ជាតិ
យុវ​សិស្ស ហាន សោ​ភ័​ណ្ឌ​មរកត ប្រឡង​ចម្រៀង​ជា​ភាសា​ជប៉ុន​ជាប់​ជ័យលាភី​លេខ​១
17, Jul 2019 , 9:19 pm        
រូបភាព
រូប​ពី​ស្ថាន​ទូត​ជប៉ុន
រូប​ពី​ស្ថាន​ទូត​ជប៉ុន
​ភ្នំពេញ​៖ យុវ​សិស្ស ហាន សោ​ភ័​ណ្ឌ​មរកត បាន​ជាប់​ជ័យលាភី​លេខ​១ ក្នុងការ​ច្រៀង​ជា​ភាសា​ជប៉ុន នៃ​ការប្រឡង​ចម្រៀង​ណូ​ជូ​ជី​ម៉ាន់ ដែល​រៀបចំ​នៅ CJCC ក្នុង​ពិធីបុណ្យ​តា​ណា​បា​តា​ឆ្នាំ​២០១៩ ។ កម្មវិធី​ប្រឡង​ចម្រៀង​នេះ​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) ។​

 
​កញ្ញា ហាន សោ​ភ័​ណ្ឌ​មរកត មកពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន ដែល​ជាប់​ជ័យលាភី​លេខ​១​នេះ ទទួលបាន​ពាន​កុលាលភាជន៍ ពាន​គ្រី​ស្ទាល់ វិញ្ញាបនបត្រ កុំព្យូទ័រ​យួរដៃ​មួយគ្រឿង និង​កាបូប​យួរដៃ​មួយ​។ 


រូប​ពី​ស្ថាន​ទូត​ជប៉ុន
 
​សម្រាប់​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន​រហូត​ទៅដល់​៣​រូប គឺ​កញ្ញា សោម នី​សោភា កញ្ញា ឡេង ថា​រី និង​កញ្ញា ជួង សម្បត្តិ​សាន់​ឌី មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​។ ជ័យលាភី​លេខ​២ ទទួលបាន​វិញ្ញាបនបត្រ Tablet មួយគ្រឿង និង​កាបូប​យួរដៃ​មួយគ្រឿង​។​
 
​ចំណែក​ជ័យលាភី​លេខ​៣ បាន​ទៅលើ​កុមារី ម៉ម គ្រីស្ទី​ន​ណា មកពី​សាលា​ភាសា​ជប៉ុន​ហ៊ី​ហ្វឹ​ម៉ី ដោយ​ទទួលបាន​វិញ្ញាបនបត្រ Tablet មួយគ្រឿង និង​កាបូប​យួរដៃ​មួយ​។ ដោយឡែក​កញ្ញា ហាន ស្រី​នេ​ត ទទួលបាន​ជ័យលាភី​រង្វាន់​ពិសេស​ពី​គណៈមេប្រយោគ ដោយ​ទទួលបាន​វិញ្ញាបនបត្រ Speaker Wireless មួយគ្រឿង​និង​តុក្កតា​មួយ​។​
 
​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១០​ហើយ​សម្រាប់​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​។ ការប្រឡង​ចម្រៀង​នេះ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកទឹកចិត្ត​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​នៅ​ប្រទេស​កម្ពុជា ឱ្យមាន​ភាព​រីករាយ​ក្នុងការ​សិក្សា​ភាសា តាមរយៈ​ការ​ច្រៀង​ចម្រៀង​ជា​ភាសា​ជប៉ុន​៕ 
 

Tag:
 ចម្រៀង​
  សិល្បៈ​
  ជប៉ុន​
  សិស្ស​
  ប្រឡង​
  CJCC
© រក្សាសិទ្ធិដោយ thmeythmey.com