អន្តរជាតិ
អាមេរិក បារម្ភ​ថា លុយ​អេឡិចត្រូនិក​ហ្វេ​ស​ប៊ុ​ក Libra អាច​ត្រូវ​ប្រើ​ក្នុង​ផ្លូវខុស
16, Jul 2019 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក Steven Mnuchin បានបង្ហាញ​ក្តីបារម្ភ​អំពី​រូបិយ​បណ្ណ​អេឡិចត្រូនិក​ដែល​បានដាក់​ស្នើ​ដោយ​ក្រុមហ៊ុន Facebook និង​ការប្រើប្រាស់​រូបិយ​បណ្ណ​នេះ​ដោយ​ខុសច្បាប់​។

 
​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា លោក​រដ្ឋមន្ត្រី Steven Mnuchin បាន​និយាយថា រូបិយវត្ថុ​ឌី​ចី​ថ​ល ឈ្មោះថា Libra ដែល​ក្រុមហ៊ុន Facebook គ្រោង​ដាក់​ដំណើរការ អាច​ត្រូវ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ​ដោយ​ក្រុម​អ្នក​លាងលុយកខ្វក់ និង​ក្រុម​ភេរវជន​ហិរញ្ញវត្ថុ​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ ចាត់ទុក រឿងនេះ គឺជា «​បញ្ហា​សន្តិសុខ​ជាតិ​»​។ 
 
«​រូបិយ​បណ្ណ​អេឡិចត្រូនិក ដូចជា Bitcoin ត្រូវបាន​ប្រើប្រាស់ ដើម្បី​គាំទ្រ​សកម្មភាព​ខុសច្បាប់​មួយចំនួន រួមមាន ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​អំពើ​គេចវេស​ពី​ការបង់ពន្ធ ការ​ជំរិត​ទារប្រាក់ ការលក់​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​ការជួញដូរ​មនុស្ស​ជាដើម​»​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក Mnichin ដោយ​បន្ថែមថា លោក មិន​ពេញចិត្ត​ជាមួយ​ការដាក់​ដំណើរការ​របស់​ក្រុមហ៊ុន Facebook នោះឡើយ​។ 
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី Mnuchin សង្កត់ធ្ងន់ថា ក្រុមហ៊ុន Facebook នឹងត្រូវ​បញ្ចុះបញ្ចូល​ក្រុម​អាជ្ញាធរ​ហិរញ្ញវត្ថុ​អាមេរិក​ថា ខ្លួន​មាន​ស្តង់ដារ​ឯកជន​ភាព​ខ្ពស់ ។ ទាក់ទិន​នឹង​រឿងនេះ មន្ត្រី​កំពូលៗ​នៃ​ក្រុមហ៊ុន Facebook នឹង​ទៅ​បង្ហាញខ្លួន​នៅមុខ​គណៈកម្មាធិការ​នៃ​សភា​អាមេរិក នៅ​ថ្ងៃ​អង្គារ​ទី​១៦ ខែកក្កដា ដើម្បី​ផ្ដល់​សក្ខីកម្ម ។ 
 
​ដោយឡែក លោក David Marcus ដែល​នឹង​គ្រប់គ្រង​លុយ​អេឡិចត្រូនិក Libra បាន​លើកឡើងថា ក្រុមហ៊ុន Facebook នឹងមិន​ដាក់​ដំណើរការ​រូបិយវត្ថុ​របស់ខ្លួន​ឡើយ​រហូតដល់​កង្វល់​រប​ស់​រដ្ឋបាល​អាមេរិក ត្រូវបាន​ដោះស្រាយ​រួចរាល់​។ 
 
​ឲ្យ​ពិត​ទៅ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ក្នុង​បណ្តាញ​សង្គម Twitter ថា លោក ពុំមែន​ជា​អ្នកគាំទ្រ​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច ដូចជា Bitcoin ឡើយ ។ លោក ក៏បាន​ស្នើ​ក្រុមហ៊ុន Facebook ដែលមាន​ផែនការ​ដាក់​ដំណើរការ​លុយ​អេឡិចត្រូនិក​ជា​សាកល​នា​ឆ្នាំក្រោយ​ថា ពួកគេ ត្រូវអនុវត្ត​តាមច្បាប់​ធនាគារ​។ 
​ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក  Mnuchin ក្រុមហ៊ុន Facebook បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​អាមេរិក CNBC ដូច្នេះ​ថា ពួកគេ នឹង​ពិចារណា​លើ​ការរិះគន់​ពី​អាជ្ញាធរ​អាមេរិក ធនាគារកណ្តាល និង​អ្នកបង្កើត​ច្បាប់​នៅ​ជុំវិញ​ពិភពលោក ហើយក៏​មានបំណង​បង្កើត​កិច្ចសន្ទនា​ជាមួយ​មន្ត្រី​ទាំងនោះ​ទៀតផង​។ 
 
​សូមបញ្ជាក់ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៩ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួន នឹងដាក់​ដំណើរការ​រូបិយវត្ថុ​មួយ ដែល​គ្រប់គ្រង​ដោយ​សមាគម Libra នា​ឆ្នាំ​២០២០ ។ Libra គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស្វី​ស​។ យោងតាម​សៀវភៅ​ស ទ្រព្យសម្បតិ្ត​ឌី​ចី​ថ​ល​នេះ នឹង​ពុំ​ត្រូវបាន​គ្រប់គ្រង ឬ​ដំណើរការ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Facebook ឡើយ​។ ផ្ទុយទៅវិញ លុយ Libra នេះ នឹងត្រូវ​គ្រប់គ្រង​ដោយ​អ្នក​កាន់​ភាគហ៊ុន​មួយចំនួន​ផ្សេងទៀត ក្នុងនោះ​មាន Uber, Mastercard, Visa, PayPal និង Spotify ជាដើម​។ 
 
​ទោះជា​បែបនេះ​ក្តី Facebook មាន​ផែនការ​ទាញយក​ប្រាក់ចំណេញ​ពី​លុយ​ឌី​ចី​ថ​ល​នេះ តាមរយៈ​បុត្រ​សម្ព័ន្ធ​ថ្មី​មួយ ឈ្មោះថា Calibra ដែល​កំពុង​បង្កើត​កាបូប​លុយ​ឌី​ចី​ថ​ល​មួយ​ប្រភេទ​ដែល​រក្សាទុក និង​ដោះដូរ​រូបិយវត្ថុ​អេឡិចត្រូនិក​៕

Tag:
 សហរដ្ឋអាមេរិក​
  លុយ​អេឡិចត្រូនិក
  Libra
© រក្សាសិទ្ធិដោយ thmeythmey.com