ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់​ឌុប​ឆ្នាំនេះ​គ្មាន​អ្នកសង្កេតការណ៍ តែ​ក្រសួង​ពង្រាយ​មន្ត្រី​ខ្លួន ដើម្បី​តាមដាន​ការប្រឡង​
17, Jul 2019 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹងមិន​មាន​អ្នកសង្កេតការណ៍ ដូច​ការប្រឡង​រាល់​ឆ្នាំ​នោះទេ​។ បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ឆ្នាំនេះ​ក្រសួង​ជ្រើសរើស​មន្ត្រី​អប់រំ គរុ​សិស្ស និង​គរុ​និស្សិត មក​ធ្វើជា​អប្បមាទ និង​ជំនួយការ​អប្បមាទ​។ អ្នកនាំពាក្យ​ក្រសួង​អប់រំ ពន្យល់ថា អប្បមាទ ជា​អ្នកត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប នៅតាម​មណ្ឌល​ប្រឡង​។

 

​បើទោះបីជា​ឆ្នាំ​២០១៩​នេះ គ្មាន​អ្នកសង្កេតការណ៍​ក្នុងពេល​ប្រឡង​បាក់​ឌុប​ក្តី ប៉ុន្តែ​ក្រសួង​នៅតែ​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ដើម្បី​ដោះស្រាយ​បញ្ហា និង​ចាត់វិធានការ​រាល់​សកម្មភាព​ដែល​ចាត់ទុកថា​ជា​អំពើពុករលួយ​ក្នុងពេល​ប្រឡង​។ នេះ​ជាការ​បញ្ជាក់​របស់លោក រស់ សុ​វាចា​។ 
  

 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ ឲ្យ​ដឹង​ទៀតថា ក្រសួង​បាន​បង្កើន​ចំនួន និង​ពង្រឹងសមត្ថភាព របស់​មន្ត្រី​អប់​អប្បមាទ ក៏ដូចជា​ជំនួយការ​អប្បមាទ  ដើម្បី​ធានាថា​ដំណើរការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក រស់ សុ​វាចា បញ្ជាក់ថា​៖«​នៅតាម​បន្ទប់​ប្រឡង និង​មណ្ឌល​ប្រឡង យើង​នឹង​ពង្រាយ​អប្បមាទ និង​ជំនួយការ​អប្បមាទ ដើម្បី​សង្កេតមើល​មណ្ឌល​ប្រឡង និង​បន្ទប់​ប្រឡង ដែល​មិន​ឲ្យ​ប៉ះពាល់​ទៅលើ​គុណភាព និង​ដំណើរ​ការប្រឡង​នេះ​ទេ គឺ​យើង​នៅតែ​រក្សា​ស្តង់ដារ​ការរៀប​ចំការ​ប្រឡង​នេះ​ឲ្យ​នៅ​ល្អប្រសើរ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផល​ទទួលយកបាន​»​។   
 
អត្ថបទទាក់ទង
​សូមជម្រាបថា សម័យ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៩ ខែសីហា​នោះ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ ចំណែក​សំណើរ​មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល (​កើន​៦​មណ្ឌល​)​។  
 
​គួរ​រម្លឹក​ផងដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​សរុប ១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៩៥​មណ្ឌល​។ សិស្ស​ដែលជា​ប់​និទ្ទេស A មាន​ចំនួន​២៩០​នាក់​, និទ្ទេស B មាន​ចំនួន ១,៥៣២​នាក់​, និទ្ទេស​C មាន​ចំនួន ៤,៦៣១​នាក់​, និទ្ទេស D មាន​ចំនួន​១៣,៩៩៩​នាក់ និង​និទ្ទេស​E មាន​ចំនួន ៥៤.៦០៧​នាក់​៕
 

 

Tag:
 រស់ សុ​វាចា​
 ​អប់រំ​
 ​បាក់​ឌុប​
 ​អ្នកសង្កេតការណ៍​
 ​បាក់​ឌុប​២០១៩
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com