អន្តរជាតិ
សហរដ្ឋអាមេរិក​មាន​តួនាទី​កាន់តែ​ធំ​ឡើង​នៅក្នុង​ជម្លោះ​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​
18, Jul 2019 , 7:59 pm        
រូបភាព
រូបភាពពី៖ AFP
រូបភាពពី៖ AFP
ដោយ: VOA
​ជា​ប្រពៃណី សហរដ្ឋអាមេរិក​មាន​ការស្ទាក់ស្ទើរ​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នានា​ដែល​ទាក់ទិន​នឹង​ជម្លោះ​ប្រវត្តិសាស្ត្រ​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ដែល​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

 
​នៅពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​បាន​ទាក់ទិន​នឹង​ភាព​តានតឹង​ខាង​ប្រវត្តិសាស្ត្រ​ឆ្ពោះទៅកាន់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ពេញទំហឹង​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង មាន​សញ្ញាណ​ថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​តួនាទី​សម្របសម្រួល​ដ៏​ធំ​មួយ​។​
 
​អ្នកការទូត​អាមេរិក​ម្នាក់​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង ដែល​បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​នៅ​ដើម​សប្តាហ៍​នេះ បាន​ជួប​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុមមន្ត្រី​កំពូលៗ​របស់​កូរ៉េខាងត្បូង​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល ដែល​នៅ​ទីនោះ លោក​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដ៏​ឆាប់រហ័ស​ដល់​ជម្លោះ​នោះ​។​
 
​លោក David Stillwell ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​និយាយថា «​សហរដ្ឋអាមេរិក​ជា​មិត្ត​និង​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​២ នឹងធ្វើ​អ្វីៗ​ដែល​ខ្លួន​អាច​ដើម្បី​គាំទ្រ​ការ​ខំប្រឹងប្រែង​របស់​ប្រទេស​ទាំង​២​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​
 
​វិបត្តិ​នេះ បាន​ផ្ទុះឡើង​នៅ​ដើមខែ​នេះ​នៅពេលដែល​ជប៉ុន​បាន​រឹតត្បិត​ការនាំចេញ​ឧបករណ៍​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទៅ​កូរ៉េខាងត្បូង​។ ឧបករណ៍​ទាំងនោះ ត្រូវគេ​ប្រើ​ដើម្បី​ផលិត​ឈី​ប (Chip) និង​អេក្រង់​ទូរស័ព្ទ Smartphone និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ដែលមាន​សារៈសំខាន់​ដល់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ការនាំ​ទំនិញ​ចេញ​របស់​កូរ៉េខាងត្បូង​។​
 
​ក្នុងការ​រឹតត្បិត​ការផ្តល់​សំភារៈ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​លើក​ហេតុផល​ពី​មូលហេតុ​សន្តិសុខ​ជាតិ​។ ក៏ប៉ុន្តែ ចំណាត់ការ​នេះ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ជាការ​សងសឹក​ចំពោះ​ការសម្រេច​នៅពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ពលរដ្ឋ​កូរ៉េ​ដែល​ត្រូវគេ​បង្ខំ​ធ្វើការ​ក្នុងអំឡុង​នៃ​ការត្រួតត្រា​តាមបែប​អ​ណា​និគម​របស់​ជប៉ុន​នៅក្នុង​ប្រទេស​កូរ៉េ​។​
 
​ជា​ប្រពៃណី សហរដ្ឋអាមេរិក​មាន​ការស្ទាក់ស្ទើរ​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នានា​ដែល​ទាក់ទិន​នឹង​ជម្លោះ​ប្រវត្តិសាស្ត្រ​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ដែល​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com