ជាតិ
កម្ពុជាបង្កើតទំនាក់ទំនងការទូតជាមួយបុរីក្សត្រម៉ូណាកូ
× ពីទីក្រុងប៉ារីស កម្ពុជា និងម៉ូណាកូ កាលពីថ្ងៃទី១១ ខែកក្កដា បានចេញសេចក្តីថ្លែងការរួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងរដ្ឋទាំងពីរ ក្នុងគោលបំណងជំរុញការយោគយល់គ្នាទៅវិញទៅមក និងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។
សម្រាប់អត្ថបទជាភាសាអង់គ្លេស៖ Cambodia Forges Diplomatic Relations with Monaco
សេចក្តីថ្លែងការណ៍រួមជាភាសាខ្មែរ និងបារាំង ដែលចុះហត្ថលេខាដោយ លោក ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោក Christophe Steiner ឯកអគ្គរាជទូតម៉ូណាកូប្រចាំប្រទេសបារាំង ឈរលើគោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋដទៃ។
បុរីក្សត្រម៉ូណាកូ ជាប្រទេសតូចជាងគេបំផុតលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីបុរីវ៉ាទីកង់ ដោយលាតសន្ធឹង នៅភាគនិរតីទ្វីបអឺរ៉ុប និង ស្ថិតនៅ ភាគខាងជើងកណ្តាលសមុទ្រម៉េឌីទែរ៉ាណេ ក្រោមផ្ទៃដីត្រឹមតែ ១.៩៥គីឡូម៉ែត្រការ៉េ។
កាលពីឆ្នាំ២០១៤ ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ (Albert II) ដែលជាប្រមុខរដ្ឋនៃបុរីក្សត្រម៉ូណាកូ ធ្លាប់យាងមកកម្ពុជា ជាពិសេសកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងព្រះនាមជាព្រះប្រធានមូលនិធិ Prince Albert II de Monaco។ ក្រោមគម្រោងរយៈពេល៣ឆ្នាំ (២០១៣-២០១៦) មូលនិធិព្រះអង្គម្ចាស់ អាល់ប៊ឺតទីពីរ ជួយដល់សហគមន៍នៅកោះរ៉ុង លើការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានផ្សេងៗ។
បច្ចុប្បន្នកម្ពុជា មានទំនាក់ទំនងការទូត ជាមួយប្រទេសជាង១៧០ និងមានស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសសរុបចំនួន៦០ ៕
ព្រះអង្គម្ចាស់ Albert II ពេលយាងទៅកាន់កោះរ៉ុងកាលពីឆ្នាំ២០១៤។ រូបថត UPPA VISUAL Press Agency
Tag:
ទំនាក់ទំនងការទូត
ម៉ូណាកូ
© រក្សាសិទ្ធិដោយ thmeythmey.com