ជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ គ្រុនឈាមថមថយហើយ តែមិនត្រូវប្រហែសឡើយ
× សៀមរាប៖ នៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះខ្លាំងនៅកម្ពុជា ដែលបណ្ដាលឱ្យកុមារនិងមនុស្សចាស់ជិត២ម៉ឺននាក់បានឆ្លងជំងឺនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ ជំងឺគ្រុនឈាម នៅទ្រឹង និងមានតំបន់ខ្លះរៀងថមថយហើយដែរ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីប្រាប់ថាមិនត្រូវធ្វេសប្រហែសឬមើលស្រាលជំងឺនេះឡើយ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត។
លោក ម៉ម ប៊ុនហេង បានចុះទៅពិនិត្យស្ថានភាពជំងឺរបស់កុមារនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាខេត្តសៀមរាប ទាំងព្រឹកព្រលឹមនៅថ្ងៃទី១៦ កក្កដា ក្រោយពីជំងឺគ្រុនឈាមមានការផ្ទុះខ្លាំងគួរឱ្យបារម្ភ។ ក្នុងចំណោមកុមារដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ គឺ២០ភាគរយជាអ្នកជំងឺគ្រុនឈាម។
ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា លើកឡើងថា នៅព្រឹកថ្ងៃទី១៦ កក្កដា មន្ទីរពេទ្យមានកុមារសម្រាកព្យាបាលជំងឺ១៦៦៩នាក់ ក្នុងនោះមានជំងឺគ្រុនឈាម៣៦៩នាក់ (ធ្ងន់១០ករណី)។ សរុប ក្នុងចំណោមកុមារដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ គឺ២០ភាគរយជាជំងឺគ្រុនឈាម។ តាមការបញ្ជាក់ពីប្រធានមន្ទីរពេទ្យ មិនមែនមានតែករណីគ្រុនឈានទេ ក្នុងនោះក៏មានជំងឺផ្សេងៗទៀតដែរ ដែលបណ្ដាលមកពីអាកាសធាតុប្រែប្រួល ដូចជាក្ដៅខ្លួនជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អះអាងថា មកដល់ពេលនេះជំងឺគ្រុនឈាមហាក់ថមថយខ្លះហើយ។ លោកពន្យល់ថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅឆ្នាំនេះមិនមែនមានតែកម្ពុជាទេ គឺតាមបណ្ដាប្រទេសក្នុងតំបន់ដែលមានអាកាសធាតុក្ដៅ ហើយបើធៀបនឹងប្រទេសជិតខាងគឺកម្ពុជាមានអត្រាស្លាប់ទាប។ «មកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺគ្រុនឈាមប្រមាណ២ម៉ឺននាក់ ក្នុងនោះស្លាប់ ២៥នាក់។ ទោះបីមានការថមថយក៏ពិតមែន តែខ្ញុំនៅតែបន្ដលើកទឹកចិត្តឱ្យអប់រំពលរដ្ឋបន្ថែមអំពីការបំបាត់ជំងឺនេះ កុំធ្វេសប្រហែស កុំឱ្យឈឺ»។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីសុខាភិបាល ដោយបន្ថែមថា ការថមថយនៃជំងឺនេះក៏ដោយសារការយកចិត្តទុកដាក់ និងការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាការផ្សព្វផ្សាយពីគ្រប់ស្ថាប័នពាក់ព័ន្ធនានា។
ជាមួយនឹងការថមថយនៃអត្រាជំងឺគ្រុនឈាមនេះហើយ លោក ម៉ម ប៊ុនហេង រំពឹងថាវដ្ដរដូវនៃជំងឺគ្រុនឈាមអាចនឹងបញ្ចប់នៅពីរសប្ដាហ៍ទៀត តែថាការណ៍នេះអាចប្រែប្រួលទៅតាមអាកាសធាតុ។ ជាមួយនឹងព័ត៌មានដែលថា នៅតាមមន្ទីរពេទ្យមួយចំនួនមានកង្វះខាតថ្នាំពេទ្យនៅពេលដែលជំងឺគ្រុនឈាមផ្ទុះខ្លាំង លោករដ្ឋមន្ត្រីបកស្រាយថា មិនមែនជារឿងពិតឡើយ ផ្ទុយទៅវិញនៅក្នុងមន្ទីរពេទ្យកុមារឬមន្ទីរពេទ្យរដ្ឋទាំងអស់ មានថ្នាំសង្កូវគ្រប់គ្រាន់។
គួរបញ្ជាក់ថា ក្រៅពីចុះពិនិត្យសុខភាពកុមារនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ហើយ លោក ម៉ម ប៊ុនហេង ក៏បានចុះទៅពិនិត្យស្ថានភាពអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរផងដែរ៕
Tag:
ម៉ម ប៊ុនហេង
គ្រុនឈាម
សុខាភិបាល
មន្ទីរពេទ្យជ័យវរ្ម័នទី៧
យ៉ៃ ចន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com