ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​កំពុង​ផ្គុំ​ព្រះ​សិវៈ​មួយអង្គ​ដែលមាន​ថ្ម​ល្អិត​តូចធំ​ប្រមាណ​១​ម៉ឺន​បំណែក​
16, Jul 2019 , 10:39 pm        
រូបភាព
​សៀមរាប​៖ ក្រុម​អ្នកជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាននិងកំពុង​ធ្វើការ​ផ្គុំ​ព្រះ​សិវៈ​មួយអង្គ ជា​ព្រះ​សិវៈ​រាំ​ដែល​យកមក​ពី​ប្រាសាទក្រហម​ក្នុង​ក្រុម​ប្រាសាទ​កោះកែរ​។ ដោយសារ​ពេលវេលា និង​ការបំផ្លាញ​ក្នុងសម័យ​សង្គ្រាម ធ្វើឱ្យ​ព្រះ​សិវៈ​រាំ​ដែល​សង់​ក្នុង​ស​.​វ​ទី​១០​នេះ​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។ តាមរយៈ​កំណាយ​នៅ​ទីតាំង​នោះ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​និង​ប្រមូល​បានមក​នូវ​បំណែក​ថ្ម​នៃ​បដិមា​នេះ​សរុប​ប្រមាណ​១​ម៉ឺន​បំណែក ដែលមាន​ទាំង​ថ្ម​ល្អិតៗ តូចៗ និង​បំណែក​ធំ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។​

 
​ចង់ដឹងថា ក្រុម​អ្នកជំនាញ​នឹងធ្វើ​ការ​ផ្គុំ​រូប​ព្រះ​សិវៈ​រាំ​នេះ​ដោយ​វិធីសាស្ដ្រ​បែបណា ហើយ​ថា​តើ​ការងារ​នេះ​ប្រឈម​នឹង​ផលវិបាក​អ្វីខ្លះ សូម​ស្ដាប់​បទ​យកការណ៍​រប​ស់​អ្នកនាង អ៊ី​សា រ៉​ហា​នី រាយការណ៍​ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​យើង​សាក​ស្រមៃ​បន្ដិច​ទៅ​មើល៍ នៅពេល​គេ​យក​ថ្ម​តូចៗ​មក​ផ្គុំ​ជា​រូប​បដិមា​មួយអង្គ ថា​តើ​ការងារ​នេះ បើ​ធៀប​នឹង​ការដែល​គេ​ឆ្លាក់​ថ្ម​មួយ​ដុំ​ធ្វើ​រូប​បដិមា​ថ្មី មួយណា​ងាយស្រួល​ជាង​? ច្បាស់​ណាស់​ថា ចម្លើយ​គឺ​ការធ្វើ​ថ្មី​គឺមាន​ភាពងាយស្រួល​និង​លឿន​ជាង​រាប់សិប​ដង​ឯណោះ​។ បំណែក​ថ្ម​តូចធំ​ជាច្រើន​ពាន់​បំណែក ត្រូវ​បានដាក់​តម្រៀប​តាម​ហិប កេស​ដោយមាន​របៀប​ក្នុង​ឃ្លាំង​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ​ខេត្តសៀមរាប​។ នៅ​ទីនោះ ក្រុម​អ្នកជំនាញ​កំពុង​រិះរក​គ្រប់​មធ្យោបាយ​និង​វិធីសាស្ដ្រ​ផ្សេងៗ​ក្នុងការ​ផ្គុំ​បំណែក​ថ្ម​ទាំងនោះ ឱ្យក្លាយ​ជា​រូប​បដិមា​ដើម​វិញ​។ បំណែក​ថ្ម​នោះ គឺ​ត្រូវបាន​នាំយក​ពី​ប្រាសាទក្រហម​ក្នុង​ក្រុម​ប្រាសាទ​កោះកែរ ខេត្តព្រះវិហារ ដែល​ក្រុម​អ្នក​បុរាណវិទ្យា​បានធ្វើ​កំណាយ​ក្នុងអំឡុង​ឆ្នាំ​២០១២​។​


 
​ដោយមាន​ឱកាស​បាន​ទៅកាន់​ឃ្លាំង​កំពុង​ជួសជុល​ព្រះ​សិវៈ​រាំ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ កាលពីដើម​សប្ដាហ៍​ទី​២​នា​ខែ កក្កដា ខ្ញុំ​បាន​ស្វែងយល់បាន​មួយផ្នែកធំ​លើ​ការងារ​ផ្គុំ​ព្រះ​សិវៈ​នេះ ដោយមាន​ការបង្ហាញ​ពី​ក្រុម​អ្នកជំនាញ​នៅ​ទីនោះ​។ លោក ឆាន់ ចំរើន អនុប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​បច្ចុប្បន្ន​ដូរ​មកជា នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចំណាយពេល​ជាង​មួយ​ម៉ោង ពន្យល់​ពី​ការងារ​ដែល​ក្រុមការងារ​លោក​កំពុង​ផ្គុំ​បដិមា​ដ៏​ចំណាស់​នេះ​។​
 
