កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​៥​ប្រភេទ​កីឡា​ទៅ​ប្រជែង​ជើងឯក​សិស្ស​អាស៊ាន ដែល​កម្ពុជា​មិនបាន​មេដាយ​ពីរ​ឆ្នាំ​ជាប់​គ្នា​
17, Jul 2019 , 7:39 pm        
រូបភាព
រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​អត្ត​ព​លិ​ក​វ័យក្មេង​កម្ពុជា​ចំនួន​៥​ប្រភេទ​កីឡា បាន​ចាក​ចេញពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៧ កក្កដា​នេះ ដើម្បី​ចូលរួម​ប្រកួត​កីឡា​សិស្ស​អាស៊ីអាគ្នេយ៍​លើក​ទី​១១ ASEAN School Games 2019 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ កម្ពុជា​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ ៣​លើក​រួចមកហើយ ហើយ​ធ្លាប់​ទទួលបាន​មេដាយ​ទៀតផង​។ 

 
​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៥​ប្រភេទ​កីឡា រួមមាន​ហែល​ទឹក អត្តពលកម្ម វាយ​សី វាយ​កូនឃ្លី​លើ​តុ និង​វាយ​កូន​បាល់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​សិស្ស​អាស៊ីអាគ្នេយ៍ ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ពីថ្ងៃ​ទី​១៧-២៥ កក្កដា ឆ្នាំ​២០១៩​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ ខណៈ​ចូលរួម​៣​លើក​កន្លងមក​កម្ពុជា​ធ្លាប់​ទទួលបាន​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ ពេល​ចូលរួម​លើកដំបូង​នៅ​ប្រទេស​ថៃ​។ បន្ទាប់ពីនោះ​កម្ពុជា​មិន​ធ្លាប់​ទទួលបាន​មេដាយ​នោះឡើយ​ពី​ការចូលរួម​ពីរលើក​ចុងក្រោយ​។​
 
​អត្ត​ព​លិ​ក គ្រូបង្វឹក និង​ប្រតិភូ​កម្ពុជា​សរុប​ចំនួន​៥៦​រូប​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ អត្ត​ព​លិ​ក​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​៩​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​រួមមាន​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី ឡាវ ព្រុយ​ណេ និង​មី​យ៉ាន់​ម៉ា​។​
 
​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៧-២៥ ខែកក្កដា​នេះ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​បានដាក់​កីឡា​៩​ប្រភេទ​ឲ្យ​ប្រកួតប្រជែង​រួមមាន​អត្ត​ពលិកម្ម វាយ​សី បាល់បោះ សីដក់ ហែល​ទឹក វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ បាល់ទះ និង​កីឡា​ក្បាច់គុន​ប្រពៃណី​របស់​ឥណ្ឌូនេស៊ី Pencak Silat​។ 
 
​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​រៀបចំ​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ខណៈ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន​មួយ​នេះ បានរៀបចំ​លើក​ទី​១​នៅ​ឆ្នាំ​២០០៩ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​៕ 

Tag:
 ASEAN School Games
© រក្សាសិទ្ធិដោយ thmeythmey.com