អត្ថបទពាណិជ្ជកម្ម
តារា​ផេ សហការ​ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ដើម្បី​ដាក់ចេញ​នូវ​សេវា​ដក​ប្រាក់កម្ចី​សម័យ​ឌីជីថល​
17, Jul 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ដែលមាន​សន្ទុះ​កើនឡើង​ជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុមហ៊ុន តារា​ផេ បានដាក់​ចេញ​នូវ​សេវា​ហិរញ្ញវត្ថុ​បែប​ឌីជីថល​ថ្មី​បំផុត​របស់ខ្លួន គឺ «​សេវា​ដក​ប្រាក់កម្ចី​» ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការដក​ប្រាក់កម្ចី​យ៉ាង​រហ័ស​បំផុត តាមរយៈ​បណ្តាញ​ភ្នាក់ងារ​របស់ខ្លួន​ដែលមាន​ច្រើនជាង ៤០០០ កន្លែង ទូទាំងប្រទេស​។​
 
​សេវា​ថ្មី​មួយ​នេះ ត្រូវបាន​រចនា​ឡើង​ផ្អែកលើ​គុណ​តម្លៃ​៣​យ៉ាង​គឺ ភាពងាយស្រួល រហ័ស និង​នៅ​ជិត​អតិថិជន ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​កើតចេញពី​កា​រស​ម្រា​ង​និង​រួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ស្រាប់ រចនាសម្ព័ន្ធ​ទិន្នន័យ (Data Infrastructure) ដ៏​ខ្លាំង​កា្ល និង​បណ្តាញ​ភ្នាក់ងារ​ដ៏​ច្រើន​លើសលុប​របស់ តារា​ផេ ដើម្បី​ផ្តល់ជូន​នូវ​មធ្យោបាយ​ដក​ប្រាក់កម្ចី​សម័យ​ឌីជីថល ដែល​គ្របដណ្តប់​នៅ​គ្រប់ទិសទី ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ក្រោយ​សម្រេច​ការរៀបចំ​ប្រព័ន្ធ​ដក​ប្រាក់កម្ចី​បែប​ឌីជីថល​នេះ​ជា​ស្ថាពរ តារា​ផេ បាន​សហការ​ជាមួយ​គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ដែលជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​មាន​ទំនុកចិត្ត​បំផុត​ក្នុងប្រទេស​កម្ពុជា ដើម្បី​ដាក់​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​សម័យ​ទំនើប​នេះ​ឡើង ក្នុង​គោលដៅ​ដើម្បី​បម្រើ​ដល់​អតិថិជន​ថ្មី​និង​អតិថិជន​មាន​ស្រាប់​របស់​ស្ថាប័ន​ទាំងពីរ​។ 
 
​ជាមួយនឹង​សេវា​ដក​ប្រាក់កម្ចី​របស់ តារា​ផេ អតិថិជន​ដែល​ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ លែងមាន​បញ្ហា​ឬ​ក្តីបារម្ភ​ពី​ការធ្វើដំណើរ​ទៅកាន់​សាខា​របស់ ហ្វូណន ដើម្បី​ធ្វើ​ការដក​ប្រាក់កម្ចី​ទៀតឡើយ ពោលគឺ​អតិថិជន​អាច​ដក​ប្រាក់កម្ចី​ភ្លាមៗ ក្រោយ​អនុម័ត​ឥណទាន​រួច តាមរយៈ​ភ្នាក់ងារ តារា​ផេ នៅតាម​ភូមិ​-​ស្រុក សហគមន៍ ឬ​ទីតាំង​ណាមួយ​ដែល​នៅ​ជិត​ពួកគាត់​បំផុត ដោយ​គ្រាន់តែ​បង្ហាញ​នូវ​លេខ​សម្គាល់​គណនី​កម្ចី​និង​ទូរស័ព្ទដៃ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​តែប៉ុណ្ណោះ​។ ប្រតិបត្តិការ​ទាំងស្រុង​ចំណាយពេល​មិន​ដល់ 3 នាទី ហើយ​ពុំ​អស់ថ្លៃ​សេវា​ឡើយ​។​
 
