ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ស្នើសុំ​អ្នកឯកទេស​២​នាក់​ពី​អូស្ត្រាលី ឱ្យជួយ​មើល​ការងារ​វិស័យ​សំណង់​នៅ​កម្ពុជា​
17, Jul 2019 , 9:59 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្តី្រក្រសួងរៀបចំដែនដី​ នគរូបនីកម្ម និងសំណង់ ចាប់ដៃជាមួយ លោកស្រីAngela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៦កក្កដា ឆ្នាំ២០១៩ នៅទីស្តីក្រសួង។
លោក ជា សុផារ៉ា រដ្ឋមន្តី្រក្រសួងរៀបចំដែនដី​ នគរូបនីកម្ម និងសំណង់ ចាប់ដៃជាមួយ លោកស្រីAngela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៦កក្កដា ឆ្នាំ២០១៩ នៅទីស្តីក្រសួង។
​ភ្នំពេញ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើសុំ​ទីប្រឹក្សា ឬ​អ្នកឯកទេស​២​រូប ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ជួយ​មើល​ការងា​វិស័យ​សំណង់​នៅ​កម្ពុជា​។ អ្នកឯកទេស​២​រូប​នៃ​វិស័យ​សំណង់​ដែល​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ស្នើសុំ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​នោះ មាន​មួយរូប​ធ្វើជា​គ្រូ​បណ្តុះបណ្តាល និង​មួយរូប​ទៀត ធ្វើជា​ទីប្រឹក្សាបច្ចេកទេស​សម្រាប់​ប្រចាំការ​ផ្ទាល់​នៅ​ទីស្តីការក្រសួង ដើម្បី​ជា​ជំនួយ​គាំទ្រ​ក្នុងការ​រៀបចំ និង​អនុ​វត្តបទ ប​ញ្ញ​តិ្ត​បច្ចេកទេស​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។​

 
​ការស្នើសុំ​នេះ បាន​ធ្វើឡើង​ចំពោះមុខ លោកស្រី​Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៦​កក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។  នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។​
 
​ក្រៅពី​សំណើ​នេះ លោក ជា សុផារ៉ា ក៏បាន​ស្នើ​លោកស្រី Angela Corcoran ឱ្យជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​អនុញ្ញាតឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង ទៅ​ទស្សនកិច្ច​សិក្សា ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការគ្រប់គ្រង​សុវត្ថិភាព លើ​វិស័យ​សំណង់​ក្នុងប្រទេស​អូស្ដ្រាលី និង​ជួយ​រៀបចំ​ជា​សិក្ខាសាលា សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី​ពាក់ព័ន្ធ ក្នុងប្រទេស​កម្ពុជា​។​
 
​ជាការ​ឆ្លើយតប​នឹង​សំណើ​នេះ លោកស្រី​Angela Corcoran នឹង​ពិនិត្យ​សំណើ​នេះ បន្ទាប់ពី​ទទួលបាន​របាយការណ៍ បេសកកម្ម​ចុងក្រោយ របស់​ទីប្រឹក្សាបច្ចេកទេស​។ លោកស្រី​បាន​មានប្រសាសន៍ថា លោកស្រី​នឹង​ជួបពិភាក្សា​បន្ថែមទៀត ជាមួយ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ពិភាក្សា​ការងារ​លម្អិត ពី​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​យូរ រវាង​ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​រៀបចំ​ដែនដី​៕

Tag:
 សំណង​
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com