អន្តរជាតិ
លោកស្រី អឺ​ស៊ុ​ឡា ស្ត្រី​ដំបូង​បំផុត​ដែល​ក្លាយជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​
17, Jul 2019 , 8:19 pm        
រូបភាព
លោកស្រី អឺស៊ុឡា វ៉ុន ដឹ លៃអេន ក្លាយជាប្រធានគណៈកម្មការអឺរ៉ុបស្រ្តីដំបូងគេ។ រូបភាព Xinhua
លោកស្រី អឺស៊ុឡា វ៉ុន ដឹ លៃអេន ក្លាយជាប្រធានគណៈកម្មការអឺរ៉ុបស្រ្តីដំបូងគេ។ រូបភាព Xinhua
​ទីបំផុត គណៈកម្មការ​អឺរ៉ុប មាន​ប្រធាន​ជា​ស្ត្រី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា សភា​អឺរ៉ុប​បាន​បោះឆ្នោត​គាំទ្រ​លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន (Ursula von der Leyen) ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​ជំនួស​លោក ហ្ស​ង់​-​ក្លូដ​ចាំង​គើ (Jean-Claude Juncker) ដែល​ចប់​អាណត្តិ​។ ការជាប់ឆ្នោត​របស់​ម​ន្ត្រី​អាល្លឺម៉ង់​រូបនេះ ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​។​

 
​លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៣៨៣ ពី​សមាជិកសភា​សហភាព​អឺរ៉ុប​ទាំងអស់​ចំនួន​៧៥១ ។ ជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី អឺ​ស៊ុ​ឡា ជា​ស្ត្រី​ទីមួយ​ដែល​កាន់កាប់​តំណែង​ដ៏​ខ្ពស់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ​។ អាណត្តិ​៥​ឆ្នាំ​របស់​លោកស្រី នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ដោយ​ជំនួស​លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ ដែល​ចប់​អាណត្តិ​។​
 
​បេក្ខភាព​របស់លោក​ស្រី អឺ​ស៊ុ​ឡា ត្រូវបាន​កំណត់ដោយ​ជំនួប​មេដឹកនាំ​ប្រទេស​សមាជិក​ទាំង​២៨ ទើប​ដាក់​ឲ្យ​សភា​អឺរ៉ុប​បោះឆ្នោត​នៅពេលនេះ​។ ប៉ុន្តែ​បើ​គិត​តាម​សំឡេង​ដែល​ទទួលបាន អ្នកនយោបាយ​រូបនេះ ហាក់​ទទួល​សំឡេង​ប្រឆាំង​ច្រើន ដែល​ខុសពី​លោក ចាំង​គើ ដែល​ទទួល​ការគាំទ្រ​ដល់​ទៅ​ជាង​បួន​រយ​សំឡេង​ឯណោះ​ពេល​ឈរឈ្មោះ​។ នេះ​អាចជា​បញ្ហា​មួយ​សម្រាប់​លោកស្រី អឺ​ស៊ុ​ឡា ក្នុងការ​អនុវត្ត​ការងារ​ដ៏​ខ្ពង់ខ្ពស់​មួយ​នេះ​។​
 
​លោកស្រី អឺ​ស៊ុ​ឡា ដែលជា​ម្ដាយ​មានកូន​ចំនួន​៧​នាក់ ក៏​ជា​ស្ត្រី​មួយ​កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​អាល្លឺម៉ង់​ផងដែរ​។ លោកស្រី​ជា​រដ្ឋមន្ត្រី​កាន់តំណែង​បានយូរ​មួយ​ក្នុង​រដ្ឋាភិបាល​លោកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល ។ សម្រាប់​អាណត្តិ​៥​ឆ្នាំ​ខាងមុខនេះ លោកស្រី បាន​សន្យា​ដឹកនាំ​អឺរ៉ុប​ឲ្យ​មាន​សមភាព​យេនឌ័រ ហើយ​ក្នុងចំណោម​ស្នងការ​ទទួល​កិច្ចការ​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប នឹងត្រូវ​បែងចែក​ឲ្យ​ស្មើ​រវាង​បុរស និង​ស្ត្រី​។  
 
​ក្រៅពី​តំណែង​ប្រធាន​គណៈកម្មការ​ដែល​ត្រូវ​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​សហ​ភាព​អឺរ៉ុប តំណែង​កំពូល​ផ្សេងទៀត​ក៏មាន​សមាសភាព​ថ្មី​ដែរ​។ នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក ឆាល មី​ឈែល នឹង​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ជំនួស​លោក ដូ​ណា​ល់ ទូ​ស ។ លោកស្រី គ្រីស្ទី​ន ឡា​ហ្កា​ដ ដែល​ទើប​លាលែង​ពី​តំណែង​នា​យិ​ក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជា​បេក្ខភាព​ប្រធាន​ធនាគារកណ្ដាល​អឺរ៉ុប​។ 
 
​តំណែង​សំខាន់​មួយទៀត​ក្នុង​ជួរ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណៈកម្មការ​អឺរ៉ុប គឺ​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ការបរទេស និង​សន្តិសុខ ដែល​ទទួលស្គាល់​ជាទូទៅ​ថា រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​នោះ​។ លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី ជនជាតិ​អ៊ីតាលី បាន​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០១៤ មក​នោះ ត្រូវ​ចាកចេញ​។ រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ ចូសេប បរេ​ល (Joseph Borrell) ជា​បេក្ខភាព​សម្រាប់​តំណែង​មួយ​នេះ​៕  

Tag:
 អឺរ៉ុប​
  អាល្លឺម៉ង់​
  Ursula von der Leyen
© រក្សាសិទ្ធិដោយ thmeythmey.com