អន្តរជាតិ
មនុស្ស​ច្រើន​លាន​នាក់​រត់ចោល​ផ្ទះសម្បែង​ដោយសារ​ទឹកជំនន់​នៅ​អាស៊ី​
17, Jul 2019 , 7:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ: VOA
​មនុស្ស​រាប់លាន​នាក់​ត្រូវ​ចាក​ចេញពី​ផ្ទះសម្បែង ខណៈ​ទឹកជំនន់​នៅតែ​បន្ត​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​កន្លែង​ផ្សេងទៀត​នៃ​តំបន់​អាស៊ី​ខាងត្បូង​។ មន្ត្រី​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៧៦​នាក់​បាន​ស្លាប់​។ រដ្ឋាភិបាល​បានឱ្យដឹងថា ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​តំបន់ Bihar ប្រទេស​ឥណ្ឌា​ដែល​មនុស្ស​១​លាន​៩​សែន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​ចាប់តាំងពី​ទឹកជំនន់​បានចាប់ផ្តើម​។​

 
​តំបន់ Assam ប្រទេស​ឥណ្ឌា​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ​ដោយ​មនុស្ស​ជាង​១​លាន​៧​សែន​នាក់​បាន​ផ្លាស់​ទីលំនៅ​។ ប្រមុខរដ្ឋ Assam លោក Sarbanda Sonowal បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​ស្ថានភាព​ទឹកជំនន់​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ស្រុក​ចំនួន​៣១​នៃ​ស្រុក​ចំនួន​៣២​រង​ផលប៉ះពាល់​»​។​
 
​ទន្លេ Brahmaputra ដែល​ហូរ​ពី​ភ្នំ Himalayas ឆ្លងកាត់​ប្រទេស​បង់​ក្លា​ដែ​សបាន​ជន់​លិច ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​ជុំវិញ​នោះ​។ ទឹកជំនន់​នៅ​ប្រទេស​នេ​ប៉ាល់​បានសម្លាប់​មនុស្ស​៦៤​នាក់ ហើយ យ៉ាងហោចណាស់​៣១​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ប្រជាជន​១៩​ម៉ឺន​នាក់​ត្រូវ​ចេញពីផ្ទះ​របស់​ពួកគេ​។​
 
​លើសពីនេះ​ទៀត ជំរំ​ជនភៀសខ្លួន Rohinyga នៅ​ប្រទេស​បង់​ក្លា​ដែ​សបាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​។ ក្រុមមន្ត្រី​បាន​និយាយថា ការបាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ហើយ​ជនភៀសខ្លួន​១០​ម៉ឺន​នាក់​បាន​ផ្លាស់​ទីលំនៅ​។ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រជាជន​១​ម៉ឺន​៨​ពាន់​នាក់​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅដ្ឋាន ហើយ​ជំរំ​ត្រូវបាន​ជន់​លិច​ដោយសារ​ភ្លៀង​។​
 
​ទឹកជំនន់​បាន​បំផ្លាញ​តំបន់​នេះ​ជា​រៀងរាល់ឆ្នាំ​ក្នុងអំឡុង​រដូវវស្សា​ពី​ខែឧសភា ដល់​ខែតុលា​។ កាលពី​ឆ្នាំមុន មនុស្ស​ជាង​១២០០​នាក់​ស្លាប់​ដោយសារ​ការបាក់​ដី និង​ព្យុះ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com