ជាតិ
សង្គមជាតិ
មន្ត្រី​៖ ជនជាតិ​ចិន ដែល​យកលុយ​គ្មាន​ប្រភព​ច្បាស់លាស់​មក​កម្ពុជា ថា​ដើម្បី​ទិញ​ដី​
17, Jul 2019 , 5:44 pm        
រូបភាព
​ជនបរទេស ដែល​យកលុយ​គ្មាន​ប្រភព​ច្បាស់លាស់ ចូលមក​កម្ពុជា បាន​សារភាពថា ពួកគេ​យកលុយ​ទាំង​នោះមក​ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ 


 
​អគ្គនាយក​ផ្នែក​អន្តោប្រវេសន៍​រូបនេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ជនសង្ស័យ​ទាំង​៩​នាក់ (​ចិន​៧​នាក់ និង​កូរ៉េខាងត្បូង​២ នាក់​) ដែល​អាជ្ញាធរ​បាន​ឃាត់ខ្លួន​នាពេល​កន្លងមកនេះ បាន​សារភាពថា យកលុយ​ទាំង​នោះមក​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការទិញ​ដី​, ទិញ​អចលនទ្រព្យ និងវិ​និ​យោគ​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ជនជាតិ​កូរ៉េខាងត្បូង ២​នាក់​ថា ពួកគេ ស៊ីឈ្នួល​ឲ្យ​ជនជាតិ​ចិន​។ 
 
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា ជនសង្ស័យ​ទាំងនេះ អះអាងថា​លុយ​ទាំងនោះ​ជា​លុយ​ឈ្នះល្បែង​មកពី​ម៉ា​កាវ ប្រទេស​ចិន​។  ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​សួររក​វិក្កយបត្រ​បញ្ជាក់ ពួក​គេ​ថា​មិនមាន ដូច្នេះ​សមត្ថកិច្ច​បា​នស​និ្ន​ដ្ឋា​ន​ជា​ជំហាន​ដំបូង​ថា​ជា​លុយ​ខុសច្បាប់​។ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ថែម​ជាមួយ​សមត្ថកិច្ច​ចិន​នាពេល​បច្ចុប្បន្ននេះ​។ 
 
​បើតាម​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លុយ​ដែល​ចាប់បាន​មាន​ចំនួន​ជាង​៧​លាន​៤​សែន​ដុល្លារ​ហើយ​។ លុយ​ទាំងនោះ ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ប្រភពដើម ថា​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ​៕

Tag:
 ​លុយ​ខុសច្បាប់​
  លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com