ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទណ្ឌកម្ម​កម្ពុជា​៖ សេចក្តីស្នើច្បាប់​សមាជិក​សភា​អាមេរិក​នៅ​វែងឆ្ងាយ​ទៀត​…
17, Jul 2019 , 12:07 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ រូបភាព AFP
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ រូបភាព AFP
​សភាតំណាងរាស្ត្រ​អាមេរិក ឬ​រដ្ឋសភា ទើប​អនុម័ត​សេចក្ដីស្នើច្បាប់​មួយ​ឈ្មោះ «​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ ជា​នីតិវិធី សេចក្តីស្នើច្បាប់​នេះ ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​សុំ​ការយល់ព្រម មុននឹង​ផ្ញើ​បន្តទៅ​ឲ្យ​ប្រធានាធិបតី​ពិចារណា​។

 
​អំណាចនីតិបញ្ញត្តិ​ទាំងអស់ ស្ថិតក្នុង​ដៃ​សភា​អាមេរិក​ដែលមាន​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ ឬ​រដ្ឋសភា​។ នេះ​បើតាម​មាត្រា​១ វាក្យខណ្ឌ​១ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​។ មានតែ​សមាជិក​ព្រឹទ្ធសភា ឬ​សភាតំណាងរាស្ត្រ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ស្នើច្បាប់​ឡើង​។ សមាជិកសភា​ព្រឹទ្ធសភា​ម្នាក់ ឬ​សភាតំណាងរាស្ត្រ​ម្នាក់ ឬក៏​ច្រើន​នាក់ អាច​ផ្ដួច​ផ្ដើមគំនិត​ស្នើច្បាប់​បាន​ដូចគ្នា ប៉ុន្តែ​រាល់​សេចក្តីស្នើ​ទាំងអស់ ត្រូវតែ​ឆ្លងកាត់​សភា​ទាំងពីរ​ទៅវិញទៅមក​។​
 
​ស្របតាម​ច្បាប់​រដ្ឋ​មនុញ្ញ​នេះ លោក ថេដ យូ​ហូ (Ted Yoho) សមាជិកសភា​តំណាងរាស្ត្រ​មកពី​រដ្ឋ Florida បាន​តាក់តែង​សេចក្តីស្នើ​ច្បាប់​មួយ​ឈ្មោះ «​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩»​។ សភាតំណាងរាស្ត្រ​អាមេរិក ក៏បាន​អនុម័ត​លើ​សេចក្ដីស្នើច្បាប់​នេះ​ផងដែរ​កាល​ថ្ងៃទី​១៥​ខែកក្កដា​នេះ​។  បន្ទាប់មក សេចក្តីស្នើច្បាប់​នេះ​ត្រូវបញ្ជូន​បន្តទៅ​កាន់​ព្រឹទ្ធសភា​ទៀត​។​
 
​នៅ​ព្រឹទ្ធសភា សំណើ​ច្បាប់​នេះ នឹងត្រូវ​ដាក់​ឲ្យ​ជជែក​ដេញដោល ហើយ​ត្រូវការ​សំឡេង​ភាគច្រើន​នៃ​សមាជិក​ទាំងអស់ (៥១​រូប​លើ​១០០​រូប​) ដើម្បី​អនុម័ត​។ បើ​ព្រឹទ្ធសភា​យល់ព្រម​លើ​ខ្លឹមសារ​ទាំងស្រុង សេចក្តីស្នើច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី​។ ក្នុងករណី​មានការ​កែប្រែ​អ្វី​ក្នុង​អត្ថបទ​ច្បាប់​នេះ សភា​ទាំងពីរ ត្រូវបង្កើត​គណៈកម្មាធិកា​រ​មួយ ដើម្បី​ជជែក​ពី​បញ្ហា​ដែល​មិនទាន់​ស្របគ្នា ឬ​ចំណុច​ដែល​ត្រូវ​កែប្រែ​។ ជជែក​គ្នា​ចប់សព្វគ្រប់ សភា​ទាំងពីរ​នឹង​បោះឆ្នោត​ម្ដងទៀត​លើ​សំណើ​ចុងក្រោយ​។ 
 
​ទាំង​នៅ​សភាតំណាងរាស្ត្រ ទាំង​នៅ​ព្រឹទ្ធសភា ការអនុម័ត​សេចក្ដីស្នើច្បាប់​ណាមួយ អាច​ចំណាយពេល​ច្រើន ព្រោះ​ឆ្លង​នីតិវិធី​តាម​លំដាប់លំដោយ និង​អាស្រ័យ​លើ​ភាពចាំបាច់​នៃ​សេចក្ដីស្នើច្បាប់​នោះ​ផង​។ ពេលខ្លះ វិបត្តិ​នយោបាយ​រវាង​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ ក៏​ធ្វើ​ឲ្យ​ការអនុម័ត​សេចក្តីស្នើច្បាប់​ណាមួយ​ត្រូវ​អូសបន្លាយ​ដែរ​។​
 
