អន្តរជាតិ
លោក ប្រា​យុទ្ធ ស្នើ​ប្រជាជន​ថៃ​ឲ្យ​អត់ធ្មត់ ព្រោះ​រដ្ឋាភិបាល​ស៊ីវិល​គ្មាន​អំណាច​ពេញដៃ​ដូច​មុន​
16, Jul 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថតដោយ AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថតដោយ AFP
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៥ ខែកក្កដា បានស្នើ​ឲ្យ​ប្រជាជន​ថៃ​មានការ​អត់ធ្មត់ ក្នុងពេល​រដ្ឋាភិបាល​លោក​ដឹកនាំ​ប្រទេស​។ ថ្លែង​ក្រោយ​កិច្ចប្រជុំ​ចុងក្រោយ​នៃ​គណៈរដ្ឋមន្ត្រី​របស់រប​ប​យោធា លោក ប្រា​យុទ្ធ បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី អាច​នឹង​ពិបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ព្រោះ​មិនមាន​អំណាច​ខ្លាំង​ដូច​ក្នុងសម័យ​យោធា​ឡើយ​។ យ៉ាងណាក្ដី មេដឹកនាំ​ថៃ​រូបនេះ​សន្យា​ដោះស្រាយ​បញ្ហា​ដើម្បី​ប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​។​

 
​ប្រជាធិបតេយ្យ ត្រូវបាន​ស្ដារឡើងវិញ​ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។ នេះ​ជាការ​ប្រកាស​បញ្ច​ប់រប​ប​ដឹកនាំ​យោធា​ដោយ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៥ ខែកក្កដា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​រដ្ឋាភិបាលយោធា​។ ជំនួស​មកវិញ រដ្ឋាភិបាល​ស៊ីវិល​មួយ នឹង​ដឹកនាំ​ប្រទេស​ដោយមាន​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី តែ​ក៏​លែងមាន​សិទ្ធិអំណាច​ធ្វើ​អ្វី​ស្រេច​ចិត្ត​ទឿ​ត​ហើយ ព្រោះ​ត្រូវគោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។​
 
​នៅ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋាភិបាលយោធា​ចុងក្រោយ លោក ប្រា​យុទ្ធ និយាយថា សិទ្ធិ និង​សេរីភាព ក៏ត្រូវ​បានការ​ពារ​ក្រោម​រដ្ឋធម្មនុញ្ញ ហើយ​បញ្ហា ត្រូវ​ដោះស្រាយ​តាមរយៈ​ដំណើការ​ប្រជាធិបតេយ្យ​ជាជាង​អំណាច​ពិសេស​។ ជុំវិញ​អំណាច​ពិសេស​នេះ លោក ប្រា​យុទ្ធ ចង់​សំដៅ​ដល់​អំណាច​ក្រោម​មាត្រា​៤៤ ដែល​ផ្ដល់​ឲ្យ​លោក​នូវ​សិទ្ធិ និង​អំណាច​ពិសេស​ដែល​អាច​សម្រេច​ចិត្តបាន​តាមចិត្ត ហើយ​មិនចាំបាច់​ឆ្លងកាត់​នីតិវិធី​អ្វី​ឡើយ​។​
 
​ព្រោះ​គ្មាន​អំណាច​ពិសេស​បែបនេះ លោក ប្រា​យុទ្ធ លើកឡើងថា ការដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាជន​ខ្លះ អាចធ្វើ​ឡើង​យឺតៗ​ប៉ុណ្ណោះ ដ្បិត​មានការ​រឹតត្បិត​ដោយ​ច្បាប់ នយោបាយ ថវិកា និង​ភាពចាំបាច់​ក្នុងការ​ស្ដាប់​មតិ​ផ្សេងៗ ក៏ដូចជា​ការគោរព​តាម​នីតិវិធី​ប្រជាធិបតេយ្យ​។ លោក​បន្តថា​៖ «​គ្រប់ភាគី ត្រូវតែ​រៀន​រស់នៅ​ដោយ​សន្តិភាព រក្សា​ការអត់ធ្មត់ បញ្ជៀ​ស​ជម្លោះ មាន​ហេតុផល មាន​វិន័យ ព្រមទាំង​គោរព​សំឡេង​ភាគច្រើន​។​
 
​ក្រោយ​ការចូល​ដឹកនាំ​ប្រទេស​ផ្លូវការ​ហើយ​នោះ រដ្ឋាភិបាល​ថ្មី ក៏​នឹង​អនុវត្ត​វិធានការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ ការធ្លាក់ចុះ​តម្លៃ​កសិផល បញ្ហា​សង្គម ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ចំណាយ​ថវិកា​ឲ្យ​ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល យុទ្ធសាស្ត្រ​ជាតិ និង​រដ្ឋធម្មនុញ្ញ​។ ចូល​ដឹកនាំ​ប្រទេស​ក្នុងនាម​រដ្ឋាភិបាល​ស៊ីវិល​នេះដែរ លោក ប្រា​យុទ្ធ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ថ្មី​នេះ ជា​កម្មសិទ្ធិ​ពលរដ្ឋ​ថៃ ហើយ​លោក​នឹងមិន​លំអៀង​រក​ខាង​ណា​ឡើយ​។​
 
​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​របប​យោធា លោក ប្រា​យុទ្ធ ដែល​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​២០១៤ មក​នោះ ក៏​ឆ្លៀត​រំលេច​ស្នាដៃ​របស់​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​អំឡុងពេល​៥​ឆ្នាំ​មកនេះ​។ លោក​បញ្ជាក់ថា ក្រុមប្រឹក្សា​នេះ សម្រេចបាន​លទ្ធផល​ជាច្រើន​តាមរយៈ​ការធ្វើការ​ដោយ​ប្រឹងប្រែង អត់ធ្មត់ និង​ការលះបង់ ហើយ​របប​យោធា​ក៏បាន​បង្កើតជា​មូលដ្ឋាន​ថ្មី​ក្នុង​ការដឹកនាំ​ប្រទេស​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ផងដែរ​៕ 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com