​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន តារា​ផេ បាន​មានប្រសាសន៍ថា​៖ «​តារា​ផេ តែងតែ​ប្រឹងប្រែង​ជានិច្ច​ក្នុងការ​សម្រួល​ការលំបាក​និង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ងាយស្រួល តាមរយៈ​ការផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ដែលមាន​ភាពសាមញ្ញ មាន​វិសាលភាព​គ្របដណ្តប់​ធំ​ទូលាយ និង​មានតម្លៃ​សមរម្យ​។ ជាក់ស្តែង នៅថ្ងៃនេះ យើង​បានដាក់​ដំណើរការ​នូវ​សេវា​ដក​ប្រាក់កម្ចី​បែប​ឌីជីថល ដែល​សេវា​មួយ​នេះ​នឹង​ផ្តល់ជូន​ប្រជាជន​កម្ពុជា ពិសេស​អតិថិជន​នៅតាម​តំបន់​ដាច់ស្រយាល នូវ​មធ្យោបាយ​ដក​ប្រាក់កម្ចី​ដែលមាន​ភាពងាយស្រួល​និង​អត្ថប្រយោជន៍​ខ្ពស់ ពោលគឺ​មិន​ត្រឹមតែ​កាត់បន្ថយ​ការចំណាយ​និង​សន្សំសំចៃ​ពេលវេលា​ជូន​ពួកគាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​ពាំនាំ​នូវ​ផលិតផល​ហិរញ្ញវត្ថុ​និង​ផលិតផល​ធនាគារ​សម័យ​ទំនើប​មកដល់​ទ្វារផ្ទះ​របស់​ពួកគាត់​តែម្តង​។ ចាប់ពីពេលនេះ​តទៅ អតិថិជន​របស់ ហ្វូណន អាច​ដក​ប្រាក់កម្ចី​របស់​ពួកគាត់​ដោយផ្ទាល់ តាមរយៈ​ភ្នាក់ងារ តារា​ផេ ដោយ​ពុំ​អស់ថ្លៃ​សេវា​»​។​
 
​លោក​បាន​បន្តថា​៖ «​ក្នុងដំណាក់កាល​ដំបូង​នេះ យើង​បាន​សហការ​ជាមួយ​គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ដើម្បី​បម្រើសេវា​ដក​ប្រាក់កម្ចី​បែប​ឌីជីថល​នេះ ក៏ប៉ុន្តែ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​បន្ត​ចាប់​ដៃគូ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពាំនាំ​សេវាកម្ម​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ទៅដល់​គ្រួសារ​កម្ពុជា​កាន់តែច្រើន​ឡើងៗ ទូទាំងប្រទេស​។​»
 
​ក្រៅពី​សេវា​បើកប្រាក់​កម្ចី​បែប​ឌីជីថល តារា​ផេ ក៏​ផ្តល់ជូន​ផងដែរ​នូវ​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត ដើម្បី​បម្រើ​ដល់​អតិថិជន​ទូទៅ ដៃគូ​អាជីវករ​និង​ម្ចាស់​ហាង ម្ចាស់​អាជីវកម្ម​អន​ឡាញ ក៏ដូចជា​ស្ថាប័ន​និង​ក្រុមហ៊ុន​ផងដែរ​។ សព្វថ្ងៃ តារា​ផេ ផ្តល់ជូន​សេវាកម្ម រួមមាន សេវា​ផ្ទេរប្រាក់​ក្នុងស្រុក (​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ បញ្ចូល​គណនី​ទូរស័ព្ទ បង់ថ្លៃ​ទឹក​-​ភ្លើង​និង​វិក្កយបត្រ​នានា ទូទាត់​ទំនិញ​អន​ឡាយ  ទូទាត់​វិក្កយបត្រ​តាម​ហាង ទូទាត់​សង​ប្រាក់កម្ចី​ទៅកាន់​ធនាគារ ណែនាំ​ស្នើសុំ​និង​បង់​ប្រាក់កម្ចី បង់​បុព្វលាភ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង បើកប្រាក់​បៀវត្ស កាបូប​លុយ​អេឡិចត្រូនិក និង​សេវា​ហិរញ្ញវត្ថុ​ដទៃទៀត​យ៉ាង​សម្បូរបែប​។​
 
​ស្របតាម​បេសកម្ម​របស់ខ្លួន​ក្នុងការ​សម្រួល​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ជូន​ប្រជាជន​កម្ពុជា តារា​ផេ បាន​កំពុង​ស្វះស្វែង​ក្នុងការ​បង្កើន​វិសាលភាព​បណ្តាញ​ភ្នាក់ងារ​របស់ខ្លួន​ទៅដល់​គ្រប់​តំបន់​និង​ទៅដល់​គ្រប់​ក្រុមគ្រួសារ​ក្នុងប្រទេស​កម្ពុជា​។ មកទល់​សព្វថ្ងៃ តារា​ផេ មាន​បណ្តាញ​ភ្នាក់ងារ​ច្រើនជាង​៤០០០​កន្លែង​ទូទាំងប្រទេស ហើយ​ក្រុមហ៊ុន​មួយ​នេះ បាន​កំពុង​ស្ទុះស្ទា​ក្នុងការ​បង្កើន​ភ្នាក់ងារ​របស់ខ្លួន​ឲ្យ​ដល់ ៥២០០ កន្លែង នៅ​បំណាច់​ឆ្នាំ​២០១៩​។​
 
​ផ្អែកលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ទាន់សម័យ សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប និង​វិសាលភាព​នៃ​បណ្តាញ​ភ្នាក់ងារ​ដ៏​ច្រើន​លើសលុប​ទូទាំង​ផ្ទៃ​ប្រទេស តារា​ផេ ជឿជាក់​យ៉ាង​មុតមាំ​ថា នាពេល​អនាគត ខ្លួន​នឹង​អាច​ផ្លាស់ប្តូរ​និង​បង្កើត​យុគសម័យ​ថ្មី​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពាំ​នាំនូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត និង​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​៕
 
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
 
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
 
​តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com