ជាតិ
សេដ្ឋកិច្ច
ជនបរទេស នឹងត្រូវ​ហាម​ប្រកប​អាជីវកម្ម​តូចៗ ដែល​ប៉ះពាល់​មុខរបរ​ពលរដ្ឋ​ខ្មែរ​
17, Jul 2019 , 5:24 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ​នឹង​ចេញប្រកាស​មួយ​សម្រាប់​ហាមឃាត់​មិន​ឲ្យ​ជនបរទេស​ដែល​មក​រស់នៅ​កម្ពុជា អាច​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ជា​អាជីវកម្ម​តូចៗ​បានឡើយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​មុខរបរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។


 
«​ហាម​ជនបរទេស​មិន​ឲ្យ​ក្រប​កប​មុខរបរ ឬក៏​អាជីវកម្ម​ខ្នាតតូច ដែលមាន​លក្ខណៈ​គ្រួសារ ជា​លក្ខណៈ​រកស៊ី​ខ្លួនឯង ពីព្រោះ​មុខរបរ​ទាំងអស់នេះ ប្រជាពលរដ្ឋ​របស់​យើង​មានលទ្ធភាព​ធ្វើ​ដោយ​ខ្លួនឯង​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ហេង សួរ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៧​ខែកក្កដា​នេះ​។​
 
​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ ឲ្យ​ដឹងថា ក្រសួង​កំពុង​ពិនិត្យមើល​មុខរប​រដែ​ល​ត្រូវដាក់​បម្រាម​នេះ​។ លោក ហេង សួរ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​កំពុង​ពិនិត្យ​ប្រភេទ​មុខរបរ​ជា​សកម្មភាព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​អាជីវកម្ម​ខ្នាតតូច​សម្រាប់​នឹង​ចេញ​នៅពេល​ខ្លី​ខាងមុខនេះ ហើយ​នៅ​ខែសីហា​យើង​នឹង​រៀបចំ​ប្រជុំ​ត្រីភាគី ដើម្បី​ពិនិត្យ​ផ្ដល់​អនុសាសន៍ និង​សម្រេច​ចុងក្រោយ​ទៅលើ​សេចក្ដីព្រាង​ប្រកាស​នេះ​»​។​
 
​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ស្វាគមន៍​ចំពោះ​ចំណាត់​របស់​ក្រសួង ខណៈ​សព្វថ្ងៃ​ជនបរទេស​មួយចំនួន​កំពុងដណ្ដើម​មុខរបរ​តូចៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាចធ្វើ​បាន​។ លោក​ថ្លែង​បែបនេះ​ថា​«​វា​ជាការ​សាទរ​របស់​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ យើង​ឃើញ​ជនជាតិ​ចិន​ដណ្ដើម​មុខរបរ​ខ្មែរ​ច្រើន​មែនទែន​នៅ​ព្រះសីហនុ រាប់​ចាប់ពី​កាត់សក់ រត់​តាក់ស៊ី លក់​ពោត​ស្ងោរ លក់​ចំណីអាហារ​គ្រប់​ប្រភេទ ហើយ​នៅ​សៀមរាប​សូម្បី​តែ​លក់​ទាខ្វៃ ក៏​ចិន​ដណ្ដើម​ដែរ​។ ហើយ​មិនមែន​តែ​ចិន​ទេ ជនជាតិ​វៀតណាម​ក៏បាន​ដណ្ដើម​មុខរបរ​ខ្មែរ​ជាច្រើន​ឆ្នាំ​មកហើយ​»​។ លោក​បន្ត​ដូច្នេះ​ថា​ទៀតថា​៖«​យើង​ប្រទេស​អាស៊ាន ដូចជា​ថៃ​ជាដើម គេ​គ្មាន​ឲ្យ​ពលរដ្ឋ​ក្រៅពី​ថៃ មក​លក់​ប្រសេចប្រសាច​អ៊ីចឹង​ឯណា​»​។​
 
​តែ​ទន្ទឹមនឹងនេះ លោក វន់ ពៅ ស្នើ​ឲ្យ​ប្រកាស​ដែល​ក្រសួង​នឹង​ចេញ​នាពេល​ខាងមុខនេះ ត្រូវតែមាន​យន្តការ​អនុវត្ត​ច្បាស់លាស់ ទើប​មាន​ប្រសិទ្ធភាព​។ លោក​ថ្លែង​យ៉ាងទទូច​ដូចនេះ​ថា​៖«​ពេល​ប្រកាស​នោះ​ចេញមក សូម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ មាន​យន្តការ​ច្បាស់លាស់ បើ​មានតែ​ប្រកាស​ហើយ​អត់​យន្តការ​អនុវត្ត គឺជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​»​។​
 
​លោក វន់ ពៅ អះអាងថា អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា មាន​ចំនួន​លើសលុប បើ​ធៀប​នឹង​អ្នក​ក្នុង​ប្រព័ន្ធ​។ មើល​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ រហូតដល់​៨៥​ភាគរយ​ឯណោះ​ជា​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ មិនមែន​តិច​ទេ ហើយ​កំណើនសេដ្ឋកិច្ច​ក៏បាន​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយចំនួន​ផងដែរ អ៊ីចឹង​ត្រូវ​គិតគូរ​ប្រជាពលរដ្ឋ​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​»៕
 

Tag:
 សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
  អាជីវកម្ម​ខ្នាតតូច​
© រក្សាសិទ្ធិដោយ thmeythmey.com