ម៉ាឡេស៊ី រឹបអូស​លុយ ២៤០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចិន ក្រោយ​លុបចោល​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​
អន្តរជាតិ
ម៉ាឡេស៊ី រឹបអូស​លុយ ២៤០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចិន ក្រោយ​លុបចោល​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​
16, Jul 2019 , 2:52 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បានបញ្ជាក់​ពី​ការ​រឹបអូស​លុយ ២៤០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចិន ដែល​ទទួលបន្ទុក​សាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ចំនួន ២ ក្នុង​ទំហំ​ទឹកប្រាក់ ២,៣​ពាន់​លាន​ដុល្លារ​។ ជុំវិញ​រឿងនេះ មេដឹកនាំ​ចាស់វស្សា​រូបនេះ បាន​លើកឡើងថា រដ្ឋាភិបាល​លោក មាន​សិទ្ធិ​ពិសេស​ដើម្បី​ទទួលយក​ប្រាក់​ត្រឡប់មកវិញ ដ្បិតថា​គម្រោង​នេះ​ត្រូវបាន​លុបចោល​ហើយ​នោះ​។ 

 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បញ្ជាក់​ឲ្យ​ដឹងថា លោក ពុំ​មើលឃើញ​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន នឹងមិន​សប្បាយចិត្ត​អំពី​រឿង​រឹបអូស​លុយ​នេះឡើយ ព្រោះ​ម៉ាឡេស៊ី​ពុំបាន​ទាមទារ​លុយ​ត្រឡប់មកវិញ​សម្រាប់​កិច្ច​ការដែល​ក្រុមហ៊ុន​ចិន​នោះ​ធ្វើ​រួចរាល់​ទេ ប៉ុន្តែ​គឺ​សម្រាប់​កិច្ច​ការដែល​ពួកគេ​ពុំបាន​ធ្វើ​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូបនេះ គូសបញ្ជាក់​ទៀតថា មុននឹង​មានការ​ផ្អាក​គម្រោង​ស្ថាបនា​បំពង់​បង្ហូរ​ឧស្ម័ន​នេះ ថវិកា​សម្រាប់​ផ្គត់ផ្គង់​ច្រើនជាង ៨០​ភាគរយ​នៃ​គម្រោង​នេះ ត្រូវបាន​ចំណាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​ទទួលបន្ទុក​កិច្ចការ​សាងសង់​នេះ ទោះបីជា​វា​ត្រូវបាន​សាងសង់​រួចរាល់​ត្រឹម ១៣​ភាគរយ​ក៏ដោយ​ក្តី​។ 
 
​ការលើកឡើង​របស់លោក មហា​ធៀ បានធ្វើ​ឡើង ក្រោយពី​កាសែត​សិង្ហ​បុរី The Straits Times កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា​កន្លងទៅ បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ម៉ាឡេស៊ី បាន​រឹបអូស​លុយ ២៤៣,៤​លាន​ដុល្លារ ពី​ក្រុមហ៊ុន China Petroleum Pipeline Engineering (CPP) ហើយ​បាន​ផ្ទេរប្រាក់​ទាំងនោះ​ទៅកាន់​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រុមហ៊ុន​ចិន CPP នេះ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រដ្ឋ China National Petroleum Corp ដែលជា​ក្រុមហ៊ុន​ឧស្ម័ន និង​ប្រេង​ជាតិ​ធំ​បំផុត​របស់​ចិន និង​ជា​ក្រុមហ៊ុន​ថាមពល​ធំ​បំផុត​មួយ​លើ​ពិភពលោក​។ រដ្ឋាភិបាល​ម៉ាឡេស៊ី លុបចោល​គម្រោង​ស្ថាបនា​បំពង់​បង្ហូរ​ឧស្ម័ន​ជាមួយ​ក្រុមហ៊ុន​ចិន CPP កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ ៤ ខែ ក្រោយពី​លោក មហា​ធៀ ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។  គេ​សង្ស័យថា គម្រោង​នេះ​ត្រូវបាន​លុបចោល​ដោយសារ​ក្រុមហ៊ុន​ចិន​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លាងលុយកខ្វក់​។ 
 
​ទោះជា​បែបនេះ​ក្តី រដ្ឋាភិបាល​លោក មហា​ធៀ អះអាងថា ការចំណាយ​ខ្ពស់ និង​ការងារ​សាងសង់​យឺតយ៉ាវ​ជា​មូលហេតុ​នៃ​ការលុបចោល​គម្រោង​នេះ ខណៈ​ក្រុមហ៊ុន​ចិន CPP លើកឡើងថា ខ្លួន​យល់ព្រម​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ម៉ាឡេស៊ី​ថ្មី​។ 
 
​ក្រុមហ៊ុន China Petroleum Pipeline Engineering (CPP) បានឈ្នះ​កិច្ចសន្យា​ក្នុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន ប្រវែង ៦០០​គីឡូម៉ែត្រ នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស​ម៉ាឡេស៊ី និង​បំពង់​បង្ហូរ​ឧស្ម័ន​ប្រវែង ៦៦២​គីឡូម៉ែត្រ​មួយ​ផ្សេងទៀត ក្នុង​រដ្ឋ​សា​បា​។ គម្រោង​ទាំងនេះ ត្រូវបាន​អនុម័ត​ក្នុង​អាណត្តិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ បច្ចុប្បន្ន​លោក ណា​ជីប កំពុង​ប្រឈមមុខ​នឹង​រឿងក្តី​ពុករលួយ 1MDB  ដែល​គេ​ជឿថា ថវិការដ្ឋ​រាប់ពាន់​លាន​ដុល្លារ ត្រូវបាន​បាត់បង់​។​
 
​ប្រឈមមុខ​នឹង​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​រដ្ឋាភិបាល​ម៉ាឡេស៊ី​អាណត្តិ​ថ្មី មុននឹង​គម្រោង​នេះ​ត្រូវបាន​លុបចោល លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី Lim Guan Eng កាលពី​ខែមិថុនា ឆ្នាំ​២០១៨ បាន​ទម្លាយ​ឲ្យ​ដឹងថា រដ្ឋាភិបាល​របស់លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ចំណាយលុយ ២​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ៨៨​ភាគរយ​នៃ​ថ្លៃ​ចំណាយ​សរុប​នៃ​គម្រោង​សាងសង់​ទាំងពីរ​នេះ ទោះបី​ពួកវា ទើបតែ​ត្រូវ​បានបញ្ចប់​ការសាងសង់​រួចរាល់​ត្រឹម ១៣​ភាគរយ​ប៉ុណ្ណោះ​ក៏ដោយ​ក្តី​៕

Tag:
 ​ម៉ាឡេស៊ី​
  ក្រុមហ៊ុន​ចិន​
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម