ជាតិ
សង្គមជាតិ
មហាផ្ទៃ រកឃើញ​ជនអន្តោប្រវេសន៍​ជាង​១០​ម៉ឺន​នាក់ ស្នាក់នៅ​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​
17, Jul 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រកឃើញថា មាន​ជនអន្តោប្រវេសន៍​ជាង​១០ ម៉ឺន​នាក់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​ដោយ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ និង​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ថ្ងៃទី​១៧ ខែកក្កដា​នេះ​។​


 
​របាយការណ៍ ពី​គណៈកម្មការ​គ្រប់​គ្រងជ​ន​បរទេស​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ស្ថិតិ​អ្នក​សា្ន​ក់នៅ​យូរ​គ្មាន​ឯកសារ មាន​ចំនួន ២៩,៣៨៥​គ្រួសារ ដែលមាន​មនុស្ស​សរុប ១០៩,២៧៦ នាក់ ក្នុងនោះ​ស្រី​៤៦,៦០០​នាក់​។  
 
​ក្នុង​រយៈពេល​៥​ខែ នៅ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី មាន​ចំនួន ២០,២១៨ គ្រួសារ ចំនួន​មនុស្ស ៧៣,៣៩៧ នាក់ នៅក្នុង​នោះ មាន​ស្រី​៣៩,៨៨៨​នាក់​។ 
 
​ចំពោះ​ឯកសារ​ខុស​ប្រក្រតី ដែល​អាជ្ញាធរ​ដកហូត​រួមមាន ៣៩,៤១៨​ច្បាប់  ដោយ​ក្នុងនោះ​ជា​សៀវភៅ​ស្នាក់នៅ ចំនួន ១៩,៥៨០ ច្បាប់ សៀវភៅ​គ្រួសារ ចំនួន ២,១៧៧​ច្បាប់ សំបុត្រ​បញ្ជាក់​កំណើត​ខ្មែរ ឬ​សេចក្តីចម្លង​សំបុត្រកំណើត​ខ្មែរ ចំនូ​ន​១១,៣៣៦​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន​២៤១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​៦,៧២២​ច្បាប់ និង​លិខិតឆ្លងដែន​ខ្មែរ ចំនួន​៣៦២​ច្បាប់​។ 
 
​របាយការណ៍​ដដែល​បាន​បង្ហាញថា ជនអន្តោប្រវេសន៍ ដែល​បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ចំនួន ៣២,៧៣៥ គ្រួសារ ដែលមាន​មនុស្ស​សរុប ១០៣,៣៦៦ នាក់ ក្នុងនោះ​ស្រី​៥០,០៨៤​នាក់​។ ជនបរទេស​ទាំងនេះ មាន​១១​សញ្ជាតិ ដោយ​ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ច្រើនជាងគេ​។ ចំណែក​ជនបរទេស ដែល​បានដាក់​ពាក្យសុំ​ស្នាក់នៅ​អចិន្ត្រៃយ៍ មាន​ចំនួន ៦២,៥៣១​នាក់ ក្នុងនោះ​ស្រី ៣០,១៣៩ នាក់​៕ 
 

Tag:
 ជនអន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com