ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ កម្ពុជា មាន​ទាំង​ផលប្រយោជន៍ និង​ផល​លំបាក ពី​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​វៀតណាម​
16, Jul 2019 , 12:13 pm        
រូបភាព
​ភ្នំពេញ​៖ វៀតណាម និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​គាំពារ​ការវិនិយោគ​សហ​ភាព​អឺរ៉ុប​-​វៀតណាម (EVIPA) ហើយ​ត្រៀម​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នាពេល​ណាមួយ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​វៀតណាម កំពុងមាន​ការព្រួយបារម្ភ​។ និយាយ​ដោយឡែក​ពី​កម្ពុជា​វិញ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​និយាយថា កិច្ចព្រមព្រៀង​ពិសេស​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​នេះ ​នឹង​ជះឥទ្ធិពល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​កម្ពុជា​។ ផល​វិជ្ជមាន​នោះ គឺ​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ពី​វៀតណាម តាមរយៈ​វិស័យ​កម្មន្តសាល ឬ​ការផ្គត់ផ្គង់​អ្វីមួយ​ទៅ​ឲ្យ​វៀតណាម​។ ឯ​ផល​អវិជ្ជមាន​នោះ គឺ​កម្ពុជា នឹង​ជួប​ផល​លំបាក​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ ជាមួយ​វៀតណាម ទៅលើ​ផលិតផល​ដែលមាន​ភាព​ប្រហាក់ប្រហែល​គ្នាច្រើន​។​

 
​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​និយាយថា កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​នេះ វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​សេដ្ឋកិច្ចកម្ពុជា​នោះទេ បើសិន​កម្ពុជា បង្កើត​ការតភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម ដែល​វា​ជា​តម្រូវការ​នៃ​ផលិតកម្ម​របស់​វៀតណាម​។ ជាពិសេស​ពង្រឹងសមត្ថភាព​នៃ​ការផលិត និង​ធនធានមនុស្ស ដែល​ពោរពេញ​ទៅដោយ​ចំណេះដឹង និង​ជំនាញ​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដូចតទៅ​៖



 
​ដ្បិត​វា​មិន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចកម្ពុជា​ក្តី ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម កើតឡើង​ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រឈមមុខ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything but Arms) ។ តើ​វា​អាចជា​សម្ពាធ​ដល់​កម្ពុជា​ថែមទៀត​ទេ​?
 
​លោក ឈាង វណ្ណា​រិ​ទ្ធ អះអាងថា បញ្ហា​កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​នេះ វា​មិនមែនជា​ការដាក់​សម្ពាធ​ដល់​កម្ពុជា​ទេ ពោល​វា​គឺជា​រឿង​ពីរ​ដោយឡែក​ផ្សេងគ្នា ពី​បញ្ហា​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​លោក មើលឃើញ​នោះ គឺ​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​ស្ដង់ដារ​ពីរ មកលើ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ទប់ទល់​ឥទ្ធិពល​មហាអំណាច​ចិន និង​ទាញយក​ផលប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ​។ ក្នុងន័យនេះ​លោក វណ្ណា​រិ​ទ្ធ បាន​ពន្យល់ថា ស្ដង់ដារ​ពីរ​ដែល​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​នោះ គឺ​គេ​ផ្ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី ដល់​វៀតណាម ដោយ​មិន​គិតពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​វៀតណាម​ឡើយ​។ ចំណែក​កម្ពុជា កំពុង​ប្រឈមមុខ​ជាមួយ​បញ្ហា​អនុគ្រោះ​ពន្ធ​នេះ ត្រូវបាន​គេ​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ និង​ការគោរព​សិទ្ធិ​ការងារ​ទៅវិញ​។​
 
​តែ​យ៉ាងណា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ ជំរុញ​ឲ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​នាំចេញ​បន្ថែម​, អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សម្រួល​ការរកស៊ី​អ្នកវិនិយោគ ជាពិសេស​ពង្រឹង​វិស័យ​កម្មន្តសាល និង​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល ដែល​កម្ពុជា កំពុង​អនុវត្ត​បច្ចុប្បន្ននេះ​៕

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  ពាណិជ្ជកម្ម​
  អឺរ៉ុប​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com