អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មប្រមុខកងទ័ពមីយ៉ាន់ម៉ាជុំវិញការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
× សហរដ្ឋអាមេរិក នៅថ្ងៃទី១៦ ខែកក្កដា បានប្រកាសដាក់ទណ្ឌកម្មលើក្បាលម៉ាស៊ីនដឹកនាំយោធាមីយ៉ាន់ម៉ាជុំវិញការសម្លាប់រង្គាលលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ទណ្ឌកម្មនេះ នឹងមិនអនុញ្ញាតឲ្យប្រមុខមេទ័ពមីយ៉ាន់ម៉ា និងឧត្តមសេនីយ៍ជាន់ខ្ពស់មួយចំនួនជាន់ទឹកដីអាមេរិកឡើយ។ ក្រុងវ៉ាស៊ីនតោន ក៏ទាមទារឲ្យកងទ័ពមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះសកម្មភាពហិង្សារបស់ខ្លួននៅ Rakhine ដែលបង្កើតជាវិបត្តិមនុស្សធម៌ដ៏ធំមួយនោះ។
ជាការឆ្លើយតបនឹងការបោសសម្អាតពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ាពីសំណាក់យោធាមីយ៉ាន់ម៉ា ក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តហាមឃាត់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលទឹកដីអាមេរិក។ ឧត្តមសេនីយ៍ជាន់ខ្ពស់បីរូបទៀតក្នុងជួរយោធាមីយ៉ាន់ម៉ា និងក្រុមគ្រួសាររបស់ពួកគេ ក៏ត្រូវជាប់ឈ្មោះបញ្ជីហាមឃាត់នេះដែរ។ នេះជាចំណាត់ការខ្លាំងបំផុតមួយរបស់អាមេរិកក្នុងការដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ាឲ្យទទួលខុសត្រូវលើទង្វើហិង្សារបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និយាយក្នុងសេចក្ដីប្រកាសដាក់ទណ្ឌកម្មនេះ ថា អាមេរិកនៅតែបារម្ភនៅពេលដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់មានចំណាត់ការលើអ្នកដែលបំពានសិទ្ធិមនុស្ស ស្របពេលដែលមានសេចក្ដីរាយការណ៍ជាច្រើនពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរបង្កដោយយោធាមីយ៉ាន់ម៉ានៅទូទាំងប្រទេស។ លោក ប៉ុមប៉េអូ បានឆ្លៀតរំឭកហេតុការណ៍មួយកាលពីឆ្នាំ២០១៧ ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមួយក្រុមត្រូវបានសម្លាប់ចោល។
អំឡុងឆ្នាំ២០១៧ ពេលយុទ្ធនាការបោសសម្អាតក្រុមឧទ្ទាមនៅ Rakhine យោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សមួយក្រុមក្នុងភូមិ Inn Din ។ ហេតុការណ៍នេះ ធ្វើឲ្យរដ្ឋាភិបាលក្រុងណៃពិដោ និងយោធាមីយ៉ាន់ម៉ារងការរិះគន់យ៉ាងខ្លាំង។ យោធាដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ មិនទទួលរងពិន័យធ្ងន់អ្វីទេ ប៉ុន្តែអ្នកសារព័ត៌មាន Reuters ពីរនាក់ ដែលទម្លាយហេតុការណ៍សោកសៅនេះ បែរជាជាប់ឃុំយូរខែទៅវិញ។
«អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានដោះលែងឧក្រិដ្ឋជនទាំងនេះក្រោយជាប់ឃុំបានប៉ុន្មានខែ ខណៈអ្នកកាសែតដែលប្រាប់ពិភពលោកពីការសម្លាប់នៅ Inn Din ត្រូវបានជាប់ឃុំឃាំងច្រើនជាង៥០០ថ្ងៃឯណោះ។» នេះជាការលើកឡើងរបស់លោក ប៉ុមប៉េអូ ។ អ្នកសារព័ត៌មាន Reuters ទាំងពីរ គឺ Wa Lone and Kyaw Soe Oo ដែលរងការចោទពីបទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ត្រូវបានលើកលែងទោស និងដោះលែងកាលពីខែឧសភា។
ករណីនៅ Inn Din គ្រាន់តែជាផ្នែកមួយនៃរូបភាពទាំងមូលក្នុងការយុទ្ធនាការហិង្សារបស់យោធាមីយ៉ាន់ម៉ានៅរដ្ឋ Rakhine ប៉ុណ្ណោះ។ មកទល់ពេលនេះ មនុស្សជាង៧សែននាក់ នៅតែបន្តភៀសខ្លួនដោយសារភ័យខ្លាចបាត់បង់អាយុជីវិតក្រោមដៃយោធាមីយ៉ាន់ម៉ាដដែល។ ក្នុងការស៊ើបអង្កេតកន្លងមក អង្គការសហប្រជាជាតិ ថែមទាំងចោទកងទ័ពមីយ៉ាន់ម៉ាថា មានបំណងប្រល័យពូជសាសន៍ក្រុមភាគតិចរ៉ូហ៊ីងយ៉ាតែម្ដង៕
Tag:
អាមេរិក
មីយ៉ាន់ម៉ា
Min Aung Hlaing
© រក្សាសិទ្ធិដោយ thmeythmey.com