កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt ចាកចេញពី Ajax ទៅដល់ Juventus ក្នុងតម្លៃ៨៤លានដុល្លារ
× ខ្សែការពារឆ្នើម Matthijs de Ligt និងជាប្រធានក្រុម Ajax បានធ្វើដំណើរទៅដល់ទីក្រុង Turin ប្រទេសអ៊ីតាលីហើយដើម្បីចុះហត្ថលេខាផ្លាស់ចូល Juventus ក្នុងតម្លៃផ្ទេរ ៦៧,៥ លានផោន (៨៤លានដុល្លារ)។
នៅវ័យ១៩ឆ្នាំ ខ្សែការពារសញ្ជាតិហូឡង់រូបនេះក៏ធ្លាប់មានទំនាក់ទំនងទៅនឹងការផ្លាស់ទៅ Manchester United, Barcelona និង Paris-St Germain ផងដែរ បន្ទាប់ពីលេចធ្លោខ្លាំងដោយនាំ Ajax ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន។
ប៉ុន្តែយ៉ាងណា De Ligt នៅតែសម្រេចទៅចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី Serie A ដែលជាក្រុមមានសមាសភាពកីឡាករល្អៗច្រើនដូចជា Cristiano Ronaldo ជាដើម ក៏ដូចជាគ្រូបង្វឹកថ្មីលោក Maurizio Sarri។ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះឯកជនទៅដល់ក្លិបរហស្សនាមសេះបង្កង់ ខ្សែការពារកណ្តាលដ៏រឹងមាំមួយនេះ ពោលថាខ្លួនពិតជាសប្បាយរីករាយណាស់ដែលបានមកកាន់ទីនេះ។
De Ligt ជាអ្នករកគ្រាប់ជ័យជម្នះលើ Juventus ដើម្បីបញ្ជូន Ajax ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌលីគកំពូលអឺរ៉ុប ប៉ុន្តែធ្លាក់ត្រឹមវគ្គនេះដោយចាញ់ Tottenham Hotspur។
ប្រធានក្រុមវ័យក្មេងជាងគេរូបនេះ បានបង្ហាញខ្លួនលើកដំបូងជាមួយក្រុម Ajax ឈុតធំនៅឆ្នាំ ២០១៦ និងជួយក្រុមយក្សហូឡង់ឈ្នះពានរង្វាន់ Eredivisie រដូវកាលមុន។ De Ligt ស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧៧ សម្រាប់ក្រុមដែលរូបគេចូលរួមតាំងពីអាយុ ៩ ឆ្នាំនេះ។
De Ligt ជាកីឡាករទី៤ហើយ ដែល Juventus នាំចូលសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីពួកគេទទួលបានកីឡាករ៣រូបរួចហើយដោយគ្មានតម្លៃផ្ទេរ។ កីឡាករទាំង៣នាក់រួមមាន អ្នកចាំទី Gianluigi Buffon ដែលត្រឡប់ពី PSG វិញក្រោយផ្លាស់ពីទឹកដីអ៊ីតាលីមួយរដូវកាលមុន។ ខ្សែបម្រើ Adrien Rabiot ពី PSG ដូចគ្នា និង Aaron Ramsey ដែលទើបចាកចេញពី Arsenal នៅក្រោយបញ្ចប់រដូវកាលកន្លងទៅ៕
Tag:
Matthijs de Ligt
Juventus
Ajax
© រក្សាសិទ្ធិដោយ thmeythmey.com