​និយាយ​ពី​សេចក្ដីស្នើច្បាប់​របស់​ស្ដីពី​កម្ពុជា​នេះ ទោះ​ឆ្លង​ផុត​សភាតំណាងរាស្ត្រ​មែន តែ​ក៏​មិន​ប្រាកដថា ឆ្លង​ផុត​ព្រឹទ្ធសភា​ដែរ​។ 
 
​ក្នុងករណី​ឆ្លង​ផុត​ព្រឹទ្ធសភា សេចក្ដីស្នើច្បាប់​ផ្ដើមគំនិត​ដោយ​លោក ថេដ យូ​ហូ នេះ នឹង​ធ្លាក់​ដល់ដៃ​ប្រធានាធិបតី​អាមេរិក ដែល​បច្ចុប្បន្ន​គឺ​លោក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ មាន​ពេល​១០​ថ្ងៃ​ដើម្បី​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​នេះ ឲ្យ​ក្លាយជា​ច្បាប់​តែម្ដង ប៉ុន្តែ​លោក​ក៏​អាច​ទាត់ចោល (Veto) បានដែរ​។ បើទោះជា​លោក ត្រាំ សម្រេចចិត្ត​ទាត់ចោល​មែន ក៏​មិនមែន​មានន័យថា សេចក្ដីស្នើច្បាប់​នេះ​អសារ​បង់​ទៅវិញ​ដែរ​។ បានន័យថា ក្នុងករណី Veto ខាងលើ សភា​ទាំងពីរ​អាច​បោះឆ្នោត​បដិសេធ​ការទាត់ចោល​នេះ​វិញ (Override) ដោយ​សំឡេង​ពីរភាគបី​នៃ​សមាជិក​ទាំងអស់​។ ដូចនេះ​សេចក្ដីស្នើច្បាប់​នេះ នឹង​ក្លាយជា​ច្បាប់​ផ្លូវការ​។ 
 
​មាន​ករណី​ខ្លះទៀត ប្រធានាធិបតី​អាមេរិក ក្រោយ​ទទួលបាន​សេចក្ដីស្នើច្បាប់​ពីស​ភា ក៏មាន​សិទ្ធិ​មិន​ធ្វើ​អ្វី​ដែរ​។ សម្រាប់​លក្ខខណ្ឌ​បែបនេះ សេចក្ដីស្នើច្បាប់​នេះ នឹង​ក្លាយជា​ច្បាប់​ដោយ​ស្វ័យប្រវត្តិ អំឡុងពេល​១០​ថ្ងៃក្រោយ​ប្រធានាធិបតី​មិន​ធ្វើ​អ្វី​ទាំងអស់ ហើយ​បើ​សភា​ស្ថិតក្នុង​សម័យប្រជុំ​។ ប៉ុន្តែ​ក្នុងពេល​១០​ថ្ងៃ​ដដែល ហើយ​សភា​មិន​ស្ថិតក្នុង​សម័យប្រជុំ​ទេនោះ សេចក្ដីស្នើច្បាប់​នេះ នឹង​មិនអាច​ក្លាយជា​ច្បាប់​ឡើយ​។​
 
​ជា​ចុងក្រោយ ទោះ​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩ នេះ ត្រូវបាន​ចូល​ជា​ធរមាន​ក្ដី ក៏​មិន​ប្រាកដថា អាមេរិក​ត្រូវតែ​ដាក់ទណ្ឌកម្ម​តែម្តងលើ​កម្ពុជា​ដែរ​។ ក្នុង​ការអនុវត្ត​ច្បាប់​អាចប៉ះពាល់ដល់បញ្ហាគោលនយោបាយការបរទេសបែប​នេះ ភាគច្រើនជា​សិទ្ធិអំណាច​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​។ ម្យ៉ាង​ច្បាប់ទណ្ឌកម្ម​នេះក៏​គ្រាន់តែ​ជាការ​បើកផ្លូវ​ និងផ្តល់វិធានការថ្មីដល់រដ្ឋបាល​លោក ត្រាំ សម្រាប់ដាក់សម្ពាធ និងជាពិសេសអាចដាក់​ទណ្ឌកម្ម​បានប៉ុណ្ណោះ​។ ឯ​រឿង​ជាក់ស្ដែង​ថា «​ដាក់ ឬ​មិន​ដាក់​»​ពេលខ្លះគឺ​អាស្រ័យលើ​លោក ត្រាំ៕ 
 

Tag:
 អាមេរិក​
  ច្បាប់​
  Ted Yoho
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com