សភាតំណាងរាស្ត្រអាមេរិក ឬរដ្ឋសភា ទើបអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ ជានីតិវិធី សេចក្តីស្នើច្បាប់នេះ ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិកដើម្បីសុំការយល់ព្រម មុននឹងផ្ញើបន្តទៅឲ្យប្រធានាធិបតីពិចារណា។
អំណាចនីតិបញ្ញត្តិទាំងអស់ ស្ថិតក្នុងដៃសភាអាមេរិកដែលមានព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ឬរដ្ឋសភា។ នេះបើតាមមាត្រា១ វាក្យខណ្ឌ១ នៃរដ្ឋធម្មនុញ្ញអាមេរិក។ មានតែសមាជិកព្រឹទ្ធសភា ឬសភាតំណាងរាស្ត្រប៉ុណ្ណោះ ដែលមានសិទ្ធិស្នើច្បាប់ឡើង។ សមាជិកសភាព្រឹទ្ធសភាម្នាក់ ឬសភាតំណាងរាស្ត្រម្នាក់ ឬក៏ច្រើននាក់ អាចផ្ដួចផ្ដើមគំនិតស្នើច្បាប់បានដូចគ្នា ប៉ុន្តែរាល់សេចក្តីស្នើទាំងអស់ ត្រូវតែឆ្លងកាត់សភាទាំងពីរទៅវិញទៅមក។
ស្របតាមច្បាប់រដ្ឋមនុញ្ញនេះ លោក ថេដ យូហូ (Ted Yoho) សមាជិកសភាតំណាងរាស្ត្រមកពីរដ្ឋ Florida បានតាក់តែងសេចក្តីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩»។ សភាតំណាងរាស្ត្រអាមេរិក ក៏បានអនុម័តលើសេចក្ដីស្នើច្បាប់នេះផងដែរកាលថ្ងៃទី១៥ខែកក្កដានេះ។ បន្ទាប់មក សេចក្តីស្នើច្បាប់នេះត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាទៀត។
នៅព្រឹទ្ធសភា សំណើច្បាប់នេះ នឹងត្រូវដាក់ឲ្យជជែកដេញដោល ហើយត្រូវការសំឡេងភាគច្រើននៃសមាជិកទាំងអស់ (៥១រូបលើ១០០រូប) ដើម្បីអនុម័ត។ បើព្រឹទ្ធសភាយល់ព្រមលើខ្លឹមសារទាំងស្រុង សេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតី។ ក្នុងករណីមានការកែប្រែអ្វីក្នុងអត្ថបទច្បាប់នេះ សភាទាំងពីរ ត្រូវបង្កើតគណៈកម្មាធិការមួយ ដើម្បីជជែកពីបញ្ហាដែលមិនទាន់ស្របគ្នា ឬចំណុចដែលត្រូវកែប្រែ។ ជជែកគ្នាចប់សព្វគ្រប់ សភាទាំងពីរនឹងបោះឆ្នោតម្ដងទៀតលើសំណើចុងក្រោយ។
ទាំងនៅសភាតំណាងរាស្ត្រ ទាំងនៅព្រឹទ្ធសភា ការអនុម័តសេចក្ដីស្នើច្បាប់ណាមួយ អាចចំណាយពេលច្រើន ព្រោះឆ្លងនីតិវិធីតាមលំដាប់លំដោយ និងអាស្រ័យលើភាពចាំបាច់នៃសេចក្ដីស្នើច្បាប់នោះផង។ ពេលខ្លះ វិបត្តិនយោបាយរវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ក៏ធ្វើឲ្យការអនុម័តសេចក្តីស្នើច្បាប់ណាមួយត្រូវអូសបន្លាយដែរ។
និយាយពីសេចក្ដីស្នើច្បាប់របស់ស្ដីពីកម្ពុជានេះ ទោះឆ្លងផុតសភាតំណាងរាស្ត្រមែន តែក៏មិនប្រាកដថា ឆ្លងផុតព្រឹទ្ធសភាដែរ។
ក្នុងករណីឆ្លងផុតព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ផ្ដើមគំនិតដោយលោក ថេដ យូហូ នេះ នឹងធ្លាក់ដល់ដៃប្រធានាធិបតីអាមេរិក ដែលបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំ ។ លោក ត្រាំ មានពេល១០ថ្ងៃដើម្បីចុះហត្ថលេខាលើសំណើច្បាប់នេះ ឲ្យក្លាយជាច្បាប់តែម្ដង ប៉ុន្តែលោកក៏អាចទាត់ចោល (Veto) បានដែរ។ បើទោះជាលោក ត្រាំ សម្រេចចិត្តទាត់ចោលមែន ក៏មិនមែនមានន័យថា សេចក្ដីស្នើច្បាប់នេះអសារបង់ទៅវិញដែរ។ បានន័យថា ក្នុងករណី Veto ខាងលើ សភាទាំងពីរអាចបោះឆ្នោតបដិសេធការទាត់ចោលនេះវិញ (Override) ដោយសំឡេងពីរភាគបីនៃសមាជិកទាំងអស់។ ដូចនេះសេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ផ្លូវការ។
មានករណីខ្លះទៀត ប្រធានាធិបតីអាមេរិក ក្រោយទទួលបានសេចក្ដីស្នើច្បាប់ពីសភា ក៏មានសិទ្ធិមិនធ្វើអ្វីដែរ។ សម្រាប់លក្ខខណ្ឌបែបនេះ សេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ដោយស្វ័យប្រវត្តិ អំឡុងពេល១០ថ្ងៃក្រោយប្រធានាធិបតីមិនធ្វើអ្វីទាំងអស់ ហើយបើសភាស្ថិតក្នុងសម័យប្រជុំ។ ប៉ុន្តែក្នុងពេល១០ថ្ងៃដដែល ហើយសភាមិនស្ថិតក្នុងសម័យប្រជុំទេនោះ សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយជាច្បាប់ឡើយ។
ជាចុងក្រោយ ទោះសេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ នេះ ត្រូវបានចូលជាធរមានក្ដី ក៏មិនប្រាកដថា អាមេរិកត្រូវតែដាក់ទណ្ឌកម្មតែម្តងលើកម្ពុជាដែរ។ ក្នុងការអនុវត្តច្បាប់អាចប៉ះពាល់ដល់បញ្ហាគោលនយោបាយការបរទេសបែបនេះ ភាគច្រើនជាសិទ្ធិអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ។ ម្យ៉ាងច្បាប់ទណ្ឌកម្មនេះក៏គ្រាន់តែជាការបើកផ្លូវ និងផ្តល់វិធានការថ្មីដល់រដ្ឋបាលលោក ត្រាំ សម្រាប់ដាក់សម្ពាធ និងជាពិសេសអាចដាក់ទណ្ឌកម្មបានប៉ុណ្ណោះ។ ឯរឿងជាក់ស្ដែងថា «ដាក់ ឬមិនដាក់»ពេលខ្លះគឺអាស្រ័យលើលោក ត្រាំ៕