ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់​គ្រឿងចក្រ១៥​គ្រឿង​សម្រាប់​ជួសជុល​ថ្នល់​ តម្លៃ​៤.៦​លាន​ដុល្លារ​ឲ្យ​កម្ពុជា​
18, Jul 2019 , 8:59 am        
រូបភាព
ប្រភពរូប បានពីទំព័រហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ប្រភពរូប បានពីទំព័រហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​គ្រឿងចក្រ Stabilizer ចំនួន​១៥​គ្រឿង ដែល​តម្លៃ​សរុប​៥០០​លាន​យ៉េន (​ប្រមាណ​៤.៦​លាន​ដុល្លារ​)  សម្រាប់​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា​។ គ្រឿងចក្រ​នេះ គឺជា​ជំនួយឥតសំណង​លើក​ទី​បី​ក្នុង​«​គម្រោង​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​» ដែលមាន​ចុះហត្ថលេខា ដោយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

 
​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩ រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្តីពី​ហិ​រ​ញ្ញាប្ប​ទាន​របស់​ជប៉ុន​ចំនួន​៣​លើក​ហើយ ដោយ​គិត​នៅត្រឹម ការផ្តល់​ជំនួយ​គ្រឿងចក្រ​សម្រាប់​ជួសជុល​ផ្លូវថ្នល់​នេះ ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​បរទេស នា​ថ្ងៃទី​១៧​កក្កដា ។ 
 
​កាលពី​ថ្ងៃទី​២ កុម្ភៈ កម្ពុជា​បាន​ចុះហត្ថលេខា​លើកទីមួយ ដែល​ទទួល​ជំនួយ​ពី​ជប៉ុន​ប្រមាណ​៤៣.៣៧ លាន​ដុល្លារ ក្នុង​គម្រោង​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម  សម្រាប់​អនុវត្ត​កែលម្អ​-​ស្តារ​ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប និង​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​។ 
 
​ការចុះហត្ថលេខា​លើក​ទី​ពីរ កម្ពុជា​ទទួលបាន​ជំនួយ​ជិត​៥​លាន​ដុល្លារ សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស និង​គម្រោង​សាងសង់​ឃ្លាំង Container Freight Station នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៣១ ខែឧសភា ដែល​ធ្វើឡើង​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ 
 
​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង ចំនួន ១,៩៧២ រយ​លាន​យ៉េន (​ប្រហែល​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​) ប្រាក់កម្ចី ១,១៦៨ រយ​លាន​យ៉េន (​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ជំនួយ​បច្ចេកទេស​ចំនួន ៨៧០ រយ​លាន​យ៉េន (​ជាង​៧៦៤​លាន​ដុល្លារ​)​ដល់​ប្រទេស​កម្ពុជា​៕

Tag:
 គ្រឿងចក្រ​
  ផ្លូវ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com