កីឡាជាតិ
ជាតិ
លោក សៅ សុខា ប្រាប់ លោក ស សុខា ថា មន្ទីរអប់រំ​ខ្លះ​ដណ្តើម​ទីលាន​បាល់ទាត់​ពីសា​លា​ទៅគ្រប់​គ្រង​
16, Jul 2019 , 8:19 pm        
រូបភាព
លោក សៅ សុខា​ (ឆ្វេង)ចាប់ដៃជាមួយលោក ស សុខា ក្រោយកិច្ចប្រជុំបូកសរុបការងារ CAMSOC, រូបភាពពី SEA Games 2023
លោក សៅ សុខា​ (ឆ្វេង)ចាប់ដៃជាមួយលោក ស សុខា ក្រោយកិច្ចប្រជុំបូកសរុបការងារ CAMSOC, រូបភាពពី SEA Games 2023
ដោយ:
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ការហួសចិត្ត​ចំពោះ​មន្ទីរអប់រំ យុវជន និង​កីឡា និង​សាលា​មួយចំនួន​នៅតាម​ខេត្ត ដែល​ដណ្តើម​គ្នា​គ្រប់គ្រង​ទីលាន​បាល់ទាត់​នៃ​គម្រោង​សាលា​តម្រង់ទិស​។ បច្ចុប្បន្ន​មាន​ទីលាន​ចំនួន​២២​ហើយ​បាន​សាងសង់​រួច កំពុង​សាងសង់ និង​បាន​ចុះកិច្ចសន្យា​ដើម្បី​សាងសង់​។ ដូច្នេះ​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​២៥​រាជធានី​-​ខេត្ត​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅសល់តែ​៣​ទៀត​ប៉ុណ្ណោះ​។

 
​នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ​(CAMSOC)​កាលពី​ថ្ងៃទី​១៥ កក្កដា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ការហួសចិត្ត​ចំពោះ​ព័ត៌មាន ដែលថា មន្ទីរអប់រំ យុវជន និង​កីឡា​និង​នាយក​សាលា​តាម​ខេត្ត​មួយចំនួន ដណ្តើម​គ្នា​គ្រប់គ្រង​ទីលាន​បាល់ទាត់​ក្រោម​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​។​
 
​នៅមុខ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទទួលបន្ទុក​ផ្នែក​កីឡា លោក សៅ សុខា បង្ហាញ​ការហួសចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ធ្វើ​ទីលាន​បាល់ទាត់​បាន​ហើយ ហើយ​ប្រគល់​ឲ្យ​គាត់​គ្រប់គ្រង តែ​គាត់​ដណ្តើម​គ្នា​គ្រប់គ្រង​ទៀត ខ្ញុំ​សុំ​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ (​លោក ស សុខា​)​ដែលមាន​វត្តមាន​នៅ​នី​នេះ​។ មន្ទីរអប់រំ​ខេត្ត​ថា ការប្រគល់​ឲ្យ​គ្រប់គ្រង​ទីលាន​នេះ គឺជា​តួនាទី​របស់គាត់​។ តែ​គោលដៅ​ពិតប្រាកដ​មិនមែន​ប្រគល់​ឲ្យ​មន្ទីរ​នោះទេ សូម​ជម្រាប​! អ្វីដែល​ខ្ញុំ​ធ្វើ គឺ​ប្រគល់​ឲ្យ​សាលា​ជា​អ្នកគ្រប់គ្រង ព្រោះ​គាត់​ជា​អ្នកមើល​ថែរក្សា​ផ្ទាល់​រាល់ថ្ងៃ​»​។​
 
​គម្រោង​អភិវឌ្ឍន៍​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំង​២៥​រាជធានី​-​ខេត្ត ដែលជា​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជិត​រួចរាល់​ទូទាំងប្រទេស​ហើយ​។ បច្ចុប្បន្ន​ទីលាន​ចំនួន​២២ បាន​សាងសង់​ហើយ និង​កំពុង​ស្ថិតក្នុង​ដំណាក់​សាងសង់ និង​បាន​ចុះកិច្ចសន្យា​ដើម្បី​សាងសង់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សៅ សុខា​។  
 
​អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ​រូបនេះ​បាន​បន្ថែមថា​៖«​ខ្ញុំ​នៅសល់តែ​៣​ទីលាន​ទៀត​ទេ គឺ​គ្រប់​ទូទាំងប្រទេស​។ នៅ​ខ្វះ គឺ​ដោយសារ​ខេត្ត​ទាំងនោះ​គ្មាន​ដី​ឲ្យ​ខ្ញុំ ដើម្បី​សាងសង់​ទីលាន​។ មាន​គ្រូ​ខ្លះ​ថា ការលេង​កីឡាបាល់ទាត់​អាច​រំខាន និង​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស នៅ​ស្រុក​យើង​មាន​គ្រូ​បែប​នេះដែរ ទំនង​ប្រហែលជា​គាត់​អត់​ដឹងថា យើង​ត្រូវធ្វើ​អ្វី​នៅ​ឆ្នាំ​២០២៣»​។   
 
​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ មានជំនឿថា ក្រុមយុវជន​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា អាច​នឹង​លើក​ពាន​ប្រចាំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ  បើ​គម្រោង​អភិវឌ្ឍន៍​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​២៥​រាជធានី​-​ខេត្ត​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​បើ​គម្រោង​នេះ​មិន​បញ្ចប់​ត្រឹម​ឆ្នាំនេះ​ទេ លទ្ធផល​នឹងមាន​ការប្រែប្រួល​នៅ​ឆ្នាំ​២០២៣៕    
 

Tag:
 បាល់ទាត់​
  សៅ សុខា​
  សាលា​តម្រង់ទិស​
© រក្សាសិទ្ធិដោយ thmeythmey.com