កាលពីខែមករា ឆ្នាំ២០១៨ ចិន បានអនុម័តគោលនយោបាយមួយ ហៅថា «ដាវជាតិ» ឬភាសាអង់គ្លេស « National Sword» ដោយហាមឃាត់ការនាំចូលសម្ភារកែច្នៃឡើងវិញចំនួន២៤ប្រភេទ ក្នុងនោះក៏មានសំណល់ប្លាស្ទិកកែច្នៃផងដែរ។ ការដាក់ចេញវិធានការនេះ គឺស្ថិតជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុងប៉េកាំងដើម្បីការពារបរិស្ថាន និងសុខភាពពលរដ្ឋ ក្នុងគោលដៅទប់ទល់នឹងកំណើននៃបញ្ហាសំណល់របស់ខ្លួន។
ក្រោយពី ២៥ឆ្នាំនៃការបើកទ្វារទទួលយកសំណល់ ១០៦លានតោន (៤៥ភាគរយ ជាសំណល់ប្លាស្ទិក) ចិន បានបដិសេធទិញសំណល់ប្លាស្ទិកកែច្នៃគ្រប់ប្រភេទទាំងអស់ពីបរទេស ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន។ ទង្វើនេះ បានធ្វើឧស្សាហកម្មកែច្នៃសំរាមជាសាកលតម្លៃ ២០០ពាន់លានដុល្លារបិទទ្វារ ហើយបង្កឲ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងភាពចលាចល ដោយសារ «វិបត្តិសំរាម»។
ហេតុអ្វីបានជាប្រទេសចិន សម្រេចចិត្តបញ្ឈប់ការនាំចូលសំណល់ប្លាស្ទិក?
ស្ទើរតែទីក្រុងចំនួន ៣០ នៅជុំវិញប្រទេសចិន ក្លាយជាទីតាំងចាក់សំរាមប្លាស្ទិក ដែលនាំចូលពីបរទេស។ នេះយោងតាមរបាយការណ៍របស់អង្គការ
Plastic China ចុះផ្សាយឆ្នាំ ២០១៦។ តាមរយៈឯកសារនេះ ពលករជនជាតិចិន ដែលជាអ្នកប្រមូលសំរាម និងគ្រួសាររបស់ពួកគេ បានធ្វើការ ក្រោមលក្ខខណ្ឌក្តៅហួតហែង ជាមួយនឹងឥទ្ធិពលអវិជ្ជមាន ដែលបង្កទៅជាជំងឺ និងផលប៉ះពាល់ដល់បរិស្ថាន។
ទោះជាបែបនេះក្តី វីដេអូឯកសារ «Plastic China» ត្រូបានហាមឃាត់ដោយក្នុងប្រទេសចិន។ ប៉ុន្តែ គេ សង្ស័យថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានទស្សនាវីដេអូនេះ ហើយមានបំណងផ្លាស់ប្តូរស្ថានការណ៍នេះ ដែលស្ថិតជាផ្នែកមួយនៃផែនការមេរបស់លោកស៊ី ក្នុងគោលដៅប្រែក្លាយជា មហាអំណាចសាកល ។
តើសំរាមកែច្នៃទាំងអស់នោះ ធ្លាក់ទៅដល់ទីណា?
គោលនយោបាយថ្មីរបស់ចិន អាចប្តូរទីតាំងសំរាមប្រមាណ ១១១លានតោននៃសំណល់ប្លាស្ទិក ត្រឹមឆ្នាំ២០៣០។ នេះយោងតាមការសិក្សាមួយរបស់អង្គការ
Science Advances កាលពីឆ្នាំ ២០១៨ ។
ជាមួយនឹងការបិទទ្វាររបស់ចិន សំណល់កែច្នៃមួយចំនួន ត្រូវបានប្រទះឃើញដឹកទៅកាន់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។ តាមរយទិន្នន័យរបស់ទស្សនាវដ្តី Financial Times ត្រឹមពាក់កណ្តាលឆ្នាំ២០១៨ ការនាំចូលសំណល់ប្លាស្ទិក បានកើនឡើងចំនួន ៥៦ភាគរយ ក្នុងប្រទេសឥណ្ឌូណេស៊ី, ២ដងក្នុងប្រទេសវៀតណាម និងកើនឡើង ១៣៧០ភាគរយក្នុងប្រទេសថៃ។
បញ្ហាចម្បងនោះគឺថា ប្រទេសទាំងអស់នេះ ពុំមានសមត្ថភាពនឹងដោះស្រាយជាមួយនឹងបញ្ហានៃការនាំចូលសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក៏ពិចារណាចាត់វិធានការរឹតត្បិតលើការនាំចូលសំរាមប្លាស្ទិកទាំងអស់ផងដែរ។
ប្រភពរូប៖ AFP
យោងតាមរបាយការណ៍មួយរបស់
ធនាគារពិភពលោក ដែលចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០១៨ ច្រើនជាង ៩០ភាគរយនៃសំណល់ក្នុងប្រទេសមានប្រាក់ចំណូលទាប ត្រូវបានបោះចោលក្នុងទីតាំងចាក់សំរាម ដែលគ្មានការចាត់ចែងត្រឹមត្រូវ ឬដុតកម្ទេចចោលដោយបើកចំហ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងបរិស្ថាន។ តាមរបាយការណ៍ដដែល សំរាមត្រឹម ១០ភាគរយប៉ុណ្ណោះ ត្រូវបានយកទៅកែច្នៃឡើងវិញ។ ហើយក្នុងករណីខ្លះ កើតបញ្ហាជាច្រើន រួមមាន បង្កជាជំងឺដល់ពលករ និងអ្នកដែលរស់នៅនៅជុំវិញនោះ ព្រមទាំងសម្លាប់សត្វ និងរុក្ខជាតិផងដែរ។
បញ្ហាមួយផ្សេងទៀត គឺថា អាស៊ី សព្វថ្ងៃនេះ គឺជាជម្រកនៃប្រទេសចំនួនប្រាំ ដែលជាប្រទេសបោះចោលសំរាមប្លាស្ទិកទៅក្នុងសមុទ្រធំបំផុតក្នុងពិភពលោក រួមមាន ចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃ។
ម្យ៉ាងវិញទៀត យោងតាមការវិភាគរបស់អង្គការ Greenpeace នៅចន្លោះខែមករា ដល់ ខែមិថុនា ឆ្នាំ ២០១៨ ប្រមាណ ៨១ភាគរយនៃការនាំចេញសំរាមរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញដឹកទៅកាន់តំបន់អាស៊ី ។ ជាឧទាហរណ៍ ក្រុមហ៊ុនកៃច្នៃសំរាមអាមេរិក បានលក់សំរាម ១០១តោននៃសំរាមប្លាស្ទិក ក្នុងប្រទេសថៃ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០១៨ ដែលកើនឡើង ១៩៨៥ភាគរយ៕