អ្នកនាំពាក្យ​ខេត្ត​ម​ណ្ឌល​គិរី បំភ្លឺថា ភ្នំ​ដោះ​ក្រមុំ មិនបាន​លក់​នោះទេ​
ជាតិ
អ្នកនាំពាក្យ​ខេត្ត​ម​ណ្ឌល​គិរី បំភ្លឺថា ភ្នំ​ដោះ​ក្រមុំ មិនបាន​លក់​នោះទេ​
16, Jul 2019 , 9:59 pm        
រូបភាព
​ពុំមាន​ការលក់​ភ្នំ​ដោះ​ក្រមុំ​ឡើយ​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី តាមរយៈ​សេចក្តីបំភ្លឺ​របស់ខ្លួន ដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។​


 
​អ្នកនាំពាក្យ សរសេរ​ក្នុង​សេចក្តីបំភ្លឺ​យ៉ាង​ដូច្នេះ​ថា​៖«​ភ្នំ​ដោះ​ក្រមុំ ត្រូវបាន​អាជ្ញាធរខេត្ត​មណ្ឌលគិរី ការពារ និង​ទប់ស្កាត់​ការរំលោភបំពាន​ពី​បុគ្គល​នានា ហើយ​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ ដើម្បី​រក្សា​វប្បធម៌​ជនជាតិដើម​ភាគតិច​ និង​សម្រាប់​ពលរដ្ឋ​ទូទៅ ទុកជា​ទីសក្ការៈ​គោរព​បូជា​»​។​
 
​ការចេញ​សេចក្តីបំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ម្នាក់ បាន​ផ្សាយ​ផ្ទាល់ (Live) តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្អែក​ស្លាប់​ស្អែក​ស្លាប់​អ្នក​ប្រយុទ្ធ​» កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ចោទថា អភិបាលខេត្ត​ម​ណ្ឌ​គិរី បាន​លក់​ភ្នំ​ដោះ​ក្រមុំ សួនច្បារ​សែន​មនោ​រម្យ សមុទ្រ​ឈើ និង​ចម្ការ​ស្រល់​ជា​ព្រះរាជ​ទ្រព្យ​ព្រះមហាក្សត្រ​។ 
 
​អ្នកនាំពាក្យ បកស្រាយ​ពី​ចម្ការ​ស្រល់​ថា ចម្ការ​ស្រល់​របស់​ក្រុមហ៊ុន​ដី​សម្បទាន មាន​ប្រមាណ​១៧៨០០​ហិកតា ចម្ការ​ស្រល់​របស់​រដ្ឋបាល​ព្រៃឈើ មាន​២២០​ហិកតា ចម្ការ​ស្រល់ ដែល​ដាំ​ក្នុង​ពិធី​ប្រារព្ធ​រុក្ខទិវា ក្រោម​ព្រះរាជធិបតីភាព​ព្រះមហាក្សត្រ មាន​ប្រមាណ​២០​ហិកតា និង​ចម្ការ​ស្រស់ ដែល​ដាំ​ក្នុងអំឡុង​ឆ្នាំ​១៩៦០​មួយចំនួនទៀត ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​និង​ក្រសួងកសិកម្ម​។ 
 
​ចំណែកករ​ណី​សួនច្បារ​សែន​មនោ​រម្យ អ្នកនាំពាក្យ បញ្ជាក់ថា រដ្ឋបាលខេត្ត កំពុង​សាងសង់​តាម​គម្រោង​អភិវឌ្ឍន៍​សួន​នេះ ដោយមាន​ម​ន្រី្ត​ជំនាញ​បាន​សិក្សា​ពី​ខាង​ក្រសួង​រៀបចំ​ដែនដី ដែល​សម្រេច​ពី​រាជរដ្ឋាភិបាល​។ 
 
​រីឯ​ករណី​សមុទ្រ​ឈើ ដែលមាន​ព្រៃឈើ​លាតសន្ធឹង​ជាច្រើន​ពាន់​ហិកតា ជា​ដីព្រៃ​របស់​រដ្ឋ។ ក្រៅពីនេះ ការរៀបចំ​កន្លែង​អាហា​រដ្ឋា​ន លំហែកាយ និង​កន្លែង​កម្សាន្ត​នានា​ជា​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ ដែល​បាន​កាន់កាប់​តាមច្បាប់​។ នេះ​ជា​បើតាម​អ្នកនាំពាក្យ​ដដែល​។  
 
​អ្នកនាំពាក្យ បានស្នើ​ឲ្យ​បុគ្គល​ខាងលើ កែតម្រូវ​ករណី​ចោទប្រកាន់​នេះ បើ​ពុំ​នោះទេ នឹងត្រូវ​ចាត់វិធានការ​តាមច្បាប់​។ យ៉ាងណា វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក «​ស្អែក​ស្លាប់​ស្អែក​ស្លាប់​អ្នក​ប្រយុទ្ធ​» ត្រូវបាន​លុបចេញ​វិញ​ហើយ​៕ 

Tag:
 ភ្នំ​ដោះ​ក្រមុំ​
  ចម្ការ​ស្រល់​
  សមុទ្រ​ឈើ​
  សួន​ស្បា​រ​សែន​មនោ​រម្យ
© រក្សាសិទ្ធិដោយ thmeythmey.com