​តាម​ប្រ​វ​តិ្ត ព្រះ​សិវៈ​រាំ​អង្គ​នេះ​សង់​នៅ​ស​.​វ​ទី​១០ ដែល​គេ​រៀបចំ​តាំងនៅ​ប្រាសាទក្រហម ដែលជា​ប្រាសាទ​ឥដ្ឋ នៃ​ក្រុម​ប្រាសាទ​កោះកែរ និង​ជា​ប្រាសាទ​ដ៏​ធំ​មួយ​។ ក្នុង​ជំនឿ​ព្រហ្មញ្ញសាសនា ព្រះ​សិវៈ​នេះ​គឺ​រាំ​បំផ្លាញ​សភាវៈ​អាក្រក់​។ តាម​ប្រាសាទបុរាណ គេ​កម្រ​សង់​បដិមា​ធំ​បែបនេះ​ណាស់ គឺ​គេ​ឃើញ​មាន​ជា​រូបចម្លាក់​តូចៗ​តាម​ជញ្ជាំង ហោជាង ឬ​នៅតាម​ដុំថ្ម​លម្អ​នៅ​កំពូល​ប្រាសាទ​ជាដើម​។ 


 
​ក្រោយ​មានការ​បំផ្លាញ​ក្នុងសម័យ​សង្គ្រាម សាលា​បារាំង​ចុង​បូព៌ា សហការ​ជាមួយ​ក្រសួង​វប្បធម៌​តាមរយៈ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​បំណង​ដើម្បី​ជីក​យក​បំណែ​កមក​ជួសជុល​ឡើងវិញ​។ ជា​លទ្ធផល គេ​បាន​រកឃើញ​បំណែក​ប្រមាណ​១​ម៉ឺន ដែលមាន​ទាំង​តូច​ទាំង​ធំ យកមក​ដាក់​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​។ 
 
​ការងារ​ផ្គុំ​បំណែក​បដិមា​មាន​បញ្ហា​នៅ​សារមន្ទីរ​ក្រហម ឬ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដ្បិតថា​កម្ពស់​បដិមា​នេះ​ខ្ពស់ជាង​ពិ​ដាន​ក្នុង​សារមន្ទីរ ទើប​គណៈកម្មការ​ជួស​ជុល​សម្រេចយក​ការងារ​នេះ​មក​អនុវត្តន៍​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​។ លោក ឆាន់ ចំរើន បានឱ្យដឹងថា ក្រោយ​ផ្គុំ​ហើយ​បដិមា​ព្រះ​សិវៈ​រាំ​នេះ​អាចមាន​កម្ពស់​រហូត​៥​ម៉ែត្រ​។ ការងារ​នេះ​ទើបនឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩​នេះ​តែប៉ុណ្ណោះ​។ «​ធម្មតា​បដិមា​នៅ​សម័យ​កោះកែរ​គេ​ធ្វើ​ធំៗ ធំ​ជាង​រូប​ដែល​គេ​ធ្វើ​មុន​និង​ក្រោយ (​សម័យនេះ​)​។ ការងារ​នេះ​យើង​ចែកជា​២​ក្រុម ដោយ​មួយក្រុម​រក​បំណែក​ខាងក្នុង​សាច់ (​ក្នុង​សាច់​ថ្ម​) និង​មួយទៀត​រក​ផ្នែក​ជាប់​ស្បែក (​ខាងក្រៅ​) យើង​បាន​អនុវត្ត​តាំងពី​ខែមីនា​មក​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឆាន់ ចំរើន ដែល​គ្រប់គ្រង​ការ​ក្នុង​ឃ្លាំង​ជួសជុល​នេះ​។​


 
​នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ បារាំង​បាន​ទៅដល់​ទីតាំង​រូប​បដិមា​នេះ និង​ឃើញ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ទៅហើយ​។ នៅពេលនោះ បារាំង​បាន​រើសយក​បំណែ​កមុខ​២ និង​ដៃ​ឬ​ព្រះ​ហ​ស្ថ​ចំនួន​៥​ទៀត មក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ដែល​បច្ចុប្បន្ន បំណែក​ទាំងនោះ​ត្រូវបាន​នាំយកមក​ទុក​ក្នុង​ឃ្លាំង​ដើម្បី​ទទួល​ការ​ផ្គុំ​ឡើងវិញ​។ រូប​ដើម​នៃ​ព្រះ​សិវៈ​រាំ​នេះ​មានមុខ​៥ និង​ដៃ​៧​។ បំណែ​កមុខ​៣​ទៀត បាន​បាត់​នៅ​សម័យ​សង្គ្រាម​។​
 
