ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០០៨ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដ៏ពិសេសមួយ និងជាគម្រោងវិនិយោគរយៈពេលវែង និងធំបំផុតជាលក្ខណៈសកល របស់ក្រុមហ៊ុន។ កម្មវិធី មានបំណងចូលរួមចំណែកអភិវឌ្ឍន៍ វជនដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យានៅក្នុងស្រុក លើកកម្ពស់ការផ្ទេរចំណេះដឹង និងការយល់ដឹង ក៏ដូចជាបណ្តុះចំណាប់អារម្មណ៍របស់យុវជនវ័យក្មេង ចំពោះបច្ចេកវិទ្យា ICT ។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ គម្រោងនេះ ត្រូវបានដាក់អនុវត្តនៅលើប្រទេស និងតំបន់ ១២៥ នៅជុំវិញពិភពលោក ហើយនិស្សិតចំនួន ៤.៧២៥ នាក់ បានចូលក្នុងកម្មវិធីនេះ។ ដោយឡែកកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» ត្រូវបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា នាឆ្នាំ២០១៦ ហើយរហូតមកទល់ពេលនេះ និស្សិតឆ្នើមកម្ពុជាចំនួន ៣០នាក់ហើយ បានសម្រេចក្តីសុបិន ដោយធ្វើដំណើរទៅកាន់សារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធីនេះ។ សម្រាប់ឆ្នាំ២០១៩នេះ ក្រោមការជ្រោមជ្រែង ពីក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីក៏បានប្រកាសជ្រើសរើសនិស្សិត ពីសកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន ហើយតាមរយៈនីតិវិធី និងការជម្រុះជាច្រើនជុំ និស្សិតឆ្នើម ១០រូប ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានជាតិ NIPTICT និងសាកលវិទ្យាល័យអន្តរជាតិ PARAGON ត្រូវបានជ្រើសរើស ហើយនឹងត្រូវចាកចេញពីកម្ពុជា ទៅប្រទេសចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។
លោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកនាំមុខ ខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្ត ជួយអភិវឌ្ឍវិស័យឧស្សាហកម្មបច្ចេកវិទ្យា ICT ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព នៅក្នុងប្រទេស។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា បន្ថែមថា៖«ការអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតឲ្យមានឱកាស និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងតម្លាភាពនៃបណ្តាប្រទេសនានា។ ដូច្នេះសកម្មភាពCSR របស់ Huawei នេះ គឺជាសកម្មភាពដ៏សំខាន់បំផុត ក្នុងការជួយជ្រោមជ្រែងវិស័យអប់រំបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងដល់ធនធានក្នុងស្រុក នៃបណ្តាប្រទេសនានា ដែលយើងកំពុងធ្វើប្រតិបត្តិការធុរកិច្ច។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា ដែលបានជួយជ្រោមជ្រែង ស្វែងរកគ្រាប់ពូជនៃបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុន Huawei ក៏ដូចជាប្រទេសកម្ពុជា»។
លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយ ដោយឃើញថា ក្រោមកិច្ចដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគរបស់ខ្លួន ក្នុងវិស័យអប់រំ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំជឿជាក់ថា អនាគតនៃវិស័យអប់រំនៅកម្ពុជានឹងកាន់តែប្រសើរឡើង»។
សម្រាប់លោក Li An កម្មវិធី«គ្រាប់ពូជដើម្បីអនាគត» របស់ក្រុមហ៊ុន Huawei គឺជាកម្មវិធីសុខុមាលភាពសាធារណៈមួយ ដែលបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍទេពកោសល្យ ICT វ័យក្មេង ហើយសក្តានុពល នៃកម្មវីធីកំពុងតែរីកដុះដាលជារៀងរាល់ឆ្នាំ។ លោក Li An បន្តថា៖« ឆ្នាំនេះ គឺជាឆ្នាំទី៤ ហើយនិស្សិតឆ្នើម១០នាក់ ដែលបានជ្រើសរើស នឹងក្លាយជាគ្រាប់ពូជ តំណាងប្រទេស ចូលរួមក្នុងកម្មវិធីនេះ។ ឱកាសនៃការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីមើលឃើញពិភពលោក និងកសាងមិត្តភាពថ្មី គឺជាគុណតម្លៃដ៏ពិសេសមួយ នៃកម្មវិធី ដូចពាក្យបុរាណចិនមួយបានពោលថា«ការអានសៀវភៅ១ម៉ឺនក្បាល គឺដូចជាការធ្វើដំណើររាប់ម៉ឺនម៉ាយ និងការបង្កើតមិត្តភក្តិ មកពីគ្រប់ទិសទីជុំពិភពលោក»។ លោក Li សង្ឃឹមថា តាមរយៈកម្មវិធីនេះ និស្សិតកម្ពុជា នឹងទទួលបានសមិទ្ធផលជាផ្លែផ្កា សម្រាប់អនាគត ហើយវាក៏នឹងក្លាយជាសារមិត្តភាពដ៏សំខាន់ នៃប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស កិច្ចខិតខំប្រឹងប្រែង កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រទាំងធនធានថវិកា ទាំងសម្ភារបច្ចេកទេស ពីក្រុមហ៊ុន Huawei ។ លោកស្រី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ក្រុមហ៊ុន Huawei មិនដែលបានបំភ្លេចចោល នូវការងារទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនឡើយ ដោយក្រុមហ៊ុន តែងតែបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការជួយបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យា ICT នៅក្នុងប្រទេសកម្ពុជា ដូចជាកម្មវិធី«គ្រាប់ពូជដើម្បីអនាគត» នេះជាដើម។
លោកស្រី គឹម សេដ្ឋានី បញ្ជាក់បន្ត៖«ដើម្បីដើរឲ្យទាន់បដិវត្តន៍ឧស្សាហកម្ម 4.0 របស់សកលលោក ជាពិសេសការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សនៃ ICT និងការសម្រេចឲ្យបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកជាខ្លាំង ចំពោះការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ឲ្យមានចំណេះដឹងផ្នែក ICT ( E-people )ដោយប្រែក្លាយកម្ពុជា ទៅជារាជរដ្ឋាភិបាលអេឡិចត្រូនិក (E-government) តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ដែលបាន និងកំពុងធ្វើការងារក្នុងវិស័យនេះ។ តែអ្វីដែលសំខាន់នោះ មុននឹងយើងសម្រេចបាននូវ E-Government ទាល់តែយើងមាន E-people។ យើងជឿជាក់ថា ខ្មែរអាចធ្វើបាន»។
លោកស្រីរដ្ឋលេខាធិការ ក៏បានចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំងអស់ និងផ្តាំផ្ញើឲ្យពួកគេយកចិត្តទុកដាក់ក្នុងការសិក្សា ព្រមទាំងយកបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ មកចូលរួមអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួរំលឹកផងដែរថា ក្រុមហ៊ុន Huawei គឺក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក១៨៨,០០០នាក់ នៅទូទាំងពិភពលោក ហើយកំពុងប្រតិបត្ដិការធុរកិច្ចនៅក្នុងប្រទេស និងតំបន់ជាង ១៧០ បម្រើប្រជាជនទូទាំងពិភពលោកជាង ៣០លាននាក់។ ក្រុមហ៊ុន Huawei បានមកធ្វើប្រតិបត្ដិការធុរកិច្ចនៅកម្ពុជា ក្នុងឆ្នាំ១៩៩៩ ហើយឆ្នាំនេះ ជាខួបលើកទី២០ នៃក្រុមហ៊ុន Huawei ប្រទេសកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)