សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា នេះ បានបកស្រាយមូលហេតុដែលបណ្តាលឲ្យសម្តេចគ្រេចស្មាស្តាំកន្លងមក។ ករណីនេះ បណ្តាលមកពីសម្តេចជិះកង់ល្បឿនលឿន ហើយដួលទៅលើស្មៅ។
សម្តេចបានសរសេរនៅលើហ្វេសប៊ុកខ្លួនថា៖ «ឆ្ងល់ថា ហេតុអ្វីបានខ្ញុំគ្រេចស្មា? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំរពឹស។ មកពីហ្សឺណែវ ប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំងមួកសុវត្ថិភាពផង»។
ប្រមុខរដ្ឋាភិបាលបានបន្ថែមថា សម្តេចបានជិះកង់ប្រហែល៥០នាទី ហើយត្រូវឈប់ព្រោះបែកញើសខ្លាំង ប៉ុន្តែកង់ដែលស្ទើរតែអស់ល្បឿនបានដួលទៅលើស្មៅ ហើយបណ្តាលឲ្យសម្តេចគ្រេចស្មាខាងស្តាំ។
តាមរូបភាពនៅលើទំព័រហ្វេសប៊ុកនោះ កង់ដែលសម្តេច ហ៊ុន សែន បានជិះជាប្រភេទកង់ផលិតនៅអាមេរិក ម៉ាក S-Works។ តាមតម្លៃនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផលិតកង់ ទោចក្រយានម៉ាកនេះ មានតម្លៃក្នុងរង្វង់១ម៉ឺនដុល្លារអាមេរិក ទៅតាមម៉ូដែល។
«សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែលទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់តែខ្ញុំផ្តាំថាអាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ប្រភេទនេះនាំគ្រោះថ្នាក់ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់»។ នេះជាដំបូន្មានរបស់សម្តេច ហ៊ុន សែន។
ករណីគ្រេចស្មានេះ សម្តេចនាយករដ្ឋមន្ត្រី បានទៅសម្រាកព្យាបាលរយៈពេលខ្លីនៅសិង្ហបុរី នាពេលកន្លងមក។ ក្រោយព្យាបាល សម្តេចអះអាងថា សុខភាពរបស់សម្តេចគ្មានបញ្ហាអ្វីនោះឡើយ ប៉ុន្តែសម្តេចត្រូវផ្អាកវាយកូនគោលមួយរយៈ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានឆ្លើបតបទៅក្រុមអ្នកប្រមាថអាយុជីវិតសម្តេចថា៖ «ឈប់បាន ឈប់ទៅ! ធ្វើនយោបាយចង់ចាំឲ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយចុះ!»។ ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរបន្តទៀតថា៖«យមរាជ មិនត្រូវការជីវិតខ្ញុំទេ ក្នុងរយៈពេលមិនតិចជាង៤០ឆ្នាំខាងមុខ។ យមរាជ ត្រូវការឲ្យខ្ញុំនៅបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ»។
ក្រោយមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរនៅហ្វេសប៊ុករបស់ខ្លួនថា៖ «បើគណនីហ្វេសប៊ុកណាមួយ ប្រឌិតបំភ្លៃព័ត៌មាន ដែលធ្វើឲ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្ត្រី គឺជាបទល្មើសព្រហ្មទណ្ឌ»៕