​ការងារ​ផ្គុំ​បដិមា​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ លោក ឆាន់ ចំរើន ពន្យល់​ថាបើ​ធៀប​នឹង​ការជួសជុល​ប្រាសាទ​ដែល​លើក​ដុំថ្ម​ដែល​ជ្រុះ​ធ្លាក់​មក​ដាក់​វិញ គឺ​ការ​ផ្គុំ​បដិមា​ដែលមាន​បំណែក​ថ្ម​តូចធំ​ខ្ទង់​ម៉ឺន​នេះ ពិបាក​រាប់សិប​ដង និង​ត្រូវ​ប្រើពេល​វេលា​យូរ​ជាង​។ លោក ឆាន់ ចំរើន មិនទាន់​អាច​វាស់វែង​បាន​នៅឡើយ ថា​តើ​ការងារ​នេះ​នឹង​បញ្ចប់​នៅពេលណា ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ការងារ​នេះ​មាន​ភាពស្មុគស្មាញ ទាំង​លើ​ការងារ​រើស​ថ្ម​មក​បិទ​ភ្ជាប់​គ្នា និង​ព្យាបាល​ថ្ម​ជាដើម​។​


 
​ដ្បិតថា មាន​បំណែក​ថ្ម​១​ម៉ឺន​បំណែក​ក៏ពិតមែន តែបើ​មើល​តាមរយៈ​រូបភាព 3D ដែល​គេ​សាកល្បង​ផ្គុំ គឺមាន​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ​នៃ​រូប​ទាំងមូល​។ ហេតុ​ដូច្នេះហើយ ការ​ផ្គុំ​និង​ជួសជុល​នៃ​បដិមា​អង្គ​នេះ​មិនអាច​ជៀសផុត​ពី​ការយក​ថ្ម​ថ្មី​មក​ជំនួស​ឡើយ​។ លោក ឆាន់ ចំរើន ពន្យល់ថា ថ្ម​ខ្លះ​បាន​បាត់បង់​ទៅហើយ ដូច្នេះ​គណៈកម្មការ​បច្ចេកទេស​នឹង​ពិភាក្សា​ថា​នឹងដាក់​ថ្ម​ថ្មី​កម្រិតណា​នោះ គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ តែ​ការងារ​នេះ​ជៀស​ប្រើ​ថ្ម​ថ្មី​មិន​បានឡើយ​។​
 
​ក្នុង​ឃ្លាំង​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រុម​អ្នកជំនាញ​ប្រមាណ ៥​នាក់ កំពុងធ្វើការ​ដោយ​ខ្លះ​លើក​ថ្ម​ឡើង​ចុះៗ ផ្គុំ​ពី​ថ្ម​មួយ​ទៅ​ថ្ម​មួយ​ដោយ​ស្មារតី​យកចិត្តទុកដាក់​បំផុត​។ ដូច​បាន​ជម្រាប​ពី​ខាងដើម​អ៊ីចឹង ការងារ​នេះ​គឺមាន​ការលំបាក​ខ្លាំង ព្រោះ​បំណែក​ថ្ម​ដែល​រង​ការខូចខាត​មាន​រាប់ពាន់​បំណែក​។ បើ​និយាយ​ពី​បំណែក​ថ្ម​មួយ​ដុំ មានមុខ​កាត់​ចាប់ពី​៥ ខ្លះ​មានមុខ​កាត់​ជាង​១០​ឯណោះ​។ សម្រាប់​លោក ឆាន់ ចំរើន អ្នក​ដែល​មិន​យល់​ពី​ការងារ​នេះ​អាច​គិតថា ជា​រឿង​ដែល​ឥតប្រយោជន៍​និង​ប្រើពេល​ច្រើន ដែល​មក​អង្គុយ​យក​ថ្ម​តូចៗ​មក​ផ្គុំ​គ្នា​របៀបនេះ តែ​សម្រាប់​ក្រុម​អ្នក​បុរាណវិទ្យា​ដូចជា​រូបលោក​ជាដើម នេះ​ជាត​ម្លៃ​បុរាណវត្ថុ​របស់​ខ្មែរ ហើយ​វា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ ការងារ​នេះ​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់ ហើយ​អ្នកធ្វើការ​នេះ​ត្រូវយក​បេះដូង​មក​ធ្វើ មាន​បេះដូង​ស្រឡាញ់​វត្ថុ​បុរាណ​ដែលជា​របស់​ជាតិ​។​
 
​ក្នុងនាម​ជា​បុរាណ​វិទូ​មួយរូប លោក ឆាន់ ចំរើន យល់ថា​ការថែរក្សា​សម្បត្តិ​ដូច​តា ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ជាតិ គឺជា​ការងារ​របស់​ព​ល​រដ្ឋ​ខ្មែរ​គ្រប់រូប​មិនមែន​តែ​ជាការ​ងារ​របស់​អ្នកជំនាញ​ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។ ការងារ​នេះ គឺ​ត្រូវការ​ការចូលរួម​ពី​ប្រជាជន អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ថែរក្សា​សម្បត្តិ​វប្បធម៌​នេះ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃក្រោយ​៕





Tag:
 ព្រះ​សិវៈ​រាំ​
  ឆាន់ ចំរើន​
  កោះកែរ​
  ប្រាសាទក្រហម​
  អភិរក្ស​ដ្ឋា​ន​អង្គរ​
  បុរាណវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com