អន្តរជាតិ
សភា​អាមេរិក បោះឆ្នោត​ប្រឆាំង​ការលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​តម្លៃ​៨,១​ពាន់​លាន​ដុល្លារ​
18, Jul 2019 , 10:10 am        
រូបភាព
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
​រដ្ឋសភា​អាមេរិក នៅ​ថ្ងៃទី​១៧ ខែកក្កដា បាន​បោះឆ្នោត​ប្រឆាំងនឹង​គម្រោង​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​តម្លៃ​ដល់​ទៅ​៨,១​ពាន់​លាន​ដុល្លារ​ឯណោះ​។ ការបោះឆ្នោត​ប្រឆាំង​នេះ ជាការ​វាយប្រហារ​មួយ​លើ​ទំនាក់ទំនង​អាមេរិក និង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​ក៏បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​មួយផ្នែក​របស់​អាមេរិក​ទៅលើ​ភាពឃោរឃៅ​នៃប្រតិបត្តិ​ការ​របស់​ក​ង​ទ័ព​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន​ផង​។ យ៉ាងណាមិញ លោក ដូ​ណា​ល់ ត្រាំ នឹង​វ៉េតូ​លទ្ធផល​នេះ​មិន​ខាន​។​

 
​ដំណោះស្រាយ​ចំនួន​បី ត្រូវបាន​សភាតំណាងរាស្ត្រ​អាមេរិក​អនុម័ត សំដៅ​ទប់ស្កាត់​គម្រោង​លក់​សព្វាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ដាក់​ប្រទេស​ស្ថានភាព​អាសន្ន​កាលពីដើម​ឆ្នាំ​ដើម្បី​បើកផ្លូវ​ដល់​គម្រោង​លក់​អាវុធ​ដែលមាន​តម្លៃ​ដល់​ទៅ​៨,១​ពាន់​លាន​ដុល្លារ​នេះ​។ ដោយឡែក​ព្រឹទ្ធសភា​អាមេរិក​វិញ បាន​បោះឆ្នោត​ប្រឆាំង​គម្រោង​នេះ​រួចហើយ​។ ដំណាក់កាល​បន្ទាប់ គឺ​ការសម្រេចចិត្ត​របស់លោក ត្រាំ ។​
 
​គេ​រំពឹងថា លោក ត្រាំ នឹង​ទាត់ចោល​ការបោះឆ្នោត​ប្រឆាំង​របស់​សភា​អាមេរិក​។ បើ​បែបនេះ ក្នុងករណី​សភា​មិនអាច​រក​សំឡេង​បាន​ពីរភាគបី​ដើម្បី​បិទផ្លូវ​ទេនោះ គម្រោង​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ នឹង​បន្ត​ដោយ​រលូន​។ 
 
​សំណុំរឿង​ឃាតកម្ម​អ្នកកាសែត Jamal Kashoggi និង​ភាព​សាហាវឃោរឃៅ​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន ជា​មូលហេតុ​សំខាន់​ដែល​សមាជិកសភា​អាមេរិក​មិន​ចង់​ឲ្យ​មាន​ការលក់​អាវុធ​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ទោះ​អ្នកទិញ​ជា​ម៉ូយ​ដុំ​របស់​អាមេរិក​ក្ដី​។ ក្រុម​អ្នក​រិះគន់​លើកឡើងថា ការលក់​អាវុធ​នេះ នឹងធ្វើ​ឲ្យ​សង្គ្រាម​នៅ​យេ​ម៉ែន​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង ខណៈ​វិបត្តិ​មួយ​នេះ​រក​ច្រកចេញ​មិនទាន់​ឃើញ ហើយ​ប្រតិបត្តិការ​របស់​ក្រុមចម្រុះ​ដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត បង្កើតជា​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ទៅទៀត​។​
 
​ប្រធាន​គណៈកម្មាធិការ​ការបរទេស​រដ្ឋសភា​អាមេរិក Eliot Engel និយាយថា បើ​ឃើញ​ពីអ្វី​ដែល​កើតឡើង​នៅ​យេ​ម៉ែន អាមេរិក​ត្រូវតែមាន​ជំហរ​ច្បាស់លាស់​មួយ​។ ទោះជា​ទទួលស្គាល់​គំរាមកំហែង​បង្កដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​ស្និទ្ធ​អ៊ីរ៉ង់​ក្ដី សមាជិកសភា​ជាន់ខ្ពស់​ដដែល​នេះ បញ្ជាក់​ក្នុង​កិច្ចប្រជុំសភា​ទៀត ថា អាមេរិក​ក៏​មិនត្រូវ​មើលមិនឃើញ​ពី​អំពើហិង្សា ក៏ដូចជា​ការសម្លាប់រ​ង្គា​ល​ជន​ស៊ីវិល​នៅ​យេ​ម៉ែន​នោះដែរ​។​
 
​តាម​គម្រោង ក្រុង​វ៉ាស៊ីនតោន​ចង់​លក់​សព្វាវុធ​ចំនួន​២២​មុខ​ដូចជា គ្រឿង​បរិក្ខារ​ថែទាំ​យន្តហោះ និង​អាវុធ​ទំនើបៗ​មួយចំនួនទៀត​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ហ្សកដានី ស្របពេល​ដែល​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​កើនឡើង​។ នៅ​យេ​ម៉ែន ក្រុម​ឧទ្ទាម​ហ៊ូ​ទី ត្រូវបាន​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ដោយហេតុនេះ ទើប​លោក ត្រាំ ក៏​សម្រេចចិត្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដើម្បី​លក់​អាវុធ​ដោយ​មិន​ឆ្លង​សភា​តែម្ដងទៅ​៕  
  

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com